តុលាការ​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បី​នាក់​ទៀត​ក្នុង​សំណុំរឿង​ហិង្សា​សួន​ប្រជាធិបតេយ្យ

  • នៅ វណ្ណារិន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មន្ត្រី​ប៉ូលិស​នាំ​ខ្លួន​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥។ ​តុលាការ​កម្ពុជា​​​កាល​ពី​ថ្ងៃ​ពុធ​បាន​​ដាក់​ទោស​សកម្មជន​បក្ស​ទាំង​ពីរ​រូប​​ពី​​រឿង​បាតុកម្ម​កាល​ពី​មួយ​ឆ្នាំ​មុន​នៅ​ទី​លាន​ប្រជាធិបតេយ្យ។

កាល​ពីថ្ងៃ​ទី២១​ខែកក្កដា​កន្លង​ទៅ​​តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​ដាក់​ទោស​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ ឱ្យ​ជាប់​ពន្ធនា​គារ​ពី​៧​ដល់​២០​ឆ្នាំ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បី​រូប​ត្រូវ​បាន​ចាប់ឃុំ​ខ្លួនបណ្តោះ​អាសន្នជា​បន្ត​បន្ទាប់​នា​ថ្ងៃពុធ​នេះ​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​រំដោះទីលាន​ប្រជាធិបតេយ្យ​កាល​ពីថ្ងៃទី​១៥ ខែ​កក្កដា​ឆ្នាំ​២០១៤។​ ​ការ​ចាប់​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កាលពី​ថ្ងៃច័ន្ទ។

​លោក​ អ៊ូ ច័ន្ទឫទ្ធិ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា​សកម្មជន​ទាំងបី​នាក់​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម៥​រូប​ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចេញ​ដី​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាល​ពីឆ្នាំមុន​នោះ។​ ​លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ការ​ចាប់​ខ្លួន​នេះផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាងគណបក្ស​ប្រជា​ជនកម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ៖

«ការ​ចាប់​ខ្លួន​នេះទី១​វា​ខុស​នឹងកិច្ច​ព្រម​ព្រៀង​គ្នា​ខែ​កក្កដា​២០១៤​ រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ​ដែលយើង​ព្រមព្រៀង​គ្នា​ថា​នឹង​ ​បញ្ឈប់ ការ​គំរាម​កំហែង​ ​ការ​ចាប់​ខ្លួន​ គ្រប់​សព្វ​បែប​យ៉ាង​នេះ។ ទី២​ យើង​ឃើញ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មាន​ប្រសាសន៍ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចាប់​ខ្លួន​នឹង​ ​ចាប់ខ្លួននេះ​ ឲ្យ​ចាប់​ខ្លួន​អ្នក​ដែល​នៅទីលាន​ប្រជាធិបតេយ​ហ្នឹង​ បន្ទាប់​មក​យើង​ឃើញ​ថា​មាន​ការ​ចាប់​ខ្លួន​តាម​អ្វី​ដែល​លោក​មាន​ប្រសាសន៍​»​។​

លោក​ អ៊ូ ច័ន្ទឫទ្ធិ​បាន​បន្ត​ថា​ប្រធានគណបក្ស​របស់​លោក​គឺ​លោក​សម រង្ស៊ី​ដែល​ស្ថិត​នៅ​ឯក្រៅ​ប្រទេស​ និង​លោក​កឹម សុខា​ នឹង​បន្ត​ប្រើប្រាស់​វប្បធម៌​ស​ន្ទនា​បន្ត​ទៀត​ដើម្បី​ឈាន​ដល់​ការ​ដោះ​លែង​សកម្មជន​របស់​គណបក្ស​ខ្លួន​។​

កាល​ពីថ្ងៃ​ទី២១​ខែកក្កដា​កន្លង​ទៅតុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​ដាក់​ទោស​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ ឱ្យ​ជាប់​ពន្ធនា​គារ​ពី​៧​ដល់​២០​ឆ្នាំ​ទាក់​ទង​នឹង​សំណុំ​រឿង​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិប​តេយ្យ​នេះ​ដែរ។​

​ការ​ដាក់​ទោស​នេះគឺ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពេល​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២ពាន់​នាក់​ ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នា​ខេត្ត ​ស្វាយរៀង​ ដែល​ធ្វើ​ឲ្យ​បញ្ហា​ព្រំ​ដែន​និង​បញ្ហា​នយោ​បាយ​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​មាន​ភាព​ល្អក់កករ​ឡើង​វិញ​។​

