អង្គការសង្គមស៊ីវិលនិងសហគមន៍ក្នុងស្រុកជាង១០០បានស្នើរួមគ្នាឲ្យទម្លាក់បទចោទប្រកាន់លើសកម្មជនការពារព្រៃឈើលោក ឆន ផល្លា នៅខេត្តរតនគិរីបន្ទាប់ពីសកម្មជនរូបនោះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំកាលពីចុងឆ្នាំ២០២១។
លោកឆន ផល្លា អាយុ៤៣ឆ្នាំរស់នៅក្នុងឃុំសេដាស្រុកលំផាត់ដែលសកម្មក្នុងការតវ៉ាប្រឆាំងការកាប់បំផ្លាញព្រៃឈើត្រូវបានផ្តន្ទាទោសកាលពីខែវិច្ឆិកាឆ្នាំ២០២១ក្រោយពីតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីប្តូរបទចោទប្រឆាំងរូបលោកពីបទ«កាប់គាស់រុករានឆ្ការដុតនិងឈូសឆាយដីព្រៃមកធ្វើកម្មសិទិ្ធ»មក«បទកាប់រានដីព្រៃឈូសឆាយនិងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ដោយយោងតាមច្បាប់ស្តីពីព្រៃឈើ។គិតត្រឹមថ្ងៃទី១១ខែកុម្ភៈនេះលោកឆន ផល្លាបានជាប់ពន្ធនាគារប្រមាណបួនខែមកហើយ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត ចាត់ទុក ថា ការផ្តន្ទាទោសលោក ឆន ផល្លាជាចេតនាបំបាក់ស្មារតីរបស់សកម្មជនការពារព្រៃឈើដែលហ៊ានតតាំងនឹងបុគ្គលប្រព្រឹត្តបទល្មើសព្រៃឈើ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖«ជារឿងមួយដែលបំបាក់ស្មារតីជារឿងគំរាមកំហែងជារឿងបំភិតបំភ័យទៅលើសកម្មជនព្រៃឈើនិងសកម្មជនបរិស្ថានទៅវិញ។អ៊ីចឹងហើយយើងនៅតែធ្វើការទាមទារឲ្យមានការទម្លាក់បទចោទប្រកាន់ទៅលើលោកឆន ផល្លាហើយរួមគ្នាដើម្បីការពារនិងលើកកម្ពស់ទៅលើសកម្មជនព្រៃឈើដែលគាត់ធ្វើការដើម្បីការពារផលប្រយោជន៍របស់ជាតិផលប្រយោជន៍របស់សហគមន៍និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ»។
បើតាមលោកអំ សំអាត លោកឆន ផល្លាមានភាពសកម្មក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងធ្លាប់ចេញមុខប្តឹងបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់និងជំទាស់នឹងមន្ត្រីមូលដ្ឋានមួយចំនួនដែលខកខានមិនបានបំពេញតួនាទីការពារសម្បតិ្តព្រៃឈើ។ លោកបន្ថែមថាតុលាការខេត្តរតនគិរីបានមើលរំលងបណ្តឹងនានារបស់លោកឆន ផល្លា និងសកម្មជនព្រៃឈើផ្សេងទៀត តែបែរជាចាត់ការលើបណ្តឹងប្រឆាំងនឹងលោកឆនផល្លាទៅវិញ។
ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ដែលភាគច្រើនរងគ្រោះដោយជម្លោះដីធ្លីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក ឆន ផល្លាជាសកម្មជនការពារព្រៃឈើនិងធនធានធម្មជាតិជាង១០ឆ្នាំមកហើយ។
បើតាមសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលលោកឆន ផល្លាធ្លាប់រងអំពើហិង្សាពីក្រុមមនុស្សដែលស្និទ្ធនឹងអាជ្ញាធរអំឡុងខែកក្កដាឆ្នាំ២០២០ចំពោះភាពសកម្មក្នុងការរារាំងបទល្មើសព្រៃឈើ។ លោកឆន ផល្លាបានប្តឹងតុលាការខេត្តឲ្យរកជនសង្ស័យដែលប្រើហិង្សាលើរូបលោកប៉ុន្តែតុលាការមិនចាត់ការទេ។
អង្គការសង្គមស៊ីវិលនិងសហគមន៍ដីធ្លីបានលើកឡើងក្នុងន័យដើមថា៖ «យើងខ្ញុំស្នើសុំឲ្យស្ថាប័នតុលាការនិងស្ថាប័នពាក់ព័ន្ធទាំងអស់ទម្លាក់ចោលបទចោទប្រកាន់លើលោកឆន ផល្លានិងដោះលែងលោកឲ្យមានសេរីភាពដោយឥតលក្ខខណ្ឌ» ។ ពួកគេសង្ឃឹមថារដ្ឋាភិបាលនឹងចងចាំកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិ។
លោកឆន ផល្លាត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០២១ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណៈលោកទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនៅឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើតាមអង្គការសង្គមស៊ីវិល។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិរបស់បណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុងយល់ថាសកម្មជនការពារបរិស្ថានក៏ដូចជាសកម្មជនការពារព្រៃឈើជាញឹកញាប់បានរងការគំរាមកំហែងចំពោះភាពសកម្មរបស់ពួកគេក្នុងការអភិរក្សសម្បត្តិធម្មជាតិក្នុងនោះគឺការទប់ស្កាត់មិនឲ្យមានបទល្មើសព្រៃឈើ។
«ក្នុងនាមខ្ញុំជាបុគ្គលិកសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យសិទ្ធិធនធានធម្មជាតិនិងបរិស្ថាន ខ្ញុំស្នើឲ្យតុលាការទម្លាក់ចោលបទចោទនិងឲ្យដោះលែងសកម្មជនការពារធនធានធម្មជាតិរូបនេះឲ្យទទួលបានសិទ្ធិសេរីភាពវិញ ពីព្រោះអីការចូលរួមការពារធនធានធម្មជាតិព្រៃឈើ បរិស្ថានមិនមែនជាអំពើឧក្រិដ្ឋទេ។ ហើយផ្ទុយទៅវិញគឺជាសកម្មភាពដែលការពារប្រយោជន៍របស់ប្រជាពលរដ្ឋការពារប្រយោជន៍ និងធនធានជាតិ»។
ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីលោកកែវ ពិសុទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រថាតុលាការមិនអាចផ្តន្ទាទោសជនជាប់ចោទដោយគ្មានទឡ្ហីករណ៍ច្បាប់ច្បាស់លាស់និងភស្តុតាងនោះទេ។ លោកបន្ថែមថា សកម្មជនការពារព្រៃឈើលោក ឆន ផល្លាមានសិទ្ធិប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្ត។
«គាត់មានសិទ្ធិទៅលើទៀតព្រោះថាតុលាការជាន់ក្រោមគាត់មិនរកយុត្តិធម៌ឲ្យគាត់បានពេញលេញទេមិនសមនឹងគោលគំនិតរបស់គាត់ឬមួយចិត្តរបស់គាត់ចង់បាន គាត់មានសិទ្ធិប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់»។
ប្រតិកម្មទៅនឹងការរិះគន់ថាតុលាការខេត្តរតនគិរីមិនចាត់ការបណ្តឹងរបស់លោកឆន ផល្លា ពាក់ព័ន្ធនឹងករណីហិង្សា មន្រ្តីតុលាការរូបនោះពន្យល់ថាលោក ផល្លា មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រពាក្យបណ្តឹងរបស់គាត់ទេ។
បើតាមសង្គមស៊ីវិល កាលពីកន្លងទៅក៏មានករណីហិង្សាដែលត្រូវគេសង្ស័យថាបង្កឡើងដោយក្រុមមនុស្សដែលស្និទ្ធនឹងអាជ្ញាធរមកលើលោកឆន ផល្លា ខណៈសកម្មជនព្រៃឈើរូបនោះបានចូលរួមបញ្ចេញមតិក្នុងការការពារព្រៃឈើនិងធនធានធម្មជាតិនៅក្នុងវេទិកាមួយដែលរៀបចំដោយអាជ្ញាធរនៅសាលាឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី៕