រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា ដែលក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជំរុញដល់ក្រុមប្រទេស G20 ឱ្យធ្វើការរួមគ្នា បើទោះបីជាគេមិនយល់ស្របលើបញ្ហាមួយចំនួនក្តី។
នៅក្នុងសុន្ទរកថាតាមវីដេអូ លោក Modi និយាយថា៖ «ក្នុងនាមរដ្ឋមន្ត្រីការបរទេស វាជារឿងធម្មតាដែលការពិភាក្សារបស់អស់លោកលោកស្រី រងការប៉ះពាល់ដោយភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។ បើទោះបីជាយ៉ាងនេះក្តី ក៏ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរបស់ពិភពលោកនោះ យើងមានការទទួលខុសត្រូវមួយទៅលើប្រទេសដែលមិនមានវត្តមាននៅក្នុងបន្ទប់ប្រជុំនេះ»។
លោកបន្ថែមទៀតថា ពិភពលោកកំពុងសម្លឹងឆ្ពោះទៅរកក្រុមប្រទេស G20 ក្នុងការគូសបញ្ជាក់ពីកំណើន ការអភិវឌ្ឍន៍ ភាពស៊ូធន់លើបញ្ហាគ្រោះមហន្តរាយនិងសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ អំពើពុករលួយ ភេរវកម្ម និងបញ្ហាសន្តិសុខថាមពលនិងស្បៀងអាហារជាដើម។
រដ្ឋមន្ត្រីការបរទសឥណ្ឌាលោក S. Jaishankar បានថ្លែងប្រាប់កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រទេស G20 មានការទទួលខុសត្រូវជាពិសេសមួយ ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិចម្រុះជាច្រើន។ លោកបន្ថែមទៀតថា ក្នុងចំណោមវិបត្តិទាំងនោះ គឺបញ្ហាជំងឺឆ្លងរាតត្បាតកូវីដ១៩ បញ្ហាសង្វាក់ផ្គត់ផ្គង់ ការប៉ះពាល់ដោយសារសង្គ្រាម និងការបន្ទុចបង្អាក់ដោយហេតុការណ៍បម្រែបម្រួលអាកាសធាតុជាដើម។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទសក្រុមប្រទេស G20 នេះ កើតមានឡើង ខណៈពេលដែលកំពុងមានភាពតានតឹងខ្លាំងខាងភូមិសាស្រ្តនយោបាយ ដែលបង្កឡើងដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ស្ថិតក្នុងចំណោមអ្នកចូលរួមនៃកិច្ចប្រជុំនេះ។
ក្រៅពីរឿងសង្រ្គាមអ៊ុយក្រែន ភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ក៏កើតចេញផងដែរ ពីការដែលអាមេរិកបានបាញ់ទម្លាក់បាឡុងដែលសង្ស័យថាធ្វើចារកម្មរបស់ចិន នៅលើសមុទ្ររបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសន្ទនាគ្នាយ៉ាងខ្លីនៅឯកិច្ចប្រជុំនេះ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា លោក Blinken និងលោក Lavrov បានជជែកគ្នាប្រហែល ១០ នាទីនៅខាងក្រៅសន្និសីទនៅទីក្រុង New Delhi ។
ការជួបគ្នារយៈពេលខ្លីនេះ គឺជាលើកទី ១ ដែលប្រទេសទាំងពីរបានជួបគ្នាក្នុងកម្រិតជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈដែលភាពតានតឹងជុំវិញសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនបានកើនឡើង ហើយទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូបានធ្លាក់ចុះ។
មន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា លោក Blinken បានផ្តល់បីចំណុចដល់លោក Lavrov ក្នុងនោះមានការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន គឺរឹងមាំនិងមិនផ្លាស់ប្តូរ រុស្ស៊ីគួរតែត្រឡប់ទៅសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ហើយថា រុស្ស៊ីគួរតែដោះលែងលោក Paul Whelan ជនជាតិអាមេរិកដែលកំពុងជាប់ឃុំ៕