ករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើងនៅតាមពន្ធនាគារ រហូតដល់រាប់រយករណី ដែលក្នុងនោះ ក៏មានករណីស្លាប់ស្រ្តីម្នាក់ដោយសារជំងឺកូវីដ១៩នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមនៃការឆ្លងរាលដាលខ្លាំង។
ពន្ធនាគារនៅកម្ពុជាត្រូវបានក្រុមសិទ្ធិមនុស្សបង្ហាញក្តីព្រួយបារម្ភពីភាពចង្អៀតណែនខ្លាំងនិងលទ្ធភាពខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសកម្ពុជាកំពុងប្រឈមការឆ្លងខ្លាំងក្លា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក។
បន្ទាប់ពីពន្ធនាគារក្នុងខេត្តព្រះសីហនុដែលត្រូវបានរាយការណ៍ពីករណីឆ្លងដំបូងគេមានអ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ខេត្តកណ្តាល និងចុងក្រោយនេះ នៅក្នុងខេត្តកំពង់ស្ពឺ ក៏ត្រូវបានរាយការណ៍ថាឆ្លងជំងឺកូវីដ១៩ផងដែរ។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកបានផ្តល់របាយការណ៍ស្តីពីស្ថានភាពនិងតួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារទៅកាន់រដ្ឋបាលខេត្តនិងក្រសួងពាក់ព័ន្ធ ប៉ុន្តែលោកបានបដិសេធមិនប្រាប់ចំនួននាពេលនេះដោយបង្វែរសំណួរទៅកាន់រដ្ឋបាលខេត្តកណ្តាលវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងទេ គាត់[សារព័ត៌មាន]បានលេខពីការយកមកចុះអាហ្នឹងរឿងរបស់គាត់។ ខ្ញុំអត់ដឹងទេ។ ការងារហ្នឹងខ្ញុំអត់ដឹងដែរពីព្រោះការងារខ្ញុំគ្រប់គ្រងតែសន្តិសុខទេ តែរឿងពាក់ព័ន្ធនឹងការងារព្យាបាល ហ្នឹងខាងសុខាភិបាល។ អញ្ចឹងគឺពេលដែលយកមកហ្នឹង ខាងសុខាភិបាល គេអ្នកទៅពិនិត្យ។ អញ្ចឹងលទ្ធផលបែបណាមានខាងសុខាភិបាលហើយគេដឹងច្បាស់។ ហើយចំពោះខ្ញុំគិតថា ធ្វើម៉េចធានាឲ្យបាននូវកិច្ចការងារគ្រប់គ្រងសន្តិសុខទេបាទ»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថាអាជ្ញាធរបានយកសំណាករបស់អ្នកជាប់ឃុំដែលសង្ស័យទៅធ្វើតេស្តនិងត្រួតពិនិត្យអគារពន្ធនាគារទាំងមូល។ លោកបន្តថាអ្នកជាប់ពាក់ព័ន្ធត្រូវបានដាក់ឲ្យនៅដោយឡែក ដើម្បីតាមដាននិងផ្តល់ការព្យាបាល។
លោកថ្លែងថា៖ «យើងយកតែចំណែកណាដែលមានការពាក់ព័ន្ធនឹងការឆ្លងព្រោះអគារវាខុសៗគ្នាហើយអ្នកទោសគឺអត់ដូចយើងប្រជាជននោះទេ។ ប្រជាជនគាត់ដើរឡើងដើរចុះ ដល់អ្នកទោសគាត់នៅឯណានៅហ្នឹង។ អញ្ចឹងអគារណាដែលវាមានបញ្ហាប្រឈមយើងយកមើលតែអគារហ្នឹងទៅរួចរាល់ហើយ»។
ទោះជាយ៉ាងណា អភិបាលខេត្តរូបនោះក៏បដិសេធមិនផ្តល់ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាលដែលបានឆ្លងកូវីដ១៩ ដោយថាពេលនេះកំពុងស្ថិតនៅ«ដំណាក់កាលព្យាបាលនិងគ្រប់គ្រងសុវត្ថិភាព»នៅឡើយ។ លោកបញ្ជាក់ថារហូតដល់ពេលលែងមានអ្នកឆ្លងជំងឺកូវីដ១៩ ទើបរដ្ឋបាលខេត្តអាចបញ្ចេញតួលេខនៃអ្នកឆ្លងជំងឺ។
សារព័ត៌មានក្នុងស្រុក Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលបានរាយការណ៍ថាគិតមកត្រឹមថ្ងៃច័ន្ទ ទី៣១ ខែឧសភា អ្នកជាប់ឃុំនិងមន្រ្តីពន្ធនាគារខេត្តកណ្តាលចំនួន៣៦៩នាក់ហើយ ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩។
វីអូអេមិនអាចសុំការឆ្លើយតបពីលោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបាននៅឡើយទេនៅថ្ងៃអង្គារនេះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់VOAនៅថ្ងៃអង្គារនេះថាមានអ្នកទោសជាស្រ្តីម្នាក់វ័យជាង៦០ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈអ្នកទោសរូបនោះមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។ លោកបន្ថែមថានាពេលបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំជាង១០០នាក់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺបានឆ្លងជំងឺកូវីដ១៩។
បើតាមអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរពន្ធនាគារបានបែងចែកអ្នកទោសជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ពីអ្នកទោសដទៃទៀត ដើម្បីបញ្ចៀសការឆ្លងរាលដាលបន្ត។ លោកបញ្ជាក់ថាដោយហេតុថាអគារពន្ធនាគារមានទំហំតូច ការរក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ កំពុងជាបញ្ហាមួយផងដែរ។
លោកថ្លែងថា៖ «យើងធ្វើអត់បានត្រង់ចំណុចហ្នឹងដោយសារតែអគារហ្នឹងវាតូចអញ្ចឹងយើងមិនអាចរក្សាគម្លាតបីកុំបីការពារតាមលោកបានទេ។ យើងអាចអនុវត្តដូចថាលាងដៃលាងអី អញ្ចឹងបាន។ តែចំណុចរក្សាគម្លាតនៅក្នុងពន្ធនាគារយើងរក្សា[មិន]បាន ដូចថាទីតាំងយើងវាតូចដែរ។ អញ្ចឹងយើងបានបែងចែកអ្នកដែលរកឃើញថាវិជ្ជមានកូវីដ ឬក៏សង្ស័យ យើងដាក់មួយកន្លែងទៅ។ អ្នកដែលអត់មានយើងដាក់មួយចំហៀងទៅ។ អាហ្នឹងយើងគ្រាន់តែបែងចែកអញ្ចឹង ហើយជំរុញឲ្យគាត់ធ្វើអនាម័យ»។
អភិបាលខេត្តកំពង់ស្ពឺឲ្យដឹងបន្ថែមថានាពេលបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងពិភាក្សាពីលទ្ធភាពនៃការផ្តល់វ៉ាក់សាំងបង្ការដល់អ្នកជាប់ឃុំផងដែរ។
ខណៈករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើងនៅតាមពន្ធនាគារមួយចំនួន អង្គការអន្តរជាតិនិងសង្គមស៊ីវិលបានអំពាវនាវឲ្យមានការកែសម្រួលភាពចង្អៀតណែននៅតាមពន្ធនាគារ ដែលមានអ្នកជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសកម្ពុជាប្រមាណ៤ម៉ឺននាក់។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថានេះជារឿងគួរឲ្យព្រួយបារម្ភ ដោយសារករណីឆ្លងជំងឺកូវីដ១៩នៅតាមពន្ធនាគារបន្តកើនឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកស្រីជំរុញឲ្យមានការយកចិត្តទុកដាក់លើសុខភាពរបស់អ្នកជាប់ឃុំ ដើម្បីធានាថាពួកគេមិនឆ្លងជំងឺកាចសាហាវនេះ។
អ្នកស្រីថ្លែងថា៖ «បញ្ហានៃការយកចិត្តទុកដាក់មកលើសុខមាលភាព ហើយនិងសិទ្ធិទទួលបានសុខភាពសាធារណៈរបស់អ្នកដែលជាប់ពន្ធនាគារនេះ គឺជាសិទ្ធិមួយចាំបាច់ដែរ ដែលអាជ្ញាធរលោកត្រូវពិនិត្យអំពីលទ្ធភាពរបស់ខ្លួននៅក្នុងការឆ្លើយតបជាពិសេសនៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៅក្នុងពន្ធនាគារនេះ»។
ប្រធានអង្គការសិទ្ធិមនុស្សរូបនោះក៏ជំរុញឲ្យមានការចែករំលែកព័ត៌មានចាំបាច់មួយចំនួន ជាពិសេសសម្រាប់ក្រុមគ្រួសារ ឬក៏សាច់ញាតិរបស់អ្នកជាប់ឃុំ។
មកទល់ពេលនេះ ពន្ធនាគារយ៉ាងតិចចំនួន៥ហើយ ត្រូវបានរាយការណ៍ថាមានការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានពន្ធនាគាររាជធានីភ្នំពេញ (PJ) ពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១សម្រាប់អ្នកជាប់ឃុំបុរស ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តកណ្ដាលនិងពន្ធនាគារខេត្តកំពង់ស្ពឺ។
របាយការណ៍រួមរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចំនួន២ គឺអង្គការ Amnesty International និង Human Rights Watch បានដាក់ការសង្ស័យនិងអះអាងថាអ្នកជាប់ឃុំរាប់រយនាក់ផ្សេងទៀតនៅពន្ធនាគារខេត្តព្រះសីហនុនិងរាជធានីភ្នំពេញ (PJ) ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩។ ក៏ប៉ុន្តែអង្គការទាំង២នេះមិនបានផ្តល់តួលេខជាក់លាក់នៃករណីឆ្លងក្នុងពន្ធនាគារទាំង២នេះទេ។
កន្លងទៅ អង្គការអន្តរជាតិទាំងនេះ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញនូវតួលេខពិតប្រាកដនៃអ្នកជាប់ឃុំដែលត្រូវបានរកឃើញថាមានជំងឺកូវីដ១៩។ ពួកគេក៏ស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងជាបន្ទាន់អ្នកជាប់ឃុំដែលរង់ចាំការកាត់ទោសនិងអ្នកដែលអាចមានសិទ្ធិទទួលបានការដោះលែងឲ្យបានស្ថិតនៅក្រៅឃុំ ក៏ដូចជាអ្នកជាប់ឃុំទាំងឡាយណាដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់៕