កូវីដ១៩​ហក់​ឡើង​មក​វិញ ក្រោយ​បំរាម​និង​វិធានការ​រដ្ឋបាល​ត្រូវ​បាន​បន្ធូរ

រូបឯកសារ៖ បដា​ធំ​មួយ​បង្ហាញ​ពី​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ករណី​ឆ្លង​កូវីដ​១៩​នៅ​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​មាន​សន្ទុះ​ហក់​ឡើង​មក​វិញ​នា​រយៈពេល​១០​ថ្ងៃ​មក​នេះ ខណៈ​វិធាន​ការ​រដ្ឋបាល​ទប់ស្កាត់ ​និង​បំរាម​នានា​ដែល​បាន​ដាក់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​នោះ​ត្រូវ​បាន​បន្ធូរ​បន្ថយ​ជា​បណ្ដើរៗ។

រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បិទ​បញ្ចប់​បម្រាម​គោចរ​ ​ដោយ​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​ក្នុង​«តំបន់​លឿង»​ ​និង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​អាច​បើកដំណើរ​បាន​ជា​ប្រក្រតី​ ថែម​ទាំង​មាន​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ជា​ធម្មតា​ថែម​ទៀត​ផង​ក្នុងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា។​

ជំងឺ​កូវីដ​១៩​ ចាប់​ផ្តើម​មាន​ការ​រីក​សាយ​ភាយ​ខ្លាំង​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ បន្ទាប់​ពី​មាន​ការ​បើក​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នា​នា​ និង​លែង​មាន​ការ​បិទ​ខ្ទប់​ក្នុង​តំបន់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ។

តួ​លេខ​ប្រចាំ​ថ្ងៃ​នៃ​អ្នក​ឆ្លងថ្មីនៃ​ជំងឺ​កូវីដ​១៩​ បាន​ធ្លាក់​ចុះ​ដល់​ចំនួន​៣៣៥​នាក់​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ទី១៥ ​ខែ​ឧសភា ប៉ុន្តែ​ស្ថិតិ​នេះ​បាន​កើនឡើង​ក្រឺតៗ​មក​វិញ​ដល់​ចំនួន​៥៥៦​នាក់​នៅ​ថ្ងៃចន្ទនេះ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​មាន​ដល់​ទៅ​៥៦០​នាក់។ នេះ​បើ​តាម​តួលេខ​ក្រសួង​សុខាភិបាល។

កំណើន​ត្រឡប់​មក​វិញ​នេះ កើត​មាន​ចំ​ពេល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បន្ធូរ​បន្ថយ​វិធានការ​បិទ​ខ្ទប់ ដោយ​ដក​ការ​ដាក់​ជា​«តំបន់​ក្រហម»​ និង​ទុក​តែ​«តំបន់​លឿង»​ និង​«តំបន់​លឿងទុំ»​តាម​បណ្ដា​ខណ្ឌ​នានា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ ការ​លក់​គ្រឿង​ស្រវឹង និង​ការ​ព្រម​ឱ្យ​ចូល​ទទួល​ទាន​អាហារ​តាម​ភោជនីយដ្ឋាន​និង​កន្លែង​លក់​អាហារ​នានា ត្រូវ​បាន​អនុញ្ញាត​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​ឧសភា ​មក​ស្រប​ពេល​នឹង​ការ​លុប​ចោល​បំរាម​គោចរ។​

លោក ម៉េត​ មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​វីអូអេ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ឆ្លងរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ គឺ​មិន​មែន​មក​ពី​ប្រជា​ជន​ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ​បណ្តាល​ឱ្យ​ឆ្លង​ទៅ​បណ្តា​ខេត្ត​នោះ​ទេ ហើយ​ការ​សម្រេច​បន្ធូរបន្ថយ​វិធានការ​រដ្ឋបាល​នានា​ធ្វើ​ឡើង​ដោយសារ​តែ​ស្ថានការណ៍​នៃ​ការ​ឆ្លង​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ភាព​ល្អ​ប្រសើរ។

