មនុស្ស​ប្រមាណ​១០០០​នាក់​​បាន​ដើរ​ជាក្បួន​​​ជំរុញ​ឲ្យ​​គោរព​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស

Your browser doesn’t support HTML5

មនុស្ស​ជាង​១០០០​នាក់​ប្រារព្ធខួប​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស

ក្រុម​ប្រជា​ពលរដ្ឋរង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី ​ព្រះសង្ឃ ​ក្រុម​យុវជន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​សមាគម​និស្សិត​បញ្ញវន្ត​និង​សហជីព​កម្មករ​និង​អង្គការ​សង្គម​ស៊ីវិល ​សរុប​ប្រមាណជិត​១០០០​នាក់​បាន​រំឭកអំពី​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​សង្កត់​ធ្ងន់​លើ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការគោរព​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​នេះ។​

ចលនា​របស់​មហាជន​នេះ​ធ្វើ​ឡើង​ចំ​ខួប​លើក​ទី​២៣​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​ដើម្បី​បញ្ចប់​រាល់​ជម្លោះ​ផ្ទៃ​ក្នុង​នៃ​ភាគី​ប្រដាប់​អាវុធ​នានា​និង​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ពហុបក្ស​នៅ​កម្ពុជា​ ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ។​

កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១៨​ក៏​បាន​សំដៅ​លើ​ការ​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការធានា​នូវ​បូរណភាព​ទឹកដី​ និង​ការ​មិនជ្រៀត​ជ្រែក​ពី​ប្រទេស​ជិត​ខាង។​

ក៏​ប៉ុន្តែក្រុម​អ្នក​តវ៉ា​បានលើក​ឡើង​ថា​ រដ្ឋា​ភិបាល​មិន​បាន​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះអ្វី​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ទេ។​ ហើយ​ពួក​គេ​បាន​ទទូច​បន្ថែម​ទៀត​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​បំពេញ​ការ​តព្វកិច្ច​របស់​ខ្លួនក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះគឺ​ចាប់​តាំង​ពី​ព្រឹក​ម៉ោង​៨​ ក្រុម​សកម្មជន​ទាំង​នេះ​បាន​ដង្ហែ​ញ្ញត្តិ​ដាក់​តាម​ស្ថានទូត​ពី​មួយ​ទៅស្ថានទូត​មួយ​ទៀត ​ដោយ​ចាប់​ផ្តើម​ពីស្ថានទូត​បារាំង ​ស្ថានទូត​អាមេរិក​ បន្ទាប់​មក​ទៅ​កាន់មន្ទីរ​រដ្ឋ​សភា ​មុន​នឹង​បន្ត​ទៅ​កាន់​ស្ថានទូត​រុស្ស៊ី ​ទៅកាន់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ហើយមុន​នឹង​បញ្ចប់​ក្បួន​របស់​ខ្លួន​ ក្រុម​ប្រជា​ពលរដ្ឋរង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី ​ព្រះសង្ឃ ​ក្រុមយុវជន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ សមាគម​និស្សិត​បញ្ញវន្ត​ និង​សហជីព​កម្មករ​ និង​អង្គការ​សង្គម​ស៊ីវិល ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ស្ថានទូត​ជប៉ុន ​ឥណ្ឌូនេស៊ី ​និង​បញ្ចប់​នៅ​ស្ថានទូត​ចិន។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ចូលរួម​ក្នុង​ពិធី​នេះគឺ​ជាអ្នក​ដែលបាន​ចូលរួមក្នុង​ដំណើរ​ការ​កសាង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារី​នេះ​មួយ​រូប។​
​លោក​បាន​ពន្យល់​ពី​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារី​ ហើយ​យល់​ឃើញ​ថា​នៅ​មាន​បញ្ហា​មួយ​ចំនួន​មិនទាន់​ដោះស្រាយ​ឲ្យ​ស្រប​តាម​អត្ថន័យ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។​

«ឥឡូវ​មិនទាន់​បាន​ទេ។​ ដូចជា​តុលាការ​ឯករាជ្យ​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារី​ដើម្បី​អនុវត្ត​សិទ្ធិ​មនុស្ស​ឲ្យ​បាន។​ ឥឡូវ​នេះ​តុលាការ​មិន​ឯករាជ្យ​ទេ។​បូរណភាព​ទឹកដី​គឺ​ទាំង​ខាង​សៀម ​ទាំង​ខាងយួន​ក៏​អញ្ចឹង​គឺ​មាន​ការ​ប៉ះពាល់​ដល់​ទឹកដី​របស់​យើង​ ហើយ​យើង​ដោះ​ស្រាយ​មិន​បាន»។​ ​

