ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​នៅ​តែ​កំពុង​លាក់​ខ្លួន​នៅ​កម្ពុជា

  • Robert Carmichael

រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។

គេ​ជឿ​ថា​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ជាង​៥០នាក់​ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​បាន​ឆ្លង​ព្រំដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​មុន​នេះ ​ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ​បាន​ពិនិត្យ​មើល​សំណើ​ស្វែងរក​សិទ្ធិ​ជ្រក​កោន​របស់​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​តែ​ចំនួន​១៣នាក់​ប៉ុណ្ណោះ។

ជនជាតិ​ភាគតិច​ឯ​ទៀត​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ក្បែរ​ព្រំដែន​វៀតណាម​ដោយ​ភ័យ​ខ្លាច​ថា ​អាជ្ញាធរ​កម្ពុជា​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​ទី​នោះ។

យោង​តាម​អនុសញ្ញា​ជន​ភៀស​ខ្លួន ​កម្ពុជា​ត្រូវ​តែ​ពិនិត្យ​មើល​សំណើ​របស់​អ្នក​ស្វែក​រក​សិទ្ធិ​ជ្រក​កោន ​ក៏​ប៉ុន្តែ ​កម្ពុជា​មិន​បាន​ចាត់​វិធាន​ការ​អ្វី​ទាល់​តែ​សោះ នេះ​បើ​យោង​តាម ​លោកស្រី Wan-Hea Lee ​អ្នក​តំណាង​ឲ្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

កាល​ពី​សប្តាហ៍​មុន ​អាជ្ញាធរ​ក្នុង​តំបន់​ភាគ​ឦសាន​នៃ​ខេត្ត​រតនគិរី ​បាន​រារាំង​បុគ្គលិក​របស់​លោកស្រី​ Lee ​មិន​ឲ្យ​ស្វែង​រក ​និង​មិន​ឲ្យ​ជួយ​ជនជាតិ​ភាគ​តិច​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នោះ។ ករណី​នេះ​បាន​កើត​ឡើង​ម្តង​ហើយ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន។

លោកស្រី​ Lee ​ឲ្យ​ដឹង​ថា ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​ដូច​នេះ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការ​ខ្វះខាត​នូវ​ព័ត៌មាន​ជាក់លាក់​ពី​រដ្ឋាភិបាល​ថ្នាក់​លើ។ លោកស្រី​មាន​ប្រសាសន៍​ថា ​សកម្មភាព​នេះ​បង្ហាញ​ថា ​អាជ្ញាធរ​ក្នុង​តំបន់​នោះ​មិន​យល់​ច្បាស់​ពី​នីតិវិធី​នៃ​ដំណើរការ​នេះ។

លោកស្រី​ថា៖ «‍នៅ​តាម​ថ្នាក់​ក្រោម ​តាម​ថ្នាក់​ជាតិ ​និង​មន្ទីរ​នីមួយៗ ​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​មិន​យល់​ថា ​ពួកគេ​អាច​អនុវត្ត​ដំណើរការ​នេះ​ដោយ​សុវត្ថិភាព ​និង​មាន​សិទ្ធិ​ក្នុង​ដំណើរការ​នីតិ​វិធី​នោះ​ទេ។ ដូច្នេះ ​ក្រុម​មន្ត្រី​ទាំង​នេះ​គ្រាន់​តែ​មើល​មុខ​គ្នា ​ហើយ​រង់ចាំ​ការ​អនុញ្ញាត ​ដែល​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ»។

បន្ថែម​លើ​ជនជាតិ​ភាគតិច​ទាំង​១៣​នាក់​នេះ​ដែល​និយាយ​ថា ​ពួក​គេ​បាន​រត់​ភៀស​ខ្លួន​ដោយ​សារ​តែ​ការ​រិតត្បិត​ខាង​សាសនា ​ហើយ​ដែល​សំណើ​របស់​ពួក​គេ​កំពុង​តែ​ពិនិត្យ​មើល​ដោយ​មន្ត្រី​ការិយាល័យ​ជន​ភៀស​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ភ្នំពេញ​នោះ ជនជាតិ​ភាគ​តិច​១០នាក់​ផ្សេង​ទៀត​កំពុង​តែ​រង់ចាំ​ឲ្យ​ការិយាល័យ​ជន​ភៀស​ខ្លួន​ទទួល​យក​ពួក​គេ។ អង្គការ​សហប្រជាជាតិ ​ឲ្យ​ដឹង​ថា ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ប្រមាណ​៣០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជឿ​ថា​កំពុង​តែ​លាក់​ខ្លួន។

កាល​ពី​ដើម​ខែ​មុន​នេះ ​អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​មួយ​គ្រួសារ ​រួម​មាន​កុមារ​៣នាក់ ​ដោយ​មិន​បាន​ពិនិត្យ​មើល​សំណើ​របស់​ពួក​គេ​ផង ​ដោយ​ចាត់​ទុក​ពួក​គេ​ថា​ជា​អ្នក​មក​រាន​ដី​ធ្វើ​ចម្ការ។

លិខិត​ជា​សាធារណៈ​មួយ​របស់​លោក William Todd ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ក្រើន​រំឮក​រដ្ឋាភិបាល​កម្ពុជា​ថា ​សហគមន៍​អន្តរជាតិ​បាន​ព្រួយ​បារម្ភ​អំពី​ការ​ប្រព្រឹត្តិ​មក​លើ​ជន​ភាគ​តិច​ម៉ុងតាញ៉ា ​ដែល​កាន់​សាសនា​គ្រិស្ត​ទាំង​នេះ។

លោក កឹម សារិន ​ប្រធាន​ការិយាល័យ​ជន​ភៀស​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​ក្រសួង​មហាផ្ទៃ ​ទទូច​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ពិនិត្យ​មើល​រាល់​សំណុំ​បែប​បទ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ជន​បរទេស​ទាំង​អស់។

លោក​ឲ្យ​ដឹង​ថា៖ «‍រដ្ឋាភិបាល​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ពិនិត្យ​លើ​សំណើ​របស់​ជន​បរទេស ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន។ មិន​មែន​តែ​សម្រាប់​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ប៉ុណ្ណោះ​ទេ។ គ្រប់​ជន​បរទេស​ទាំង​អស់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​យើង​ នោះ​រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​ឯកសារ​របស់​គេ»។

នៅ​ពេល​ដែល​សួរ​ថា ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​នៅ​ភាគ​ឦសាន​បាន​បណ្តេញ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​នោះ ​លោក សារិន ​បាន​និយាយ​ខុស​ពី​មុន។

លោក​ថា៖ «‍អ្នក​ទាំង​នោះ​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទេ ចុះ​ហេតុអ្វី​បាន​ជា​ពួក​គេ​មិន​ដាក់​ពាក្យ? យើង​មិន​បាន​ទទួល​សំណុំ​ឯកសារ​របស់​គេ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ នេះ​គឺជា​កិច្ច​ការ​របស់​អាជ្ញាធរ​តាម​ខេត្ត។ លោក​មិន​អាច​សួរ​ខ្ញុំ​ពី​រឿង​នេះ​បាន​ទេ»។

ទោះ​បី​ជា​កម្ពុជា​ទំនង​ជា​មិន​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​តាម​អនុសញ្ញា​ជន​ភៀស​ខ្លួន​ក្តី ​ក៏​គោលជំហរ​របស់​កម្ពុជា​គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ។

ក្រុម​សិទ្ធិ​មនុស្ស ​បាន​តវ៉ា​ថា ​រដ្ឋាភិបាល​វៀតណាម​គាប​សង្កត់​ក្រុម​ជនជាតិ​ភាគតិច​ដែល​បាន​បង្ខំ​ឲ្យ​ជន​ទាំង​នេះ​រត់​ភៀស​ខ្លួន​មក​កម្ពុជា។

សម្ព័ន្ធភាព​ដ៏​ជិត​សិ្នទ្ធ​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​វៀតណាម​បង្ហាញ​ថា ​វៀតណាម​អាច​នឹង​ដាក់​សម្ពាធ​លើ​កម្ពុជា។ ថ្មីៗ​នេះ ​កម្ពុជា​បាន​គំរាម​ថា ​ខ្លួន​នឹង​បណ្តេញ​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ទាំង​នោះ​ រួម​ទាំង​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ជ្រក​កោន ​ប្រសិន​បើ​ជា​ប្រទេស​ទី៣​មិន​យល់​ព្រម​ទទួល​យក​ពួក​គេ​ឲ្យ​រស់​នៅ​ទី​នោះ។

លោកស្រី ​Wan-Hea Lee ​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ​សកម្មភាព​របស់​កម្ពុជា​គឺ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ នេះ​គឺ​ដោយ​សារ​តែ​បញ្ហា​ចម្រូង​ចម្រាស់​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​ដោយ​ទទួល​យក​ប្រាក់​ជំនួយ​រាប់​លាន​ដុល្លារ។

លោកស្រី​ Wan-Hea Lee ​ថា៖ ‍​«‍ខ្ញុំ​យល់​ថា ​សព្វ​ថ្ងៃ​នេះ ​កម្ពុជា​គឺជា​ប្រទេស​ដែល​ត្រូវ​តែ​បង្ហាញ​ថា ​ខ្លួន​នឹង​គោរព​តាម​គោលការណ៍​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ជាង​ពេល​ណាៗ​ទាំង​អស់ ​ពីព្រោះ​ថា​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី ​ហើយ​ដោយ​សារ​តែ​កម្ពុជា​បាន​សន្យា​ថា​នឹង​ចំណាយ​ពេល​វេលា​គោរព​តាម​អនុសញ្ញា​នោះ។ ហើយ​នៅ​ក្នុង​ភ្នែក​មនុស្ស​ជា​ច្រើន ​បញ្ហា​នេះ​គឺជា​ការ​ពិសោធន៍​មួយ​ថា​តើ​កម្ពុជា​អាច​នឹង​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​ដែរ​ឬ​យ៉ាង​ណា»។

ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណ​ជន​ក្តី ​ក៏​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ​ក្នុង​ការ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​រយៈពេល​២ថ្ងៃ​ជាមួយ​នឹង​សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា។

លុះ​ត្រា​តែ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​កម្ពុជា​បង្គាប់​ឲ្យ​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​គោរព​តាម​គោលការណ៍​របស់​អនុសញ្ញា​ជន​ភៀស​ខ្លួន ទើប​ការ​ផ្លាស់​ប្តូរ​ច្រើន​ជាង​នេះ​នឹង​កើត​មាន​ឡើង​នៅ​ថ្នាក់​ក្រោម៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត