អ្នកស្រី Lise Grande អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិសម្រាប់ប្រទេសយេម៉ែន បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣១ ខែសីហាថា៖ «នៅពេលដែលថវិកាមិនមក មនុស្សនឹងស្លាប់»។
មានតែកម្មវិធីមនុស្សធម៌ ៣ ប៉ុណ្ណោះក្នុងចំណោមកម្មវិធីមនុស្សធម៌សម្រាប់សំខាន់ៗ ចំនួន ៣៤ ត្រូវបានគេផ្ដល់ថវិកាឲ្យនៅក្នុងឆ្នាំនេះ។
វិបត្តិមនុស្សធម៌នេះ គឺជាលទ្ធផលនៃសង្គ្រាមជាងបួនឆ្នាំរវាងក្រុមប្រដាប់អាវុធដឹកនាំដោយរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលគាំទ្ររដ្ឋាភិបាលយេមែន ប្រឆាំងនឹងក្រុមបះបោរ Houthi ដែលគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានដណ្ដើមកាន់កាប់វិមានប្រធានាធិបតី និងបង្ខំឲ្យប្រធានាធិបតី លាលែងពីតំណែង។
ប្រទេសយេម៉ែនគឺជាប្រទេសដែលមានប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិធំជាងគេ ប៉ុន្តែការណ៍នេះកំពុងតែជួបប្រទះកង្វះថវិកាយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមថវិកាដែលត្រូវការសរុប ៤ពាន់ ១រយ ៩០លានដុល្លារ មានតែ ៣៤% ប៉ុណ្ណោះដែលទទួលបាន។
ម្ចាស់ជំនួយដ៏ធំបំផុតពីរ គឺអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម សម្រាប់ឆ្លើយតបទៅនឹងផែនការមនុស្សធម៌នេះក៏ជាតួអង្គពីរសំខាន់នៃសង្គ្រាមខាងលើផងដែរ។ ប្រទេសនីមួយៗបានសន្យាថាផ្ដល់ជំនួយម្នាក់ ៧៥០ លានដុល្លារដើម្បីជួយដល់កម្មវិធីមនុស្សធម៌ទាំងនេះក្នុងឆ្នាំ ២០១៩ ប៉ុន្តែទើបតែបានផ្ដល់ថវិកាមួយផ្នែកតូចប៉ុណ្ណោះ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ប្រាក់ត្រឹមតែ ១២៧លានដុល្លារប៉ុណ្ណោះ ខណៈ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានផ្ដល់ ១៦០ លានដុល្លារ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានផ្ដល់ប្រាក់ ៨៩ លានដុល្លារ ចំណែក ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានផ្ដល់ចំនួន ៣៨លានដុល្លារទៀត ទៅដល់អង្គការមួយចំនួនដែលធ្វើការក្រៅផែនការនេះ។
អង្គការសហប្រជាជាតិបានលើកឡើងទៀតថា នៅក្នុងប្រទេសមួយដែលប្រជាជនប្រមាណ ១០លាននាក់ កំពុងរស់នៅលើគែមនៃគ្រោះទុរភិក្សបែបនេះ បើគ្មានជំនួយមកទាន់ពេលនោះទេ នឹងមានកាត់បន្ថយរបបអាហាររបស់មនុស្សប្រមាណ ១២ លានដុល្លារ និងបញ្ចប់សេវាផ្ដល់អាហារដល់កុមារដែលខ្វះអាហារូបត្ថម្ភដែលមានទំហំទឹកប្រាក់ ២លាន ៥សែនដុល្លារ។
កន្លែងផ្ដល់ការថែទាំសុខភាពជាងពាក់កណ្ដាលនៅក្នុងប្រទេសយេមែនបានបិទទ្វារដោយការបំផ្លិចបំផ្លាញដោយគ្រាប់បែក និងកង្វះសម្ភារៈបរិក្ខារ ក៏ដូចជាបុគ្គលិក។ ប៉ុន្តែប្រជាជនជាង ១៩លាននាក់កំពុងបាត់បង់ការទទួលបានការថែទាំសុខភាព ដោយសារបញ្ហាកង្វះខាតថវិកា។
កាលពីខែឧសភា អង្គការសហប្រជាជាតិ ត្រូវបានបង្ខំបិទយុទ្ធនាការចាក់វ៉ាក់សាំងជាច្រើន និងបានបញ្ឈប់ការបញ្ជាទិញថ្នាំផងដែរ។ ទន្ទឹមនឹងនេះ បុគ្គលិករដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺអាសន្នរោគ ជំងឺខាន់ស្លាក់ និងជំងឺកញ្ជ្រឹលទ្រង់ទ្រាយធំ។
អ្នកស្រី Grande អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិនៃប្រទេសយេម៉ែនបាននិយាយថា៖ «ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសយេម៉ែន ដែលគ្មានកំហុស គឺជាជនរងគ្រោះនៃសង្គ្រាម ពួកគេពឹងផ្អែកលើយើងដើម្បីរស់។ ហើយយើងគ្រប់គ្នាមានការអាម៉ាស់ណាស់ ក្នុងស្ថានភាពបែបនេះ។ វាពិតជាក្រៀមក្រមណាស់ ក្នុងការមើលមុខគ្រួសារជនរងគ្រោះឲ្យចំ ហើយនិយាយថាយើងគ្មានថវិកាជួយពួកគេទេ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា