ចាប់តាំងពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ បានបែកខ្ញែកគ្នា និងភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗ ដើម្បីគេចពីបណ្ដឹងផ្លូវច្បាប់ និងការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា។
ក្នុងនោះ ប្រទេសថៃគឺជាប្រទេសដែលសម្បូរសកម្មជនគណបក្សប្រឆាំងភៀសខ្លួនទៅជ្រកកោនបណ្ដោះអាសន្នច្រើនជាងគេ ដោយសារប្រទេសមានព្រំដែនជាប់កម្ពុជាមួយនេះ មានតម្លៃក្នុងការចំណាយស្នាក់នៅ និងហូបចុកទាប។
លោក ម៉ន ផល្លា អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានតុលាការកំពូលព្យួរសិទ្ធិនយោបាយ។ (កាន់ វិច្ឆិកា/VOA)
កំពុងស្នាក់នៅដោយនិរទេសខ្លួនក្នុងទីក្រុងបាងកកអស់រយៈពេលជាងពីរឆ្នាំមកហើយ លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលើកឡើងថា ក្រៅពីបានគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា ការនិរទេសខ្លួននៅប្រទេសថៃ គឺដើម្បីបន្តការធ្វើសកម្មភាពគាំទ្រគណបក្សប្រឆាំង។
សកម្មជនវ័យ៤៤ឆ្នាំរូបនេះបន្តថា ក្រុមសកម្មជនគណបក្សប្រឆាំងជាង១០០នាក់ កំពុងស្នាក់នៅក្នុងប្រទេសថៃ និងកំពុងធ្វើសកម្មភាពផ្សេងៗ បង្ហាញពីការគាំទ្រគណបក្សសង្គ្រោះជាតិ បើទោះបីជាគណបក្សនេះត្រូវបានតុលាការកំពូលរំលាយជិតពីរឆ្នាំមកហើយក្ដី។
លោក ម៉ន ផល្លា បន្ថែមថា លោក និងសកម្មជនផ្សេងទៀតនឹងអមដំណើរលោក សមរង្ស៊ី ត្រឡប់មកកម្ពុជា ទោះបីជារងនូវការព្រមានចាប់ខ្លួនពីរដ្ឋាភិបាលកម្ពុជា សហការជាមួយអាជ្ញាថៃ។
«យើងខ្ញុំទាំងអស់គ្នា ទី១ ដែលភៀសខ្លួននៅខាងក្រៅប្រទេស គឺថាបានត្រៀមខ្លួនរួចហើយថានឹងវិលត្រឡប់ជាមួយលោកប្រធាន សម រង្ស៊ី នៅថ្ងៃ៩ ខែវិច្ឆិកា ខាងមុខ។ ទី២ មានប្រជាពលរដ្ឋ និងសកម្មជនរបស់យើងដែលយើងបានទំនាក់ទំនងផ្ទាល់ គឺថាមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ រាប់សែននាក់ អាចដល់លាននាក់ ដើម្បីចូលរួមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ី នៅពេលខាងមុខ»។
កាលពីថ្ងៃទី១១ ខែតុលា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយការចេញលិខិតនោះ គេឃើញអង្គភាពព័ត៌មានហ្វ្រេសញូវ ដែលស្និទ្ធនឹងរដ្ឋាភិបាល បានផ្សាយព័ត៌មានមួយថា កម្លាំងនគរបាលកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ ស្វែងរកចាប់ខ្លួនលោក ម៉ន ផល្លា តាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញ។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ ចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
កាលពីខែសីហា លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងដឹកនាំក្រុមមន្ត្រីបក្សប្រឆាំងមួយចំនួននៅក្រៅប្រទេស បានប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកានេះ គឺចំថ្ងៃបុណ្យឯករាជ្យជាតិ ក្រោយពីលោកបាននិរទេសទៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំ។
