មនុស្ស​​​​​៣១​នាក់​ទៀត​ស្លាប់​​ដោយ​សារ​ជំងឺ​​កូវីដ​១៩ ខណៈ​អាជ្ញាធរ​កម្ពុជា​​បញ្ជា​ទិញ​ក្តារ​ម​ឈូស​​ប្រមាណ​​៣​ពាន់​​ពី​ប្រទេស​ថៃ

រូបឯកសារ៖ រថយន្ត​សង្គ្រោះបន្ទាន់​​របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល​នៅ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអ)

មនុស្ស​ប្រមាណ៣០​នាក់ទៀតបាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ជា​ការ​ព្រួយ​បារម្ភ​បន្ថែម​មួយ​ ខណៈ​អាជ្ញាធរ​បាន​បញ្ជា​ទិញ​ក្តារ​មឈូស​ប្រមាណ​៣​ពាន់​ពី​ប្រទេស​ថៃ សម្រាប់​ទុក​ដាក់​សព​អ្នក​ជំងឺ​កូវីដ​១៩។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ​នៅ​ថ្ងៃ​អង្គារនេះ ​បាន​ឱ្យដឹង​ថា​អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូវីដ​១៩​ មាន​ចំនួន​៣១​នាក់​ ដែល​ធ្វើ​ឱ្យអ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៧៧៩​នាក់។ ចំណែកអ្នក​ឆ្លង​ថ្មី​មាន​ចំនួន​៩៣៥​នាក់ ដែល​នាំ​ឱ្យអ្នក​ឆ្លង​ជំងឺ​នេះសរុប​កើន​ឡើង​ដល់​ជាង​៥៦.០០០​នាក់។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា​មនុស្ស​២៨​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។

លោក ង៉ោ ម៉េងជ្រួន អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ក្តារ​មឈូស​ពី​ប្រទេស​ថៃ​ចំនួន​៣​ពាន់សម្រាប់​ដាក់​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​កម្ពុជា ដែល​មក​ដល់​ថ្ងៃ​នេះ ​គឺ​ទទួល​បាន​ចំនួន​៤០០​ក្តារ​ម​ឈូស​ហើយ។

លោក​ថ្លែង​ថា៖« ពាក់ព័ន្ធ​ទិញ​ក្តារមឈូស​នេះ សម្តេច​អគ្គមហាសេនា​បាន​បញ្ជា​ទិញ​ក្តារមឈូស​ចំនួន​៣​ពាន់​ក្តារមឈូស​សម្រាប់​ទុក​ដាក់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​រងគ្រោះ​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ»។

កាល​ពីសប្តាហ៍​មុន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បា​ន​បញ្ជា​ឱ្យ​យក​ឈើ​ដែល​ចាប់​បាន​ខុស​ច្បាប់​មក​ធ្វើ​ជា​ក្តារមឈូស​សម្រាប់ទុក​ដាក់​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន​ បាន​ណែនាំ​លោក សៅ សុខា ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ ឱ្យយក​ឈើ​ដែល​រឹបអូស​បាន​មក​រៀប​ចំ​ធ្វើ​ក្តារ​មឈូស និងបញ្ជា​ឱ្យក្រសួង​សេដ្ឋកិច្ច​បញ្ចេញ​ថវិកា​ទិញ​ក្តារ​មឈូស​ទុក។

រូបឯកសារ៖ ភ្នាក់ងារសុខាភិបាលចាត់ចែងបូជាសាកសពអ្នកជំងឺកូវីដ១៩ម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

លោក សៅ សុខា មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារ​នេះ​ថា​លោក​កំពុង​ពិនិត្យ​មើល​និង​ពិភាក្សា​ជា​មួយ​អន្តរ​ក្រសួង​ ដើម្បី​ថ្លឹង​ថ្លែងរវាង​តម្លៃ​ក្តារមឈូស និង​តម្លៃ​ឈើ​ប្រណិត​ដែល​ចាប់​បាន។ ​លោកបញ្ជាក់​ថា​ឈើដែល​ចាប់​បាន​កន្លង​មក​ មាន​សរុប​ប្រមាណ​៥​ពាន់​ម៉ែត្រ​គូប។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​យើង​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ផ្ទៀងផ្ទាត់​ឱ្យបាន​ច្បាស់​បន្ថែម​អំពី​ប្រភេទ​ឈើ​ទាំងអស់​នោះ ហើយ​ឈើ​ណា​ដែល​អាច​នឹង​យក​ទៅ​ធ្វើ​ក្តារមឈូស​បាន ហើយ​ឈើ​ណា​មាន​តម្លៃ​ខ្ពស់​ដែល​យើង​ពិនិត្យ​អំពី​បញ្ហា​តម្លៃ​របស់​ឈើ​ ហើយ​និង​តម្លៃ​របស់​ក្តារមឈូស ដើម្បី​ធ្វើ​ការ​ពិចារណា»។

លោកឱ្យដឹង​ទៀត​ថា​ក្រុម​ការងារ​កំពុង​រៀប​ចំ​ឯកសារ​នានា​ ដើម្បី​ដាក់​ទៅរដ្ឋាភិបាល​ ពិនិត្យ​និងសម្រេច​បែង​ចែង​នូវ​ប្រភេទ​ឈើ​ប្រណិតៗ​ទាំង​នេះ។

