នៅស្របពេលដែលការរីកចម្រើនផ្នែកឧស្សាហកម្មរ៉ែបានឈានដល់ទីបញ្ចប់ ប្រទេសអូស្រ្តាលីកំពុងផ្តោតក្តីសង្ឃឹមរបស់ខ្លួនទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន ដែលកិច្ចព្រមព្រៀងនោះបានចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០១៥។ នៅខណៈពេលដែលពន្ធដារត្រូវបានកាត់បន្ថយ ឱកាសជាច្រើនកំពុងតែផុសឡើង។ ប៉ុន្តែភាពខុសគ្នាផ្នែកវប្បធម៌នៅតែជាចំណុចសំខាន់មួយ ដែលនៅមិនទាន់បានចរចាដោះស្រាយនៅឡើយរវាងប្រទេសដៃគូពាណិជ្ជកម្មទាំងពីរនេះ។
«សូមអរគុណ លោកវាគ្មិន។ លោកវាគ្មិន នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រទេសអូស្រា្តលី។ ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ការងារនៅប្រទេសអូស្រា្តលី»។
មានការសាទរយ៉ាងខ្លាំង នៅពេលដែលលោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Malcolm Turnbull ប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «ជាប្រវត្តិសាស្រ្ត» មួយជាមួយប្រទេសចិន។ អ្នកផ្តួចផ្តើមដ៏សំខាន់ម្នាក់នៃកិច្ចព្រមព្រៀងនេះគឺលោក Andrew Robb ដែលជាអតីតរដ្ឋមន្រ្តីផ្នែកពាណិជ្ជកម្ម។
លោកទទួលស្គាល់ថា ការស្វែងយល់ពីរបៀបរបបទំនាក់ទំនាក់របស់ចិន ឬការថែរក្សានូវទំនាក់ទំនងជំនួញក្នុងរយៈពេលវែងឲ្យបានល្អគឺជាបញ្ហាប្រឈមដ៏ធំមួយ។
«បញ្ហាប្រឈមមួយទៀតគឺ ការមិនយល់ពីវប្បធម៌ ការមិនយល់ពីរបៀបរបបធ្វើជំនួញ បទដ្ឋានវប្បធម៌។ ទាំងអស់នេះគឺជារឿងរ៉ាវដែលយើងមិនបានយកចិត្តទុកដាក់នៅក្នុងប្រទេសយើង ហើយប្រទេសចិនក៏មិនមានភាពខុសគ្នាពីប្រទេសយើងនោះទេ។ ពួកគេមិនយកចិត្តទុកដាក់ទៅលើរឿងរ៉ាវជាច្រើនដូចគ្នា។ យើងត្រូវតែមានការស្វែងយល់ពីគ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមកចំពោះភាពខុសគ្នា ហើយនៅពេលដែលអ្នកធ្វើដូច្នេះបាន អ្នកនឹងមានឱកាសក្នុងការពង្រឹងទំនាក់ទំនងបានយ៉ាងខ្លាំងជាមិនខាន»។
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិន គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងក្រុងស៊ីដនី។ ចំណងវប្បធម៌ សង្គម និងពាណិជ្ជកម្មរវាងអូស្រា្តលី និងដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់ខ្លួនពិតជាមានភាពខ្លាំងក្លាមិនធ្លាប់មានពីមុនមកឡើយ។ ក៏ប៉ុន្តែ វាអាចនឹងមានការពិបាកសម្រាប់ជនបរទេសក្នុងការស្វែងយល់ពីបែបបទនៃការធ្វើជំនួញនៅក្នុងប្រទេសចិន។ តើអ្នកចាប់ដៃមុនពេលជួបគ្នាដែរឬទេ? តើការចង្អុលក្នុងពេលសន្ទនាអាចបង្កឲ្យមានការប្រកាន់ខឹងដែរឬទេ? ហើយតើអ្នកគួរតែជូនកាដូដែរឬទេ បើសិនជាអញ្ចឹងតើកាដូប្រភេទអ្វី? ឥឡូវនេះ ក្រុមហ៊ុនមួយចំនួនផ្តល់ការបណ្តុះបណ្តាលដល់នាយកប្រតិបត្តិរបស់ខ្លួន លើការសម្របខ្លួនទៅនឹងវប្បធម៌។
Della Dang ដែលជាអ្នកជំនាញផ្នែកទីផ្សារនៅមជ្ឈមណ្ឌលប្រតិបត្តិអាស៊ីអូស្រា្តលីបាននិយាយថា៖
«ប្រសិនបើអ្នកជំនួញចិនឲ្យនាមប័ណ្ណរបស់គេមកខ្ញុំ ខ្ញុំត្រូវតែទទួលដោយដៃទាំងពីរ ហើយខ្ញុំត្រូវធ្វើឲ្យប្រាកដថា ខ្ញុំនឹងមិនដាក់វានៅកន្លែងដែលមិនសមរម្យនោះទេ។ «មិនសមរម្យ»នេះ ខ្ញុំចង់មានន័យថា សូម្បីតែដាក់ហោប៉ៅ ក៏មិនត្រូវដាក់នៅហោប៉ៅខោខាងក្រោយដែរ ពីព្រោះនៅពេលដែលអ្នកអង្គុយចុះ អ្នកនឹងអង្គុយលើឈ្មោះរបស់គេ។ នេះជាការមិនគោរពចំពោះបុគ្គលនោះ»។
