រដ្ឋាភិបាលគ្រោងនឹងបង្កើតក្រុមការងារពិសេសត្រីភាគីមួយសម្រាប់ជជែកស្វែងរកដំណោះស្រាយការដំឡើងប្រាក់ខែឆ្នាំ២០១៥ សម្រាប់ក្រុមកម្មកររោងចក្រ។ នេះបើយោងតាមលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃអង្គារនេះ។
លោក អ៊ិត សំហេង ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះ ក្រោយពីបានចូលបំភ្លឺដល់គណៈកម្មការទី៨នៃរដ្ឋសភាជុំវិញដំណោះស្រាយជម្លោះក្នុងរោងចក្រ CWKH។
ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង នៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនជាង៦០ម៉ឺននាក់។ ពួកគេបានទាមទារការដំឡើងប្រាក់ខែអប្បបរមា ឬ ប្រាក់ខែមូលដ្ឋានឲ្យដល់ចំនួន១៧៧ដុល្លារអាមេរិក។ ការតវ៉ានេះធ្វើឡើងចាប់តាំងពីចុងឆ្នាំ២០១៣ មកម្ល៉េះ ហើយរហូតមកទល់ពេលនេះ ភាគីថៅកែរោងចក្រយល់ព្រមដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន១១០ដុល្លារក្នុងមួយខែ រីឯក្រុមសហជីពទាមទារការដំឡើងប្រាក់ខែនេះឲ្យបានតិចបំផុតក៏១៥០ដុល្លារក្នុងមួយខែដែរ។
លោកអ៊ិត សំហេងថ្លែងថា ក្រុមការងារពិសេសនេះមកពីភាគីសហជីព ភាគីថៅកែរោងចក្រ និងភាគីខាងរដ្ឋាភិបាល។
«ចាប់ពីថ្ងៃទី២០(ខែតុលា)ទៅ ក្រសួងនឹងបង្កើតឲ្យមានក្រុមការងារសម្រាប់ជជែកជាលក្ខណៈត្រីភាគី ដែលមានតំណាងខាងសហជីពពាក់ព័ន្ធ៩នាក់ ខាងនិយោជក៩នាក់និងខាងតំណាងរដ្ឋាភិបាលចំនួន៩នាក់»។
មានសហជីពចំនួនប្រាំបីកំពុងធ្វើការទាមទារការដំឡើងប្រាក់ឈ្នួលឲ្យកម្មកររោងចក្រចំនួន៧យ៉ាងចម្រូងចម្រាស់។ ពួកគេនឹងត្រូវជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺលោកអ៊ិត សំហេងនៅថ្ងៃព្រហស្បតិ៍ទី១៦ខែតុលានេះដើម្បីស្វែងរកដំណោះស្រាយលើការទាមទារនេះ។
ដោយឡែកការសម្រេចជាផ្លូវការលើការដំឡើងប្រាក់ខែកម្មករនឹងធ្វើឡើងនៅខែវិច្ឆិកា។
លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលជាគណៈកម្មការទី៨របស់រដ្ឋសភា។
លោកស្រីបញ្ជាក់ថា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីអ៊ិត សំហេងនៅព្រឹកថ្ងៃអង្គារនេះ លោកស្រីបានលើកពីតម្រូវការដំឡើងប្រាក់ខែនេះ ជាពិសេសតម្រូវការរបស់ក្រុមសហជីព។
«សំណូមពរពីខាងសហជីពយើងបានជំរាបជូនឯកឧត្តមរដ្ឋមន្ត្រីអស់ហើយ។ ហើយឯកឧត្តមរដ្ឋមន្ត្រីលោកនឹងព្យាយាមជជែកគ្នានៅខែវិច្ឆិកាខាងមុខនេះក្នុងនាមសហជីពជាមួយនឹងថៅកែរោងចក្រ»។
ជាមួយគ្នានេះដែរ លោកអ៊ិត សំហេងលើកឡើងថា ក្រុមសហជីពដែលជាភាគីតំណាងផលប្រយោជន៍ឲ្យកម្មករ និងក្រុមថៅកែរោងចក្រនៅមានជំហរឃ្លាតគ្នាច្រើន ហើយត្រូវការពេលវេលាចរចាបន្ថែមទៀត។
កាលពីសប្តាហ៍មុន លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានអះអាងថា នៅមុនពេលដែលមានការសម្រេចជាផ្លូវការក្នុងការផ្តល់ប្រាក់ខែអប្បបរមាដល់ក្រុមកម្មករនៅខែក្រោយ ក្រុមសហជីពនឹងធ្វើយុទ្ធនាការជាប្រចាំដើម្បីបង្ហាញពីការទាមទារការដំឡើងប្រាក់ខែនេះ។ យុទ្ធនាការនេះបានធ្វើរួចម្តងហើយកាលពីខែមុន។
អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា ILO បានរកឃើញកាលពីពេលថ្មីៗនេះថា ក្រុមកម្មកររោងចក្រជាង៤០ភាគរយមានជំងឺឈាមចុះខ្សោយ ស្លេកស្លាំងដោយសារមានរបបអាហារមិនគ្រប់គ្រាន់។ ហើយមានតែកម្មករប្រមាណ៣ភាគរយតែប៉ុណ្ណោះដែលមានអាហារមានជីវជាតិគ្រប់គ្រាន់សម្រាប់បរិភោគ៕