បញ្ញាវន្តមកពីជុំវិញទ្វីបអាហ្វ្រិកបានជួបជុំគ្នាកាលពីសប្តាហ៍មុននៅទីក្រុងJohannesburg ប្រទេសអាហ្រ្វិកខាងត្បូងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សាកលវិទ្យាល័យអាហ្រ្វិកដើម្បីដោះស្រាយបញ្ហាប្រឈមធំៗទាក់ទងនឹងការអប់រំថ្នាក់ឧត្តមនៅក្នុងប្រទេសអាហ្វ្រិកនាពេលបច្ចុប្បន្ន។ បញ្ហាទាំងនោះមានដូចជាការបាត់បង់អ្នកមានជំនាញ បាត់បង់មូលនិធិ របៀបពង្រឹងការស្រាវជ្រាវ និងរបៀបអភិវឌ្ឍទីក្រុង។ កិច្ចប្រជុំបានទាក់ទងនិស្សិតជាច្រើន។
បញ្ញាវន្តដែលចូលរួមបានឲ្យដឹងថា ការស្វែងរកការអភិវឌ្ឍនៅទ្វីបអាហ្រ្វិកមិនអាចចប់សព្វគ្រប់ឡើយ បើមិនមានការយកចិត្តទុកដាក់លើការរីកចម្រើន និងការប្រឹងប្រែងនៃប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សា។
ក្រុមបញ្ញាវន្តដែលបានមកជួបជុំគ្នានៅចុងខែកក្កដាកន្លងទៅនៅឯសាកលវិទ្យាល័យ Johannesburg បានលើកឡើងថា ចាប់ពីរដ្ឋធានី Cape Town នៃប្រទេសអាហ្រ្វិកខាងត្បូងទៅដល់រដ្ឋធានីគែរ (Cairo) នៃប្រទេសអេហ្ស៊ីបការខ្វះខាតធនធានហិរញ្ញវត្ថុ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការលើសលប់ធ្វើឱ្យកិច្ចការអប់រំដល់សិស្សអាហ្រ្វិកមានការលំបាកជាងអ្វីដែលរំពឹងទុក។
សាស្ត្រាចារ្យផ្នែកវិស្វកម្ម និងជាព្រឹទ្ធបុរសរងសាកលវិទ្យាល័យ Dar es Sallam ក្នុងប្រទេសតង់សានី លោក David Mfinanga បានឱ្យដឹងថាបញ្ហាចំបងនោះគឺជាចំនួនសិស្សដ៏ច្រើន។
«ប្រទេសជាច្រើនកំពុងព្យាយាមបង្កើនចំនួននិស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាព្រោះវាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប៉ុន្តែធនធាននៅមានកំណត់។ដូច្នេះ វាប៉ះពាល់ដល់គុណភាពផងដែរហើយម្យ៉ាងទៀតពួកយើងកំពុងប្រឹងប្រែងរក្សាតុល្យភាពរវាងគុណភាពនិងចំនួន។ នេះក៏ដោយសារតែមានតម្រូវការនិស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្តមច្រើន ប៉ុន្តែអ្នកក៏ត្រូវរក្សាគុណភាពអប់រំខណៈដែលធនធានមានកំណត់»។
លោកស្រី Pinkie Mekgwa ជាបុគ្គលិករដ្ឋបាលនៅសាកលវិទ្យាល័យJohannesburg បាននិយាយថា សាលាជាច្រើនប្រឈមបញ្ហាដទៃទៀតនោះគឺថវិកា។
លោកស្រីបានបន្តថា ដូចសាកលវិទ្យាល័យជាច្រើននៅអាមេរិកដែរ សាកលវិទ្យាល័យនៅអាហ្រ្វិកកំពុងខ្វះថវិកា។ ប៉ុន្តែមិនដូចស្ថាប័នអប់រំអាមេរិកទេស្ថាប័ននៅអាហ្រ្វិកមិនអាចពឹងផ្អែកលើការបង់ថ្លៃសិក្សាដើម្បីបំពេញការខ្វះចន្លោះនេះទេ។ វិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៩ បានធ្វើឲ្យរដ្ឋាភិបាលអាហ្រ្វិកត្បិតត្បៀតការចំណាយ ហើយសាកលវិទ្យាល័យក៏បានរងគ្រោះដែរ។
