ការ​ចាប់​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព

រូបឯកសារ៖ ជនជាតិ​ម៉ុងតាណាត​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​អង្គុយ​រង់ចាំ​នៅ​តំបន់​សែន​មនោរម្យ​នៅ​ខេត្ត​មណ្ឌលគិរី ជាប់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០០១ ដែល​ជនជាតិ​ម៉ុងតាញ៉ា​ជាង ១៥០​នាក់​បាន​បោះជំរំ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន​ ៤​នាក់​កាល​ពី​ពាក់កណ្ដាល​ខែ មិថុនា បន្ទាប់​ពី​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ស្នើ​សុំ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដើម្បី​ជួបជុំ​ជាមួយ​នឹង​គ្រួសារ​របស់​គេ​។

ការ​ចាប់​បញ្ជូនជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន ​៤​នាក់ ​ដែល​ស្វែង​រក​សិទ្ធិជ្រកកោន​នៅ​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​បាន​លើកឡើង​ជា​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​និង​ស្ថានភាព​លំបាក​របស់​ជនជាតិ​ភាគតិច​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេសវៀតណាម។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន​ ៤​នាក់​កាល​ពី​ពាក់កណ្ដាល​ខែ មិថុនា បន្ទាប់​ពី​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ស្នើ​សុំ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដើម្បី​ជួបជុំ​ជាមួយ​នឹង​គ្រួសារ​របស់​គេ​ ហើយ​៣​នាក់​ទៀត​ទំនង​ជា​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ស្នើសុំ​សិទ្ធិជ្រកកោន។

ប៉ុន្តែ​មាន​ការ​ព្រួយបារម្ភ​ពី​សំណាក់​សកម្មជន​សិទ្ធិមនុស្ស​ដែល​ថា ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​ភាគច្រើន​កាន់​សាសនា​គ្រិស្ត​មក​ពី​តំបន់​ភ្នំ​ក្នុង​ប្រទេសវៀតណាមអាច​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ក្រោយ​ពី​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នេះ​កើត​ឡើង​ដោយសារ​តែ​ក្រុម​ជនជាតិ​ភាគតិច​នេះ​មាន​ប្រវត្តិ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​យោធា​អាមេរិកក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ ដែល​ក្រុម​នេះ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​ដី​ធ្លី​និង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការដឹកនាំ​បែប​កុម្មុយនិស្ត និង​ជំនឿ​សាសនា​របស់​ខ្លួន។

រដ្ឋាភិបាល​វៀតណាម​ធ្វើ​ទុក្ខ​បុកម្នេញ​និង​បំពាន​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិ​របស់​អ្នក​ដែល​ពួកគេ​ជឿ​ថា គឺ​ជា​មេដឹកនាំ​នៅ​ក្នុង​សហគមន៍ ឬ​ជា​មេដឹកនាំ​សាសនា។ នេះ​បើយោង​តាម​សម្ដី​របស់​លោក Phil Robertson ដែល​ជា​នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី។ លោក​ថ្លែង​ទៀត​ថា ដោយសារ​តែ​តំបន់​ដែល​ពួកគេ​រស់នៅ​ស្ថិត​ក្នុង​តំបន់​ដាច់ស្រយាល អង្គការ​ឯករាជ្យ​នានា​ពិបាក​ក្នុង​ការ​តាមដាន​ស្ថានភាព​នេះ​ណាស់​។

លោក Robertson បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «ច្បាស់​ណាស់​ថា ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ទាំង​៤​នាក់ នឹង​ប្រឈម​នឹង​ការ​សួរ​ចម្លើយ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​ទៅ​វិញ‍។ ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នេះ​មិន​មែន​ត្រឹមតែ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នោះ​ទេ គឺ​ពួកគេ​ប្រាកដ​ជា​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ នៅ​ពេល​ពួកគេ​ត្រឡប់​ទៅ​វិញ។ សំណួរ​គឺ​នៅ​ត្រង់​ថា តើ​អាជ្ញាធរ​វៀតណាម​នឹង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគេ​ក្នុង​កម្រិត​ណា​តែ​ប៉ុណ្ណោះ»។

លោក Robertson ថ្លែង​ថា ការធ្វើ​ទុក្ខបុកម្នេញ​អាច​កើតឡើង​តាមរយៈ​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ធ្វើ​ដំណើរ អាច​ជា​ការ​បំពាន​លើ​រូបរាងកាយ ការ​សួរ​ចម្លើយ និង​ការ​ឈ្លប​យក​ការណ៍​ជាដើម។ នេះ​គឺ​ជា​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​ជនភៀសខ្លួន​មួយ​ចំនួន។

ជនភៀសខ្លួន​ម្នាក់​ក្នុង​ប្រទេស កម្ពុជា ដែល​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព បាន​ប្រាប់​ VOA ថា «ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ណាស់​អំពី​ការ​ប្រឈម​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​វៀតណាម‍»។ លោក​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​តវ៉ា​នឹង​ការ​រើសអើង​សាសនា​ ហើយ​លោក​ត្រូវ​បាន​កាត់​ទោស​តាម​ច្បាប់​សាសនា។ លោក​បាន​ថ្លែង​ថា លោក​ត្រូវ​បាន​គេ​តាម​ឃ្លាំ​មើល​នៅ​ក្នុង​ប្រទេស​វៀតណាម មុន​នឹង​លោក​រត់ភៀសខ្លួន​ពី​ប្រទេស​នេះ។ លោក​បាន​និយាយ​ថា «នៅ​ពេល​ខ្ញុំ​ចង់​ទៅ​ណា ពួកគេ​តែងតែ​តាម​ខ្ញុំ​ជានិច្ច។ ខ្ញុំ​ភ័យ​ខ្លាច​ណាស់‍»។ ​

គេ​ប៉ាន់ស្មាន​ថា ជនជាតិ​ម៉ុងតាញ៉ា​រាប់​រយ​នាក់​បានរត់ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០១៥ ដោយ​ត្រូវ​បាន​រាយការណ៍​ថា ដោយសារ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា​និង​នយោបាយ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​ម៉ុងតាញ៉ា​មួយ​ចំនួន​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​ដទៃទៀត ដូចជា​ប្រទេស​ហ្វីលីពីន ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ។ ​

លោកស្រី Grace Bui នាយកប្រតិបត្តិ​នៃ​គម្រោង​ជំនួយ​ម៉ុងតាញ៉ា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង បាងកក ប្រទេស ថៃ បាន​ថ្លែង​ថា ការ​បាត់​ទំនាក់ទំនង​ជាមួយ​នឹង​ជន​ធ្វើ​មាតុភូមិ​និវត្តន៍​មួយ​ចំនួន បង្ក​ឲ្យ​មាន​ហានិភ័យ។ លោកស្រី​បាន​សរសេរ​នៅ​ក្នុង​សារ​មួយ​ថា «ជនជាតិ​ម៉ុងតាញ៉ា​ជាច្រើន​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ ហើយ​យើង​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ពួកគេ​នោះ​ទេ។ ជា​ឧទាហរណ៍ បុរស​ម្នាក់​ដែល​បាន​ត្រឡប់​មក​វិញ​កាល​ពី​ឆ្នាំ​មុន បាន​ព្យាយាម​ទាក់ទង​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ផ្ដល់​ដំណឹង​ថា ប៉ូលិស​បាន​បំពាន​ដល់​គាត់​ពេល​គាត់​ត្រឡប់​មក​វិញ។ ហើយ​ប៉ូលិស​ក៏​បាន​ដកហូត​ទូរស័ព្ទ​របស់​គាត់។ ជនជាតិ​ម៉ុងតាញ៉ា​ជាច្រើន​ត្រូវ​បាន​វាយដំ ហើយ​អ្នកខ្លះ​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​ជារៀងរាល់​ថ្ងៃ ហើយ​ខ្លះ​ទៀត​ត្រូវ​ជាប់​ពន្ធនាគារ‍»។

រដ្ឋាភិបាល​វៀតណាម​នៅ​មិន​ទាន់ផ្ដល់​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ។ ​ប៉ុន្តែ​ប្រទេស​វៀតណាម​មិនមែន​ជា​ប្រទេស​តែ​មួយ​គត់ ដែល​ចូលរួម​ដល់​ការ​បំពាន​សិទ្ធិមនុស្ស​នោះ​ទេ។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Robertson។​ ក្រោយ​ពេល​ទីភ្នាក់ងារ​ជួយ​ដល់​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ UNHCR បាន​រក​ឃើញ​ថា ប្រទេស​ទី​៣​អាច​នឹង​ទទួល​យក​ជនជាតិ​ម៉ុងតាញ៉ា នោះ​ប្រទេស​កម្ពុជា​គ្រាន់​តែ​ត្រូវ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ពួកគេ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា កម្ពុជា​បាន​បដិសេធ​មិន​ព្រម​ចេញលិខិត​អនុញ្ញាត​នោះ​ទេ ដោយសារ​តែ​សម្ពាធ​ពី​ប្រទេស​វៀតណាម។ ​

លោកស្រី Caroline Gluck មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​នៃ​អង្គការ UNHCR បាន​មាន​ប្រសាសន៍​ថា «អង្គការ UNHCR កំពុង​ធ្វើការ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួកគេ។ ​ការ​តាំង​លំនៅ​ឡើង​វិញ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​និង​ការ​ផ្ទេរ​ជនភៀសខ្លួន​ពី​ប្រទេស​មួយ​ដែល​ពួកគេ​ចង់​ទទួលបាន​ការការពារ​ទៅ​កាន់​ប្រទេស​ទី​៣ ដែល​ព្រមព្រៀង​ទទួល​យក​ពួកគេ​ជា​ជនភៀសខ្លួន​ដោយ​ផ្តល់​នូវ​សិទ្ធិ​រស់នៅ​ដោយ​អចិន្ត្រៃយ៍​បាន‍»។ ​

ជនភៀសខ្លួន​ដែល​ VOA បាន​សម្ភាសបាន​និយាយ​ថា លោក​មាន​ការ​ព្រួយបារម្ភ​ថា លោក​នឹង​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប៉ុន្តែ​លោក​មិន​ទាន់​បាន​បោះបង់​ក្ដីសង្ឃឹម​ថា លោក​និង​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​រស់នៅ​ប្រទេស​មួយ​ទៀត បន្ទាប់​ពី​រស់នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា