មន្ត្រីជាន់ខ្ពស់១រូបនៃអង្គការសហប្រជាជាតិព្រមានថា ភាពរីករាលដាលនៃវិសមភាពទូទាំងពិភពលោក រួមជាមួយនឹងការទាញយកផលចំណេញពីផលិតភាព និងបញ្ហាប្រាក់កម្រៃដែលនៅមានកម្រិតទាបនោះ កំពុងតែធ្វើឲ្យភាពរឹងរូសនឹងពាណិជ្ជកម្មអន្តរជាតិមានកាន់តែខ្លាំងឡើង។ សេចក្តីអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងនៅមុនសន្និសីទអង្គការសហប្រជាជាតិស្តីអំពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ឬហៅកាត់ថា UNCATDលើកទី១៤ ដែលនឹងធ្វើឡើងក្នុងក្រុង ណៃរ៉ូប៊ី ប្រទេសគេនយ៉ា នៅខែក្រោយនេះ។
លោក Mukhisa Kituyi (មូឃីសា គីទូយី) អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីអំពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ឬហៅកាត់ថា UNCATD បានថ្លែងថា ប៉ុន្មានឆ្នាំកន្លងមកនេះ គេកត់សម្គាល់ឃើញថាសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍក្នុងតំបន់អាហ្វ្រិកកាន់តែកើនឡើង ខណៈពេលដែលតំបន់អាស៊ីនៅតែរក្សាបាននូវស្ថានភាពខ្លួនជាអ្នកនាំមុខខាងផ្នែកសេដ្ឋកិច្ច ហើយតំបន់ដទៃផ្សេងៗទៀតក៏បានទទួលផលប្រយោជន៍ពីកំណើនទូទៅនៃសេដ្ឋកិច្ចពិភពលោកនេះ។
លោកក៏បានបន្តទៀតថា បច្ចុប្បន្ននេះ តំបន់ទាំងអស់នេះក៏កំពុងតែទទួលរងការប៉ះពាល់ដោយសារតែស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពថមថយផងដែរ។ លោកថា ការថយចុះនៃភាពមានការងារធ្វើ និងការកើនឡើងនៃបំណុល កំពុងតែធ្វើឲ្យមានភាពរីករាលដាលយ៉ាងខ្លាំងនៃការធ្វើចំណាកស្រុកពីសំណាក់អ្នកនៅ អនុ-តំបន់សាហារ៉ា នៃទ្វីបអាហ្រ្វិក (Sub-Saharan Africa) ដើម្បីរកការងារធ្វើ ដែលមិនធ្លាប់កើតមានក្នុងរយៈពេល៧០ឆ្នាំចុងក្រោយនេះ។
លោកថ្លែងក្នុងសម្ដីដើមថា៖ «ក្នុងប្រទេសអភិវឌ្ឍ យើងសង្កេតឃើញមានចំណុចមួយចំនួន។ មួយនោះគឺថា ភាពមិនពេញនិយមនៃពាណិជ្ជកម្មអន្តរជាតិ កាន់តែកើនឡើងកាន់តែច្រើន ជាអាទិ៍ យើងមើលឃើញថា គណបក្សធំៗទាំងពីរក្នុងសហរដ្ឋអាមេរិក សុទ្ធតែជាអ្នកមិនគាំទ្រគោលគំនិតបែបអន្តរជាតិនិយម...។ បញ្ហាផ្សេងៗដែលបណ្ដាលមកពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ ក៏អាចបង្កឲ្យមានរោគស្អប់ក្នុងទម្រង់មួយចំនួន។ អ្នកឃើញហើយដូចជាការព្រួយបារម្ភនៅក្នុងតំបន់អ៊ឺរ៉ុបជុំវិញបញ្ហាជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា និងអនុ-តំបន់សាហារ៉ា នៃទ្វីបអាហ្រ្វិក (Sub-Saharan Africa)»។
លោក Kituyi (គីទូយី) បន្ថែមថា ការជជែកពិភាក្សាគ្នាអំពីពាណិជ្ជកម្មនៅក្រុង Doha (ដូហា) ដែលដំបូងឡើយស្ថិតនៅក្រោមរចនាសម្ព័ន្ធនៃអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០១មកនោះ នៅតែជាប់គាំង។ លោកថា សុទិដ្ឋិនិយមដែលថាបញ្ហាជុំវិញប្រាក់ជំនួយសម្រាប់វិស័យកសិកម្មក្នុងស្រុកអាចដោះស្រាយបានតាមរយៈដំណើរការពហុភាគីនោះ មានការថយចុះ។
លោកបន្តទៀតថាសន្និសីទ UNCTAD លើកទី១៤នេះ នឹងមិនអាចធ្វើឲ្យបញ្ហានៃការជជែកពិភាក្សាគ្នានៅក្រុង Doha មានភាពប្រសើរឡើងនោះទេ ដោយសារតែការជជែកនេះនៅស្ថិតក្នុងរង្វង់សមត្ថកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឡើយ។
លោក Kituyi (គីទូយី) បានថ្លែងបន្ថែមទៀតថា៖ «ប៉ុន្តែ យើងត្រឡប់មកមើលស្ថានភាពជាក់ស្តែងវិញ យើងអាចលើកជាសំណួរសួរថា តើយើងអាចស្គាល់រសជាតិថ្មីនៃការអភិវឌ្ឍពីពាណិជ្ជកម្មអន្តរជាតិនោះដោយរបៀបណា? តើយើងអាចធ្វើឲ្យពាណិជ្ជកម្មអន្តរជាតិនោះ រស់ឡើងវិញប្រកបដោយថាមពលវិជ្ជមាន ដោយមានការរាប់បញ្ចូលមួយពោរពេញទៅដោយភាពរីកចម្រើន ឱកាសថ្មីៗសម្រាប់មនុស្សគ្រប់គ្នា និងការបើកទូលាយមធ្យោបាយដើម្បីទទួលបានផលិតផលដែលមានគុណភាពក្នុងតម្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិបាន ដោយវិធីណាដែរ? ហើយថាតើយើងអាចវាយបកយ៉ាងណា ទៅនឹងគោលគំនិតដែលថា ពាណិជ្ជកម្មអន្តរជាតិគឺជាការប្លន់ទីផ្សារ និងឱកាសការងារពីប្រទេសអ្នកមាននោះ ដោយរបៀបណា?»
លោក Kituyi (គីទូយី) អគ្គលេខាធិការនៃសន្និសីទ UNCATD មានប្រសាសន៍ថា សំណួរទាំងនេះគឺសុទ្ធតែសំណួរដែលសមស្របសម្រាប់ស្ថានភាពបច្ចុប្បន្ននេះ។ លោកថា កិច្ចប្រជុំនៅក្រុង Nairobi នេះ អាចផ្តល់ឱកាសឲ្យមានការលើកឡើងពីសំណួរទាំងអស់នេះ ក៏ដូចជាបញ្ហាពិបាក និងចម្រូងចម្រាសដទៃទៀត ដែលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនគ្មានការតាំងចិត្តដោះស្រាយ និងមានហេតុផលនយោបាយជាច្រើនពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ។
ប្រែសម្រួលដោយ ហឿន សុភ័ក្ត្រ