មនុស្ស​ជាង​១លាននាក់​ត្រូវ​បាន​​ដក​ចេញ​ពី​​កម្មវិធី​សុខភាព ​Medicaid​ ខណៈ​រដ្ឋ​ជា​ច្រើន​​ ចាប់ផ្តើម​​រឹតបន្តឹង​​ការចុះ​ឈ្មោះ​សុំ​កម្មវិធី​នេះ

លោក​ Gary Rush ថត​រូប​នៅខាងក្រៅ Pennsylvania ក្នុង​ទីក្រុង Harrisburg រដ្ឋ Pennsylvania កាលពីថ្ងៃទី​០៧ មិថុនា ឆ្នាំ២០២៣។

មនុស្ស​ប្រមាណ​ជាង​១លាននាក់​ ត្រូវ​បាន​ដក​ចេញពី​កម្មវិធី​សុខភាព​ Medicaid​ ក្នុង​រយៈពេល២​ខែ​កន្លង​ទៅ​នេះ​ដោយ​សារ​តែ​រដ្ឋខ្លះ​របស់សហរដ្ឋអាមេរិក​ ​បាន​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ ក្នុង​ការ​បញ្ឈប់ការទទួល​សុំកម្មវិធី​សុខភាព​មួយ​នេះ​ ​ក្រោយ​ការ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩មក។​ ​
មនុស្ស​ភាគ​ច្រើន​បំផុត​ត្រូវ​បាន​គេ​ដក​ចេញ​ពី​កម្មវិធី​នេះ​ ដោយ​សារ​មិន​បាន​បំពេញ​ឯកសារ។ បើ​ទោះ​បី​ជាការ​ត្រួត​ពិនិត្យ​សុពលភាព​ដែល​អាច​ទទួល​បាននៅ​ក្រោម​កម្មវិធី​នេះ​ ត្រូវ​តម្រូវ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ក្តី​ ក៏​រដ្ឋបាល​របស់លោកប្រធានាធិបតី​អាមេរិក​ Joe Biden មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាននោះ​ឡើយ​ ពី​ប្រសិទ្ធផល​ដែល​រដ្ឋមួយ​ចំនួន​សម្រេច​បាន​ ជុំវិញ​រឿង​នេះ។​ ​

លោក​ Daniel Tsai​ មន្ត្រី​ជាន់ខ្ពស់ផ្នែក​កម្មវិធី​សុខភាព​ Medicaid សហព័ន្ធ​ បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ថ្មីៗ​នេះថា​៖ «ការ​ជំរុញនិង​ការ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក អាច​ធ្វើ​ឱ្យអ្នក​ដែល​មាន​សុពលភាព​ទទួល​បានកម្មវិធី​នេះ​ ដូច​ជា​ក្រុម​គ្រួសារ​និងកុមារ​ បាត់​បង់ប្រយោជន៍​ក្នុង​រយៈពេល​មួយ​ចំនួន»។

ពលរដ្ឋ​ប្រមាណ​១,៥​លាន​នាក់ ត្រូវ​បាន​គេ​ដក​ចេញ​រួច​ហើយ​ ពី​កម្មវិធី​សុខភាព​ Medicaid នៅ​ក្នុងបណ្តា​រដ្ឋ​ជាច្រើន ដែល​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នេះកាល​ពី​ខែ​មេសា​ឬ​ឧសភា​កន្លង​ទៅ​ ។ ​នេះ​បើ​យោង​ទៅ​លើរបាយការណ៍​មួយ​ចំនួន ដែល​សាធារណជន​អាច​រកមើល​បាន​ និង​ទិន្នន័យ​ ដែល​ទី​ភ្នាក់ងារ​សារព័ត៌​មាន​ The Associated Press ទទួល​បាន។ Florida ​ជា​រដ្ឋ​មួយ​ដែល​បានបដិសេធ​អ្នក​សុំ​ទទួល​កម្មវិធី​សុខភាព​នេះ​ច្រើន​ជាង​គេ​បំផុត​ ក្នុង​ចំណោម​បណ្តា​រដ្ឋ​នានា​ រហូត​មក​ដល់​ពេល​នេះ។ ​

អត្រា​ធ្លាក់​ចុះ​នេះក៏​មាន​ចំនួន​ខ្ពស់​ផង​ដែរនៅ​តាម​បណ្តា​រដ្ឋ​ដទៃ​ផ្សេង​ទៀត។​ ​អ្នក​ដែល​ដាក់​ពាក្យ​សុំ ហើយ​ដែលត្រូវ​បាន​សម្រេច​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ គឺមាន​ចំនួន​ពាក់​កណ្តាល​ឬ​ច្រើន​ជាង​នេះ​ ​មិន​ទទួល​បាន​ការ​យល់​ព្រម នៅ​ក្នុង​រដ្ឋ​ Arkansas, ​Idaho,​ Kansas,​ Nevada, Oklahoma, South Dakota, Utah និង​រដ្ឋ West Virginia។

ដោយ​ឡែក​ក្នុង​រដ្ឋ​ Arkansas វិញ​ ​រដ្ឋ​នេះ​បាន​បដិសេធអ្នក​ដាក់​ពាក្យ​សុំទទួលកម្មវិធី​សុខភាព​ Medicaid​ នេះ​ ​ចំនួន​ប្រមាណ​១៤០.០០០​នាក់។​

ការ​កំណត់​ឡើង​វិញ​ពី​សុពលភាព សម្រាប់​ទទួល​បាន​កម្មវិធី​សុខភាព​នេះ បង្កើត​ឱ្យ​មានការ​ឈឺក្បាល​ខ្លាំង​សម្រាប់អ្នកស្រី Jennifer Mojica ​អាយុ២៨ ឆ្នាំ​ ដែល​ត្រូវ​បាន​គេ​ប្រាប់​កាល​ពី​ខែ​មេសា​ថា​ អ្នក​ស្រីមិន​មាន​សិទ្ធិ​ទទួល​បាន​កម្មវិធី​សុខភាព​ Medicaid នេះ​ឡើយ​ ពី​ព្រោះរដ្ឋ Arkansas បាន​កំណត់ខុស​ថា​ ​ប្រាក់​ចំណូល​របស់​អ្នកស្រីលើស​ពី​ការ​កម្រិតដែល​ត្រូវ​បាន។​

អ្នក​ស្រី​បាន​ដោះស្រាយ​រឿង​នេះ​ចប់​សព្វគ្រប់​ ប៉ុន្តែ​កូនប្រុស​របស់​អ្នកស្រី​ ដែល​មាន​អាយុ​៥​ឆ្នាំ​ ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ការ​ទទួល​បាន​ជា​មួយ​អ្នកស្រី ពី​ព្រោះ​ដោយ​សារតែ​អ្នកស្រី​បាន​សុំ​ឱ្យ​គេ​ដក​ចេញ​ ​ប៉ុន្តែអ្នកស្រីនិយាយ​ថាមិន​ដែល​បានធ្វើ​អ៊ីចឹង​នោះឡើយ។​ បន្ទាប់​មក​កូន​ប្រុសក៏​ទទួល​បាន​កម្មវិធី​សុខភាព Medicaid នេះ​ឡើង​វិញ​ ប៉ុន្តែពេលនេះ​អ្នក​ស្រី​ Mojica ​និយាយ​ថា​ អ្នក​ស្រី​ត្រូវ​បាន​គេ​ប្រាប់​ថា​ ​ប្តី​ លែង​មានសុពលភាពទទួល​បាន​កម្មវិធី​សុខភាពនេះតទៅ​ទៀត​ហើយ។ អ្នក​ស្រី​និយាយ​ថា​ ភាព​មិន​ច្បាស់លាស់​ទាំង​នេះ បាន​ធ្វើឱ្យ​អ្នក​ស្រី​មាន​អារម្មណ៍មិន​សប្បាយ​ចិត្តនោះ​ទេ។​ ​

អ្នក​ស្រីបន្ថែម​ទៀត​ថា​៖ «វា​ដូច​ជាថារឿង​មួយ​ត្រូវ​បាន​ដោះស្រាយ​ចប់​ ស្រាប់​តែ​មាន​រឿង​ថ្មី​មួយ​ទៀត​កើត​ឡើង។ ​គឺ​ដោះ​ស្រាយ​មួយ​ចប់​ ​មួយ​ទៀត​កើត​ឡើង»។

មន្ត្រី​រដ្ឋ​Arkansas និយាយ​ថា​ ពួក​គេ​ព្យាយាម​ ដើម្បី​បន្ត​កម្មវិធី​របស់​អ្នក​សុំជា​ច្រើន​ដោយ​ស្វ័យប្រវត្តិ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​និង​បាន​ធ្វើ​ការងារ​នេះជា​ពិសេស​ សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​កូន​តូចៗ​ក្នុង​បន្ទុក។​ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២១​ ច្បាប់​របស់​រដ្ឋ​ Arkansas ​ បាន​តម្រូវ​ថា​ ការ​កំណត់​ឡើង​វិញ​នូវ​សុពលភាព​សម្រាប់ការ​ទទួល​បានកម្មវិធី​សុខភាព​នេះ​ ក្រោយ​ការ​រាតត្បាត​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៦​ខែ​ ហើយ​រដ្ឋនេះ​នឹងមិន​បន្តផ្តល់​កម្មវិធី​សុខភាព​នេះ​ ​ដល់​បុគ្គលណា​ ដែល​លែងមាន​សុពលភាព​តទៅទៀត​ហើយ។​ នេះ​បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍របស់​មន្ទីរផ្តល់​សេវា​ពលរដ្ឋ​នៃ​រដ្ឋArkansas ​៕​

ប្រែសម្រួល​ដោយ​លោកជ្រា វណ្ណារិទ្ធ​