លោក​បន្ថែម​ថា៖ «ខាង​ក្រុម​ការងារ​ ដើម្បីធ្វើ​សេនាធិការ​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​ប្រាស់​ឈើ​នេះ ជា​ឧទាហរណ៍​ក្តារមឈូស ជូន​កាល​លក់​នៅ​ខាង​ក្រៅ ​គឺ​មាន​តម្លៃ​ថោក​ជាង​ឈើ​ដែល​យើង​មាន​នៅ​ក្នុង​ដៃ​ ដូច​ឈើ​ប្រណិត​អញ្ចឹង ​តម្លៃ​វា​ខ្ពស់។ បរិមាណ​ឈើ​ស្មើ​គ្នា ​ប៉ុន្តែ​បើ​យើង​លក់​ឡៃ​ឡុង​ឈើ​នេះ យើង​អាច​ទៅ​ទិញ​ក្តារមឈូស​បាន​២​ទៅ​៣ ឬ ៤​ក្តារមឈូស។ នេះ​ក៏​ជា​កិច្ចការ​ងារ​ដែល​យើង​បាន​និងកំពុង​គិត​ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​គិត អ្វី​ដែល​យើង​បាន​កំពុង​តែ​ផ្ទៀង​ផ្ទាត់​នេះ ពាក់​ព័ន្ធ​សំខាន់ គឺ​ធ្វើ​ជា​សេនាធិការ​[ដែល​ជា]​តួនាទី​របស់យើងហើយ​ការ​សម្រេច​ជា​ចុង​ក្រោយ​ រាជ​រដ្ឋាភិបាល​លោក​នឹងសម្រេច» ។ ​

លោក​ មាស សុខសេនសាន​ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ប្រាប់​វីអូអេ​ឱ្យទៅ​សួរ​គណៈ​កម្មាធិការប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ​១៩​ ដោយ​លោក​ថា​ក្រសួងសេដ្ឋកិច្ច​ត្រឹម​តែ​ជា​អ្នក​ទម្លាក់​ថវិកា​សម្រាប់​ការ​ទិញ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «រឿង​ចំនួន​ក្តារមឈូស ទាល់តែ​សួរ​ទៅ​គណៈកម្មាធិការ។ បើ​គណៈកម្មាធិការ​គេ​ស្នើ​មក​យ៉ាង​ម៉េច គឺ​អញ្ចឹង​ហើយ។​ ក្រសួង​សេដ្ឋកិច្ច​ត្រៀម​តែ​ថវិកា​ទេ»។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង និង​អ្នកនាំពាក្យ​ក្រសួង​លោក ហុក គឹមចេង បាន​ទេ។

លោក ​យង់​ គិមអេង​ ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍ​និងសន្តិភាព​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​និង​ផ្អាក​បណ្តោះ​អាសន្ននូវ​មុខរបរ​ណា​ដែល​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន ជា​ពិសេស​ការ​ជួប​ជុំ​ផឹក​ស៊ី ដើម្បី​កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។​

លោក​បន្ថែម​ថា​រដ្ឋាភិបាល​ ត្រៀម​ក្តារម​ឈូស​នេះ​ គឺ​ប្រហែល​ជាអ្នក​ជំងឺ​កូវីដ​១៩ច្រើន​ដែលមាន​អាការៈ​ធ្ងន់​ធ្ងរ​ ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​លោក​មើល​ឃើញ​ថា​អ្នក​ស្ថិតក្នុង​អាការៈ​ធ្ងន់ធ្ងរ ប្រហែល​ជា​អាច​ច្រើន​ អញ្ចឹង​ហើយ​បាន​មាន​លក្ខណៈ​ត្រៀម​[ក្តារមឈូស]បែប​ហ្នឹង។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ជាមួយគ្នា​នោះ យើង​ត្រូវ​តែ​ត្រៀម​ និង​រក​វិធីក្នុង​ការ​កាត់​បន្ថយ​អត្រានៃ​អ្នក​ស្លាប់​កុំ​ឱ្យមាន​ការ​កើន​ឡើង​ ហើយ​ការ​ឆ្លង​កុំ​ឱ្យមាន​ការ​កើន​ឡើង។ អញ្ចឹង​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត…ការជួបជុំ​ណា​ដែល​វា​បង្ក​ឱ្យមាន​ហានិភ័យ​ឬ​ផលិត​ផល​ណា​ដែល​វា​មាន​ហានិភ័យ​ ដូច​ជា​ការ​ផឹក​គ្រឿង​ស្រវឹង​... ឬ​ក៏​ជា​ពិធី​ជួប​ជុំ​ដែល​មាន​ការ​ផឹក​ស៊ី​ជាដើម​ គួរតែ​មាន​ការ​ហាម​ឃាត់​កុំ​ឱ្យមាន​ ដើម្បី​ថា​យើង​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​អត្រា​នៃ​ការ​ឆ្លង និង​អត្រា​នៃ​ការ​ស្លាប់»។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា ​(Delta)​ ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង​ក្លា។ ក្រសួង​បញ្ជាក់​ថា​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​នេះ មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ​១៩​បំប្លែង​ខ្លួន​មុនៗ​ប្រហែល​ដល់​ទៅ​១៥​ដង៕