កងកម្លាំង​របប​ស៊ីរី​វាយ​សម្រុក​ទៅ​ខេត្ត Idlib ដែល​ជា​បន្ទាយ​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម

សមាជិក​នៃ​ក្រុម​ការពារ​ជន​ស៊ីវិល​ស៊ីរី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ក្រុម​មួក​ស ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ផ្លូវ​មួយ​ ដែល​ត្រូវ​បាន​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី នៅ​ក្នុង​ក្រុង Maarat al-Nuaman ខេត្ត Idlib ប្រទេស​ស៊ីរី។

កងកម្លាំង​របប​ស៊ីរី​បាន​ដណ្តើម​យក​ក្រុង​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត Idlib ដែល​កាន់​កាប់​ដោយ​ក្រុម​រដ្ឋឥស្លាម​ នេះ​បើ​យោង​តាម​អង្គការ​តាម​ដាន​ស្ថានការណ៍​នៅ​ស៊ីរី​មួយ​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ។ ​

កងកម្លាំង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​កងកម្លាំង​ផ្លូវ​អាកាស​របស់​រុស្ស៊ី​បាន​ដណ្តើម​យក​ក្រុង Sinjar ដែល​ជា​ក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ខេត្ត​ប៉ែក​អាគ្នេយ៍មួយ​នេះ។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីរី​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ដែល​បានឲ្យ​ដឹង។ ​

ក្រុង Sinjar មាន​ចម្ងាយ​១៤គីឡូម៉ែត្រ​ប៉ែក​ខាង​លិច​ពី​មូលដ្ឋាន​យោធា Abu al-Duhur ដែល​ប្រសិន​បើ​ត្រូវ​បាន​ដណ្តើម​យក​មក​វិញ បន្ទាប់​ពី​ត្រូវ​បាន​ដណ្តើម​យក​ដោយ​កងកម្លាំងរដ្ឋឥស្លាម ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម អាល់កៃដា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា នោះ​នឹង​អាច​ផ្តល់​ដល់​កងកម្លាំង​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad នូវ​ប៉ុស្តិ៍​យោធា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត​នេះ។

ក្រុម​រដ្ឋ​ឥស្លាម​បាន​ដណ្តើម​យក​តំបន់​នេះ ដែល​ជាប់​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​តួកគី ពី​របប​របស់​លោក Assad កាល​ពី​ឆ្នាំ​២០១៥។ ចាប់​តាំង​ពី​ចាប់​ផ្តើម​ប្រតិបត្តិការ​កាល​ពី​ខែ​តុលា កងកម្លាំង​របស់​លោក Assad បាន​ដណ្តើម​យក​មក​វិញ​នូវ​ក្រុង​និង​ភូមិ​ប្រមាណ ៦០ ដែល​ស្ថិត​នៅ​ចន្លោះ​ខេត្ត Idlib និង​តំបន់ Hama ដែល​នៅ​ក្បែរ​នោះ។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីរី៕