មេធា​វី​របស់​តំណាង​ក្រុមស​ម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សំ សុខគង់ ​បាន​ឲ្យ​ដឹង​ថា​ចៅ​ក្រម​ស៊ើប​សង្កេត​នា​តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​កូន​ក្តី​ទាំង​បី​រូប​របស់​លោកនៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃសដើម្បី​ស៊ើប​សួរ​បន្ត​ទៀត​។​ ​ក្នុង​នោះ​សកម្មជន​២រូប​ត្រូវ​បាន​ចាប់​ខ្លួន​នា​ ​រាត្រី​ថ្ងៃ​អង្គារនិង​១រូប​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នា​ល្ងាច​ថ្ងៃពុធ​នេះ។​ ​លោក​មេធា​វីរូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែ​រ​ថា​ក្រុម​សកម្មជន​ដែល​ត្រូវ​ចាប់​ខ្លួន​រួម​មាន​ លោក​រឿន​ ចិត្រា​ អាយុ​ ២៨​ យុន គឹមហួរ​ ៣៣ និង​លោក​ យាថុង​ អាយុ៤៣​ ឆ្នាំ។​ ​

«ចំពោះ​ខ្ញុំ​ជា​មេធាវី​របស់​គាត់​ ខ្ញុំ​យល់​ថា​ការ​ឃុំ​ខ្លួន​នេះ​គឺ​វា​មិន​ទាន់មានលក្ខណៈ​មួយ​ត្រឹមត្រូវ​ទេ​ព្រោះ​បើ​យើង​យល់​ពី​សិទ្ធិ​នៃ​ជនជាប់​ចោទ​គឺ​ជន​ជាប់​ចោទត្រូវមាន​សេរីភាព​»​។​

លោក​បាន​បន្ត​ទៀត​ថា​៖​«ការ​ចាប់​ខ្លួន​ខ្ញុំ​មើល​ទៅ​គឺ​ហាក់បី​ដូច​ជា​មាន​ការ​គ្រោង​ទុក​និង​ប្រុង​ប្រៀបមុន​ហ្នឹង​ណា​ ព្រោះ​ថា​ដីកា​ចាប់​ខ្លួន​ធ្វើ​នៅ​ថ្ងៃ​ទី៤​ ខែសីហា​ ហើយ​មាន​ការ​ចាប់​ខ្លួន​ពួក​គេ​ពីរ​នាក់​ហ្នឹង​នា​ថ្ងៃ​ដូចគ្នា​»។

លោក​បាន​បញ្ជាក់​ថា​កូន​ក្តី​របស់​លោក​មិន​បាន​ចូល​រួមប្រព្រឹត្ត​អំពើរ​ហិង្សា​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ។​

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​លោក​ ហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ខ្លួនអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី ​រំដោះទីលាន​ប្រជាធិបតេយ្យមក​ដាក់​ទោស​ទណ្ឌ​។ ក្នុ​ងនោះ​លោក​ក៏​បាន​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្ត្រី​ចំនួន​៧រូប​ចូលបំភ្លឺ​តុលា​ការ​តាម​ការកោះ​ហៅ​របស់​តុលាកា​ផង​ដែរ​។ ​

​លោក​ ហ៊ុនសែនបាន​ថ្លែង​ក្នុង​ភាព​ក្រេវ​ក្រោធ​ថា​៖ ​«​កុំថា​រឿង​នេះ​ជា​រឿង​នយោបាយ​ ហើយ​កិច្ចព្រមព្រៀង​ មើល​កិច្ចព្រមព្រៀង​ ២២​ ខែ​កក្កដា​ ព្រោះ​វា​អត់​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ណា​វា​អាច​ទៅ​ត្រួត​ត្រាអា​បទ​ល្មើស​ព្រហ្មទណ្ឌ​បាន​ទេ»​។​

លោក​ អ៊ូ ច័ន្ទឫទ្ធិ​ បាន​បញ្ជាក់​ប្រាប់ ​VOA​ ថា​ តំណា​ងរាស្ត្រ​និង​មន្ត្រីទាំង​៧រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​បំភ្លឺ​តុលាការ​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ​ចាប់​តាំង​ពីថ្ងៃ​ដែល​ផ្ទុះ​អំពើ​ហិង្សា​នោះ​។ ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​បាន​បន្ថែម​ថា​ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រណា​មួយ​តុលាការ​ត្រូវ​តែ​មាន​ការ​ស្នើសុំ​ទៅ​កាន់​រដ្ឋសភា​ក្នុង​ព្យួរ​អភ័យ​ឯក​សិទ្ធិ​ជា​មុន​សិន​។

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន៥​រូប​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​រួម​មាន​ លោក​ស្រី​ មួរ សុខ​ហួរ​ លោក​ ហូរ វ៉ាន់​ លោក​ រៀល ខេមរិន្រ្ទ​ លោក​ កែវ ភារម្យ​ និង លោក​ ម៉ែន សុថាវរិន្រ្ទ៕