ការប្រកាសត្រៀមខ្លួនធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនេះ ធ្វើឲ្យសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃមួយចំនួន ប្រកាសត្រៀមខ្លួនអមដំណើរលោកត្រឡប់មកវិញផងដែរ។
ស្របពេលដែលសកម្មជនទាំងនោះប្រកាសត្រៀមខ្លួនចាំទទួល និងអមដំណើរលោក សម រង្ស៊ី ពួកគេក៏បារម្ភថា ពួកគេអាចនឹងត្រូវបានចាប់ខ្លួនមុនពេលដែលដំណើររបស់លោក សម រង្ស៊ី មកដល់កម្ពុជា។
លោក ម៉ន ផល្លា អះអាងថា ក្រុមសកម្មជនគណបក្សប្រឆាំងទទួលបានព័ត៌មានក្រៅផ្លូវការពីមន្ត្រីប៉ូលិសនៅកម្ពុជាថា សមត្ថកិច្ចកម្ពុជាបានផ្ញើលិខិតទៅសមត្ថកិច្ចថៃឲ្យតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងមួយចំនួនពីប្រទេសថៃ ដែលរួមមានទាំងលោកមួយរូបផង ដើម្បីបញ្ជូនទៅកម្ពុជាវិញ។ លោកបញ្ជាក់ថា សកម្មជនមួយចំនួននោះមានឈ្មោះ នាង សុឃុន អូន ពៅ តោ និមល អាត វិចិត្រ ស៊ុំ សីហា គា ច័ន្ទសុភ័ក្រ្ត និង រិន រដ្ឋ។
ចំណែកលោក អូន ពៅ ហៅ ពៅ ករុណា សកម្មជនគណបក្សប្រឆាំងមួយរូបទៀតដែលកំពុងភៀសខ្លួននៅប្រទេសថៃដែរនោះ លើកឡើងថា អាជ្ញាធរនៅប្រទេសថៃបានហាមឃាត់ក្រុមសកម្មជនគណបក្សប្រឆាំង មិនឲ្យធ្វើសកម្មភាពណាមួយនៅលើទឹកដីថៃនោះទេ។ យ៉ាងណាក្តី លោកថា លោកនៅតែបន្តធ្វើសកម្មភាពតាមរយៈបណ្ដាញសង្គម បង្ហាញពីការគាំទ្រ និងត្រៀមអមដំណើរលោក សម រង្ស៊ី មកកាន់កម្ពុជា។
«ពួកយើង ក៏ដូចជាសកម្មជននៅឯក្រៅប្រទេស ពួកយើងត្រៀមខ្លួនរួចហើយ នៅថ្ងៃ៩ វិច្ឆិកា ២០១៩ខាងមុខនេះ។ ពួកយើងនឹងទៅចូលរួមអមដំណើរជាមួយលោកប្រធាន សម រង្ស៊ី នៅថ្ងៃខាងមុខនេះ»។
រូបឯកសារ៖ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត៌៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (VOA)
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA កាលពីសប្ដាហ៍មុនថា សមត្ថកិច្ចកម្ពុជាបានស្នើសុំការសហការពីសមត្ថកិច្ចប្រទេសថៃ តាមចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងគេចខ្លួននៅប្រទេសថៃ ដោយយោងលើការសហការទ្វេភាគី។ យ៉ាងណាក្តីលោកមិនបញ្ជាក់ពីចំនួន និងឈ្មោះរបស់សកម្មជនគណបក្សប្រឆាំងទាំងនោះទេ។
«អាចមានច្រើនជាងហ្នឹងទៀត ហើយអ្នកដែលមកតាមការចាប់ខ្លួនហ្នឹង មានអ្នកខ្លះដូចក្មួយជ្រាបស្រាប់ហើយ យើងឃើញលទ្ធផលជាហូរហែហ្នឹងឯង។ ថៃក៏ថ្លែងនូវការអបអរសាទរជាមួយកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលតែងជួយគាត់ដែរទេ»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំកម្ពុជាបាននៅឡើយទេ។