«យើងឃើញថា ថវិកាមួយចំនួនដែលបានពីរដ្ឋាភិបាលត្រូវបានកាត់បន្ថយហើយស្ថាប័នត្រូវតែរកផ្លូវផ្សេងៗ ដើម្បីបំពេញកង្វះខាតនេះ។ ដូច្នេះខ្ញុំអាចនិយាយថា វាជាបញ្ហាទូទៅ ប៉ុន្តែវាជាបញ្ហាសំខាន់ ដែលអ្នកអាចនិយាយថា វាជាបញ្ហាចម្បងសម្រាប់អភិវឌ្ឍការអប់រំនៅថ្នាក់ឧត្តមសិក្សា»។
លោក Mfinaga និយាយថា ការតស៊ូមតិដើម្បីការអប់រំថ្នាក់ឧត្តមសិក្សាអាចជាឧបសគ្គនៅទ្វីបអាហ្វ្រិកដែលជារឿយៗប្រឈមមុខនឹងបញ្ហាធំៗ ដូចជាសង្រ្គាមគ្រោះទុរិ្ភក្ស ភាពក្រីក្រ និងអស្ថិរភាពនយោបាយ។ ប៉ុន្តែគាត់បន្តថា ស្តង់ដាអប់រំល្អសម្រាប់ការអប់រំកម្រិតសាកលវិទ្យាល័យអាចជាដំណោះស្រាយជាច្រើនក្នុងការឆ្លើយតបបញ្ហាទាំងនោះ។
«អ្នកមិនអាចមានការអភិវឌ្ឍបានដោយមិនបានបង្កើតចំណេះដឹង និងបានផ្ទេរចំណេះដឹងឡើយ។ ប្រសិនបើអ្នកមើលទៅប្រទេសអភិវឌ្ឍន៍ភាគច្រើន ពួកគេត្រូវបានគេទទួលស្គាល់ដោយសារមានសាកលវិទ្យាល័យ និងនិស្សិតបានបញ្ចប់ការសិក្សាប្រកបដោយគុណភាព ហើយនិស្សិតរបស់ពួកគេក៏មានច្រើនដែរ»។
ប៉ុន្តែ លោក Ousmane Sene នាយកមជ្ឈមណ្ឌលស្រាវជ្រាវស្ថិតនៅប្រទេសសេណេហ្គាល់់ (Senegal) បានឲ្យដឹងថា រដ្ឋាភិបាលក៏ត្រូវមើលលទ្ធផលចុងក្រោយរបស់និស្សិតបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យដែរ។ បើរដ្ឋាភិបាលទាំងនោះមិនបង្កើនឱកាសការងារដល់និស្សិត រដ្ឋាភិបាលអាចបន្ថែមបញ្ហាមួយទៀត។
«តើអ្នកនឹងធ្វើអ្វី ប្រសិនបើពួកគេទើបតែចេញពីសាកលវិទ្យាល័យ ហើយពួកគេមិនមានការងារនោះ? វាជាការគំរាមកំហែងមួយយ៉ាងច្បាស់។ នេះជាស្ថានភាពដែលជំពាក់ជំពិននឹងបញ្ហាពិតប្រាកដមួយនៅក្នុងប្រទេសអាហ្រ្វិកដែលមាននិស្សិតរាប់ពាន់នាក់បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ថ្នាក់ក្រោយឧត្តមសិក្សា ហើយមានសមត្ថភាព ឬមានសញ្ញាប័ត្រច្រើនរំពឹងថា បានទទួលនូវអ្វីដែលពួកគេចង់បានពីសង្គម ហើយនិងការចំណាយពេលវេលាជាច្រើនឆ្នាំដោយមិនបានទទួលការងារសមរម្យមួយសោះ។ នេះវាជាបញ្ហាដ៏ជាកលាក់មួយ»។
បញ្ហានេះមិនអាចដោះស្រាយដោយជោគជ័យក្នុងពេលមួយភ្លែតបានទេ។ ប៉ុន្តែបណ្តាបញ្ញាវន្តអាហ្រ្វិកនិយាយថា បញ្ហានេះត្រូវដោះស្រាយឲ្យបានមុនបញ្ហាដទៃនៅក្នុងទ្វីបអាហ្វ្រិក។ ពេលខ្លះ ការដោះស្រាយបញ្ហានេះប្រហែលអាចជួយដោះស្រាយបញ្ហាដទៃទៀតផងដែរ៕
ប្រែសម្រួលដោយ ស៊ូ ពិសែន