ក្រុម​សកម្មជន​បាន​លើក​ទង់ជាតិ​នៃ​ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស​និង​កាន់​បដា​ទាមទារ​ឲ្យ​មាន​ការ​គោរព​សា្មរតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​និង​បាន​លើក​ពី​បញ្ហា​អយុត្តិ​ធម៌​ចំពោះ​ជន​រង​គ្រោះ​ដោយសារ​ដីធ្លី។ ​មួយ​វិញទៀត​ ពួក​គេ​បានជំរុញ​ឲ្យ​ប្រទេស​ទាំង​នេះ​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​កិច្ច​ព្រម​ព្រៀង​នេះ។​

លោក​វុន ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ថ្លែង​នៅ​ពី​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដោយ​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​នៅ​កម្ពុជា។​

«គោល​ការណ៍​ទីក្រុង​ប៉ារី​ជំរុញ​ឲ្យ​អនុវត្ត​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​គោរព​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​ជន​រួម​ជាតិ។​ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ឃើញ​ស្រាប់​ហើយ​ថា​ ប្រទេស​កម្ពុជា​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​និង​សិទ្ធិ​ដី​ធ្លី។ ​ហើយ​ថ្មីៗ​នេះ​មាន​ការ​វាយ​ដំ​លើ​ប្រជា​ពលរដ្ឋ​សហគមន៍​ ចាប់​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ។ ​សកម្មជ​ន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ជាប់​ក្នុង​ពន្ធនាគារ ​និង​មួយ​ចំនួន​ទៀត​ថ្វី​ដ្បិត​តែ​នៅ​ក្រៅ​ពន្ធនាគារ​ពិតមែន​ តែ​នៅជាប់​ទោស​ទណ្ឌ​របស់​តុលាការ​កម្ពុជា»។​

នៅ​ពី​មុខ​មន្ទីរ​រដ្ឋសភា​ តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ដែល​ជា​គណៈ​កម្មការ​ទទួល​ពាក្យ​បណ្តឹង ​អង្កេត​និង​ទំនាក់​ទំនង​ព្រឹទ្ធ​សភា ​និងរដ្ឋ​សភា​ បាន​ចេញ​មក​ទទួល​ញ្ញត្តិ​របស់​ក្រុម​ប្រជា​ពលរដ្ឋ។​

លោក​ហូ វ៉ាន់ ​ប្រធាន​គណៈ​កម្មការ​នេះ​ថ្លែង​ថា​ ឯករាជ្យ ​ឯកភាព​ជាតិ​ បូរណភាព​មិន​ទាន់ត្រូវបាន​ពេញ​លេញ​នៅ​ឡើយ​ទេ​ ដោយ​លោក​និយាយ​យោង​ដល់បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

«ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​និង​ថ្មីៗ​នេះ​មាន​ការ​ធ្វើថ្នល់​ចូល​តំបន់​ដាក់ដាំ​ (មណ្ឌលគីរី)។​ ដូច្នេះ​ឃើញ​ថា​ មិន​ទាន់​បាន​អនុវត្ត​បាន​ពេញលេញ​ទេ។​ ហើយ​បញ្ហា​កោះត្រល់​ក៏​យើង​ទាមទារ​ដែរ​ ​គឺ​នៅ​មិន​ទាន់​មាន​បូរណភាព​ទឹកដី​ពេញ​លេញ»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោកស្រី​ឡោ ខេង ​តំណាង​រាស្ដ្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងគាំ​ទ្រ​ការ​រំឭកខួប​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​នេះ។​ ​ប៉ុន្តែ​លោកស្រី​បាន​រំឭក​ពី​គុណ​បំណាច់​នៃ​ថ្ងៃ​ទី​៧​មករា ​ដែល​លោកស្រី​ចង់​និយាយ​ថា ​ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​បង្កើត​ឲ្យ​មានកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី។ ​ត្រង់​ចំណុច​នេះ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ស្រែក​តវ៉ា​ភ្លាមៗ​យ៉ាង​រំពង។​

«មាន​៧​មករា​ទើប​មាន​២៣​តុលា។​ ២៣​តុលា​គឺ​ជា​ថ្ងៃ​ដែល​យើង​មាន​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស»។

ទោះជា​បែប​នេះ​ក្តី​ លោកស្រី​ឡោ ខេង​សន្យា​ថា ​នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​គ្រប់​ភាគី​គោរព​នូវ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​នេះ ​គោរព​សិទ្ធិ​ពលរដ្ឋ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ៕