លោកស្រី Busadee Santipitaks អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានក្រសួងការបរទេសថៃ នៅក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកយកព័ត៌មាននៅក្នុងតំបន់ក្នុងកម្មវិធី Reporting ASEAN នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩។ (កាន់ វិច្ឆិកា/ VOA)
កាលពីថ្ងៃទី១៨ ខែតុលានេះ លោកស្រី Busadee Santipitaks អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានក្រសួងការបរទេសថៃ ឆ្លើយតបសំណួររបស់ VOA ថា អ្នកស្រីមិនមានព័ត៌មានអំពីការស្នើរបស់រដ្ឋាភិបាលកម្ពុជាឲ្យមានការសហការដើម្បីតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនៅឯប្រទេសថៃនោះទេ។
«ខ្ញុំមិនមានព័ត៌មានអំពីសំណួររបស់អ្នកទេ»។
លោក ម៉ន ផល្លា ដែលកំពុងគេចខ្លួនក្នុងប្រទេសថៃប្រាប់ VOA ថា លោកនៅតែត្រៀមខ្លួនសម្រាប់ការអមដំណើរលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ ទោះជាមានដីកាតាមចាប់ខ្លួនលោកពីប្រទេសថៃ។ យ៉ាងណាក្ដី លោកបានអំពាវនាវដល់អង្គការសិទ្ធិមនុស្សអន្តរជាតិអន្តរាគមន៍ និងឃ្លាំមើលករណីរបស់ក្រុមសកម្មជនគណបក្សប្រឆាំងដែលកំពុងស្ថិតនៅប្រទេសថៃ មុននឹងលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរប៉ូលិស ប្រទេសថៃបានរារាំងលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យឆ្លងកាត់ចូលប្រទេសថៃកាលពីថ្ងៃអាទិត្យទី២០ ខែតុលា ខណៈដែលលោកស្រីបានជិះយន្តហោះពីប្រទេសម៉ាឡេស៊ី មកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្នុងប្រទេសថៃ។
រូបឯកសារ៖ លោក អៀ សុផល សាស្ត្រាចារ្យផ្នែកទំនាក់ទំនងការទូត និងអន្តរជាតិ នៃមហាវិទ្យាល័យ Occidental ទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកទំនាក់ទំនងការទូត និងអន្តរជាតិ នៃមហាវិទ្យាល័យ Occidental ទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកលើកឡើងថា ដំណោះស្រាយនយោបាយក្នុងពេលបច្ចុប្បន្នរបស់កម្ពុជាគឺត្រូវ«ផ្ដោតលើការស្រឡាញ់លទ្ធិប្រជាធិបតេយ្យជាជាងការស្រឡាញ់អំណាច»។
រូបឯកសារ៖ សមាជិកមួយចំនួននៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ត្រូវបានតុលាការខេត្តកោះហៅឲ្យបកស្រាយបំភ្លឺលើសកម្មភាពរបស់ខ្លួនដែលបំពានលើសាលក្រមរបស់តុលាការកំពូលដែលបានរំលាយគណបក្សប្រឆាំងមួយនេះ កាលពីឆ្នាំ ២០១៧។
ចាប់តាំងពីដើមឆ្នាំ ២០១៩ មក អ្នកគាំទ្រ និងសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិច្រើនជាង១៦០នាក់ត្រូវបានកោះហៅមកសាកសួរ។ រហូតមកដល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំងចំនួនជាង ៥០នាក់ត្រូវបានចាប់ខ្លួន។ ដោយឡែកសកម្មជនមួយចំនួនទៀតនៃគណបក្សនេះ បានរត់ភៀសខ្លួនទៅក្រៅប្រទេសមុន និងក្រោយពេលតុលាការកម្ពុជាចោទប្រកាន់ពួកគេ៕