រោងចក្រសហគ្រាសជិត ២០០ អាចខ្វះវត្ថុធាតុដើមក្នុងសង្វាក់ផលិតកម្មដែលធ្វើឲ្យកម្មករជាង ១៦ម៉ឺននាក់ ប្រឈមនឹងការបាត់បង់ការងារ នាដើមខែមីនាខាងមុខ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា រោងចក្រសហគ្រាសប្រឈមបញ្ហាព្យួរការងារ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19។ លោកបន្ថែមថា មកទល់ថ្ងៃនេះ មានរោងចក្រចំនួន ១០ បានស្នើសុំព្យួរសង្វាក់ផលិតកម្មតាមផ្នែកមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករចំនួនជាង ៣០០០នាក់។
ទោះជាយ៉ាងណាក៏ដោយ នៅពេល VOA សួរលោក ហេង សួរ តាមទូរស័ព្ទថា តើមានក្រុមហ៊ុនណាខ្លះដែលកំពុងប្រឈមនឹងការខ្វះវត្ថុធាតុដើម ដោយសារជំងឺឆ្លង COVID-19 និងការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប លោកបានឲ្យដឹងថា រដ្ឋាភិបាលពុំអាចបញ្ជាក់លម្អិតនោះទេ ព្រោះវាប៉ះពាល់ដល់ឈ្មោះរបស់រោងចក្រ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេបន្ថែមតាមសារអេឡិចត្រូនិកថា៖ «ក្រសួងមានតួនាទីដោះស្រាយផលប្រយោជន៍កម្មករ និយោជិតដោយមិនរើសអើង ហើយក៏មិនមានសិទ្ធិបញ្ចេញអត្តសញ្ញាណសហគ្រាសណាមួយដែរ»។
នៅក្នុងសន្និសីទកាសែត លោក ហេង សួរ និយាយថា បច្ចុប្បន្នក្រសួងព្យាយាមដោះស្រាយបញ្ហាដែលប្រឈមទាំងនេះ ដើម្បី«រក្សាស្មារតី និងភាពនឹងនរ»របស់កម្មករកាត់ដេរ។
លោក ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC បាននិយាយថា លោកពុំអាចប្រាប់សាធារណជនឲ្យដឹងបានទេថា រោងចក្រណាមួយ ដែលរងការប៉ះពាល់ ហើយក៏ពុំអាចប្រាប់បានដែរថា ជារោងចក្រផលិតសម្រាប់ទីផ្សារក្នុងស្រុក ទីផ្សារអាស៊ី ឬទៅទីផ្សារអឺរ៉ុប។
លោក ខេន លូ និយាយថា៖ «បើយើងចង់ដឹងឈ្មោះរោងចក្រ ខ្ញុំអត់ប្រាប់ទេ អាហ្នឹងរឿងផ្ទៃក្នុងរបស់គេ។ ខ្ញុំមានឈ្មោះ តែខ្ញុំអត់ប្រាប់ទៅ VOA ទេ។ អាហ្នឹងរឿង Confidential [សម្ងាត់]របស់គេ។ យើងអត់មានសិទ្ធិទាមទារ។ ដូចក្រសួង ក្រសួងមានឈ្មោះតែក្រសួងអត់ប្រាប់ទេ។ អាហ្នឹងរឿងសម្ងាត់របស់គេ»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ប្រាប់ VOA ថា អ្នកស្រីពុំអាចក្តាប់ព័ត៌មានច្បាស់លាស់បានទេថា តើរោងចក្រណាខ្លះកំពុងរងផលប៉ះពាល់។
«ខ្ញុំអត់ទាន់ដឹងដូចគ្នា។ បើសិនណារោងចក្រដាក់ពាក្យព្យួរការងារហ្មង គាត់ដាក់លិខិតទៅក្រសួង អាហ្នឹងរដ្ឋាភិបាលត្រូវនិយាយត្រង់ ហើយមានរឿងអីត្រូវលាក់លៀម?»
អ្នកស្រីបន្តថា៖ «មិនត្រូវមានការលាក់លៀមទេ បើប្រមើលដឹងហើយថា មានរោងចក្រ ១០រោងចក្រ២០អី ដែលអត់មានការងារធ្វើរហូតដល់កម្មករសរុបរាប់ម៉ឺននាក់ហើយ ដែលទទួលរងបញ្ហាប្រឈម ចុះហេតុអ្វីយើងមិនហ៊ាននិយាយឈ្មោះរោងចក្រ? ហើយបើមិននិយាយវាផ្តល់ផលចំណេញអីដល់រោងចក្រ?»
VOA បានសាកសួរមេធាវីអំពីច្បាប់ដែលនិយាយអំពីការបង្ហាញក្រុមហ៊ុនដែលស្នើសុំការព្យួរផលិតកម្ម ហើយពួកគេថា នៅកម្ពុជាពុំមានច្បាប់ចែងអំពីរឿងនោះទេ៕