លោក​បាន​ថ្លែង​ថា​៖ ​

«យើង​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ហើយ​ទើប​ឈាន​មក​ដល់​ដំណាក់​កាល​នេះ​ ហើយ​វិធានការ​មួយៗ​ត្រូវ​បាន​អនុវត្ត​ចេញ​ជា​លទ្ធ​ផល​ ហើយ​នឹង​វាយ​តម្លៃ​ថា​ភាព​ល្អ​ប្រសើរ​ហ្នឹង​វា​មាន​កម្រិត​ណា​ទើប​យើង​ឈាន​ទៅ​ដល់​ការ​សម្រេច​នៅ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ ឬ​ក៏​ដក​នូវ​បំរាម​មួយ​ចំនួន​ផ្សេងៗ​ទៀ​ត​ដើម្បី​ឲ្យ​វា​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រជា​ពល​រដ្ឋ​របស់​យើង​មួយ​ចំនួន​ តាម​លក្ខខណ្ឌ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ​ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ទប់​ស្កាត់​ហ្នឹង​នៅ​តែ​បន្ត​ការ​ទប់ស្កាត់​នៃ​ការ​រីករាល​ដាល​នៃ​កូវីដ​១៩​ដោយ​ឡែក​បញ្ហា​ជីវភាព​ បញ្ហា​សតិ​អារម្មណ៍​ បញ្ហា​ការ​ហូប​ចុក​ ឬ​អ្វី​ផ្សេងៗ​ នៃ​ដំណើរ​ការ​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​របស់យើង​ហ្នឹង ក៏​យើង​បន្ធូរ​បន្ថយ​ទៅ​តាម​ហ្នឹង​បាន​ដែរ»។​

អ្នក​នាំ​ពាក្យ​សា​លា​រាជ​ធានី​ភ្នំពេញ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ប្រ​សិន​បើ​ទាក់​ទង​ទៅនឹង​ករណី​ឆ្លងរីករាល​ដាល​ជា​ថ្មី​ គឺ​លោក​មិន​អាច​វាយ​តម្លៃ​បាន​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា​អ្វី​ៗ​គឺ​បាន​គិត​គូរ​រួច​ជា​ស្រេច​ក្នុង​ការ​បង្ការ​ និង​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ករណី​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ជា​ថ្មី នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​ថា​៖ «រឿង​ទៅ​មុខ​ គឺ​ជា​រឿង​ដែល​យើង​មិន​អាច​វាយ​តម្លៃ​បាន​មួយ​រយ​ភាគ​រយ​ ក៏​ប៉ុន្តែ​គឺ​ថា​អ្វី​ដែល​នឹង​អាច​កើត​ឡើង​ អ្វី​ដែល​មិន​អាច​កើតឡើងសុទ្ធ​តែ​យើង​បា​ន​គិត​គូរ​ សុទ្ធ​តែ​យើង​បា​ន​ខិត​ខំ​អនុវត្ត​នូវ​វិធាន​ការ​ទប់​ដើម្បី​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ទាំង​អស់​ហ្នឹង​បាន​រីក​រាល​ដាល​ បើ​និយាយ​សាមញ្ញ​មិន​ឲ្យ​មាន​ការ​លាប់​សារ​ជា​ថ្មី»។

អ្នក​ឃ្លាំមើល​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​តួលេខ​ឆ្លង​ដែល​នៅ​ខ្ពស់​ ហើយ​បាន​ស្នើ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​ការ​បន្ធូរ​បន្ថយ​បំរាម​លើ​អាជីវ​កម្ម​លក់​សុរា​និង​គ្រឿង​ស្រវឹង​ និង​ការ​បន្ធូរ​បន្ថយ​នានា​ផ្សេង​ទៀត។