អ្នកស្រី Monika Tu ជាអ្នកលក់អចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារនៅក្នុងក្រុងស៊ីដនី ទៅឲ្យអតិថិជនជនជាតិចិន។ អ្នកស្រីបានចាកចេញពីប្រទេសចិនភាគខាងត្បូងនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ មករស់នៅក្នុងប្រទេសអូស្រា្តលី។ អ្នកស្រីនិយាយថា ការបំពេញចន្លោះប្រហោងផ្នែកវប្បធម៌មិនមែនជារឿងងាយស្រួលនោះទេ។
«ខ្ញុំរស់នៅទីនេះអស់រយៈពេល២៧ឆ្នាំហើយ។ ខ្ញុំចំណាយពេលច្រើនណាស់ដើម្បីអាចយល់ពីរបៀបរបបជនជាតិអូស្រា្តលី ឬពលរដ្ឋលោកខាងលិច ហើយយើងក៏ត្រូវសម្របខ្លួនយើងផងដែរ។ វាពិតជាខុសគ្នាខ្លាំងណាស់។ ប៉ុន្តែប្រសិនបើអ្នកសិក្សាពីវប្បធម៌ទាំងពីរ ហើយផ្តួចផ្តើមសម្របខ្លួនទៅតាមនោះ អ្នកនឹងសប្បាយរីករាយជាមួយនឹងវាជាមិនខាន។ ធ្វើដូច្នេះ វានឹងផ្តល់ប្រយោជន៍សម្រាប់ជីវិតក្នុងសង្គមរបស់អ្នក របៀបរស់នៅរបស់អ្នក ជាពិសេសវាមានប្រយោជន៍ដល់ជំនួញរបស់អ្នក។ វាជាពេលវេលាដ៏វែងឆ្ងាយដែលយើងត្រូវឆ្លងកាត់ ដូច្នេះគ្រប់គ្នានឹងមានឱកាសធ្វើការជាមួយគ្នា ហើយធ្វើឲ្យពិភពលោកមានភាពស្រស់បំព្រងឡើង»។
ក្រុមហ៊ុនអូស្រា្តលីដែលចង់ពង្រីកវិសាលភាពចូលទៅក្នុងប្រទេសចិនកំពុងសង្ឃឹមថា ឆ្នាំដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងធ្វើមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើង។ ប៉ុន្តែបញ្ញវន្តមួយចំនួនព្រមានថា នឹងមានចន្លោះប្រហោងផ្សេងៗនៅខាងមុខ។
អ្នកស្រី Sally-Anne Gaunt គឺជាសាស្រ្តាចារ្យជាន់ខ្ពស់សម្រាប់មុខវិជ្ជាគ្រប់គ្រងវប្បធម៌ចម្រុះនៅសាកលវិទ្យាល័យ New South Wales។ អ្នកស្រីនិយាយថា នៅក្នុងផ្នែកមួយចំនួននៃទ្វីបអាស៊ី ពលរដ្ឋអូស្រា្តលីមិនត្រូវបានគេយល់ថាជាមនុស្សឧស្សាហ៍នោះទេ ហើយអ្នកស្រីលើកឡើងពីការផ្តល់ការប្រឹក្សាដល់នាយកប្រតិបត្តិមួយរូបនៅក្នុងប្រទេសសិង្ហបុរី។
«នារីវ័យក្មេងម្នាក់នោះបានរិះគន់យ៉ាងខ្លាំងទៅលើអតិថិជនរបស់នាងដោយនិយាយថា ពួកគេខ្ជិល ពួកគេទៅផ្ទះនៅម៉ោង៥គត់ ពួកគេទៅលំហែកាយនៅឆ្នេរខ្សាច់ ចំណែកពួកយើងនៅទីនេះខិតខំធ្វើការយ៉ាងខ្លាំង។ តាមពិត អ្វីដែលនារីម្នាក់នោះមិនបានដឹងគឺនៅពេលដែលអ្នកធ្វើការនៅកន្លែងមួយដូចជានៅប្រទេសអូស្រា្តលីជាដើម អ្នកនឹងមិនមានគ្រួសារធំទេ អ្នកមិនមានគ្រួសារជួយធ្វើការងារនៅផ្ទះទេ ហើយអ្នកត្រូវធ្វើអ្វីៗដោយខ្លួនឯង។ នៅពេលខ្ញុំចាប់ផ្តើមលើកឡើងនូវកត្តាទាំងនេះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាងនិយាយថា អូ! នៅប្រទេសអូស្រា្តលី មិនមានអ្នកបម្រើទេ មែនទេ? ខ្ញុំឆ្លើយថា មនុស្សភាគច្រើនមិនមានអ្នកបម្រើទេ»។
ប្រទេសអូស្រា្តលីជាភាគីមួយក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០។ កិច្ចព្រមព្រៀងភាគច្រើនត្រូវបានធ្វើឡើងជាមួយប្រទេសក្នុងតំបន់អាស៊ី ដូចជាជប៉ុន កូរ៉េខាងត្បូង និងចិន។ ការកេងចំណេញពីឱកាសក្នុងកិច្ចព្រមព្រៀងទាំងនោះ មិនមែនមានត្រឹមតែលើផលិតផល តម្លៃ និងការអនុវត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែ រួមមានទាំងការយល់ដឹងពីវប្បធម៌ដ៏ស្មុគស្មាញដែលធ្វើឲ្យជំនួញមានដំណើរការទៅមុខផងដែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