អ្នកស្រី​វេជ្ជបណ្ឌិត Li Ailan (លី អាយលែន) តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភព​លោក (WHO) ក៏​បាន​កត់​សម្គាល់​ពី​កំណើន​ហក់​ឡើង​មក​វិញ​នៃ​ចំនួន​ករណី​កូវីដ​ប្រចាំ​ថ្ងៃ​នេះ​ដែរ។

អ្នកស្រី​បាន​សរសេរ​ក្នុង​ទំព័រ​ Twitter​ ផ្លូវការ​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២២ ​ខែ​ឧសភា​ថា៖

«កម្ពុជា​នៅ​បន្ត​រក​ឃើញ​ករណី​ថ្មី​នៃ​កូវីដ​១៩​ក្នុង​ចំនួន​ច្រើន​គួរ​ឱ្យ​សម្គាល់​នៅ​ឡើយ។ គ្រប់​ខេត្ត​ទាំង​អស់​កំពុង​រង​ផល​ប៉ះ​ពាល់។ ការ​ឆ្លង​ថ្មីៗ​ក៏​មាន​សន្ទុះ​កើន​ឡើង។​ បើ​សិន​ជា​មិន​មាន​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នៃ​វិធាន​ការ​បង្ការ​កូវីដ​១៩​នោះ​ទេ យើង​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​កើន​ឡើង​ការ​ឆ្លង​សា​ជា​ថ្មី»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោកស្រី ចក់​ សុភាព មាន​ប្រសាសន៍​ថា ចំពោះ​ការ​បន្ធូរ​បន្ថយ​នេះ បើ​សម្រាប់​អាជីវករ​គឺ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ពួកគាត់​ ប៉ុន្តែ​ក្នុង​នោះ​យើង​ក៏​គួរ​តែ​នៅ​ប្រកាន់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ទាំង​អស់​គ្នា ជា​ពិសេស​សម្រាប់​អ្នក​ប្រកប​អាជីវ​កម្ម​ទាំង​អស់​ហ្នឹង ធ្វើ​ម៉េច​គោរព​ទៅ​តាម​វិធានការណែ​នាំ​របស់​ក្រសួង​សុខាភិបាល។ ​

«ចំពោះ​ការ​បើក​អាជីវកម្ម​នេះ​ទៀត​សោត ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ លោក​គួរ​តែ​ពិនិត្យ​មើល​លក្ខខណ្ឌ ហើយ​ជា​ដំណាក់កាលៗ​ដែរ គួរ​តែ​ពិនិត្យ​មើល​អាជីវកម្ម​ណា​ដែល​ចាំបាច់​បំផុត​នៅ​ក្នុង​ស្ថានភាព​នេះ ដែល​អាច​ទ្រ​ទ្រង់​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ ដូច​ជា​អាហារ​ហូប​ចុក​ ស្បៀង​ជា​ដើម​ហ្នឹង​ ប៉ុន្តែ​ចំពោះ​អាជីវកម្ម​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​អី​នេះ​ ដូច​ជា​មិន​ចាំ​បាច់​នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​នេះ​ទេ ហើយ​វា​រឹត​តែ​បង្ក​ហានិភ័យ​ថែម​ទៀត»។ ​

​លោក​ ស៊ឹង​ សែន​ករុណា មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក​ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា លោក​នៅ​តែ​ព្រួយ​បារម្ភ​ ដោយ​សារ​តួលេខ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្ពស់​នៅ​ឡើយ ដូច្នេះ​រដ្ឋាភិបាល​គប្បី​ពិនិត្យ​មើល​នូវ​មុខ​របរ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ជួប​ជុំ​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹងការ​ទទួល​ទាន​គ្រឿង​ស្រវឹង គួរ​តែ​កុំ​ទាន់​ឲ្យ​មាន​ការ​បើក​អាជីវកម្ម​បែប​នេះ។

លោក​បាន​ថ្លែង​ថា៖

«សម្រាប់​ខ្ញុំ​ ក្នុង​ការ​តាម​ដាន​ព័ត៌មាន​នៃ​ការ​ឆ្លង​ យើង​មើល​ឃើញ​ថា ចំនួន​ដូចជា​មិន​ទាន់​មាន​ការ​ថមថយ​ណាស់​ណា​ទេ គឺ​នៅ​មាន​ចំនួន​ខ្ពស់​នៅ​ឡើយ​ ដូច​ជា​ម្សិលមិញ​យើង​ឃើញ​ហើយ​៥៦០​នាក់​អញ្ចឹង​នៅ​ច្រើន​ណាស់។ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​វា​មាន​ការ​លំបាក​ដែល​សម្រាប់​អ្នក​ដែល​គាត់​រំពឹង​លើ​មុខរបរ​នឹង​អាជីវកម្ម​របស់​ពួក​គាត់​ ប៉ុន្តែ​ចំណុច​សំខាន់​មុខ​របរ​ខ្លះ​គួរតែ​បន្ត​ការ​ហាម​ឃាត់​ដែរ​ ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំ​ ការ​ពិសា​គ្រឿង​ស្រវឹង​ទាំង​អស់​នេះ​ វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ភ្លាំងភ្លាត់​ស្មារតី​ ការ​មិន​បាន​ការ​ពារ​ខ្លួន​តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​ វា​អាច​បន្ត​ឲ្យ​មាន​ការ​ឆ្លង​រោគ​មក​ដល់​ខ្លួន​ ក្រុម​គ្រួសារ​ ឬ​មិត្តភក្ដិ​ផ្សេងៗ​បន្ត​ទៀត»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក​រូប​នេះ​បាន​មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​ដូច​ជា​មិន​ឃើញ​មាន​ការ​ជួយ​គាំ​ទ្រ​ផ្នែក​សេដ្ឋ​កិច្ច​ដល់​អ្នក​ប្រកប​របរ​ដែល​ជួប​ការ​លំបាក​ក្នុង​អំឡុង​ពេល​កូវីដ​នេះ​ដូច​បណ្តា​ប្រទេស​ដទៃ ដែល​វា​បណ្តាល​ឲ្យ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង់​ជំងឺ​កូវីដ​១៩​នេះ​បាន​ល្អ​ប្រសើរ។

លោក​បាន​ថ្លែង​ថា៖

«រដ្ឋាភិបាល ​ប្រសិន​បើ​ចង់​បិទ​នូវ​មុខ​របរ​ទាំង​អស់​ហ្នឹង​ វា​ទាល់​តែ​មានការ​ជួយ​ផ្តល់​នូវ​ថវិកា​ក្នុង​ការ​ខាត​បង់​របស់​ពួកគាត់​កន្លង​មក​ជា​ដើម​ ប៉ុន្តែ​ស្រុក​យើង​ដូច​អត់​ឃើញ​មាន​ការ​ជួយ​នៅ​ក្នុង​រឿង​ហ្នឹង​ទេ​ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ប្រទេស​ផ្សេងៗ កាលណា​គេ​បិទ​ឬ​បិទ​នូវ​វិធាន​ការ​រដ្ឋបាល​របស់​គេ​ណា​មួយ​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង​ ហើយ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត សម្រាប់​យើង យើង​អត់​អញ្ចឹង គឺ​យើង​ពិបាក​ក្នុង​ការ​ហាម​ឃាត់ ឬ​ក៏​បន្ត​ការ​បិទ​ទាំង​អស់​ហ្នឹង​ ​ ដោយ​សារ​តែ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជីវភាព​ នឹង​សេដ្ឋ​កិច្ច​របស់​ពួក​កាត់​ហ្នឹង​ធ្លាក់​ចុះ វា​យូរ​ដែរ​មក​ហើយ»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​ក្រសួង​សុខាភិបាល​ លោក​វេជ្ជ​បណ្ឌិត ​ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល និង​លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ ដែរ​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​នោះ​ទេ។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​ បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៥៥៦​ករណី​នៃ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​នាំ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​ជំងឺនេះ​មាន​រហូត​ដល់​២៥.៧៦១​នាក់៕