ក្រុមហ៊ុន​ Moderna ​ថា​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​លើ​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី

រូបឯកសារ៖ ប្រអប់​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna ត្រូវ​បាន​ត្រៀម​រៀបចំ​សម្រាប់​ដឹកជញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ចែកចាយ​នៅ​​ក្រុង Olive Branch រដ្ឋ Mississippi ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន​ផលិត​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ Moderna បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា វ៉ាក់សាំង​កូវីដ​១៩​ របស់​ខ្លួន​ទំនង​ជា​ផលិត​អង់ទីគ័រ​ប្រឆំាង​នឹង​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី ដែល​មាន​ប្រភព​មក​ពី​ចក្រភព​អង់គ្លេស និង​ប្រទេសអាហ្វ្រិក​ខាង​ត្បូង។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ក្រុមហ៊ុន​ Moderna បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ ដើម្បី​ធានា​ថា ​វ៉ាក់សាំង​របស់​ Moderna ចំនួន​ពីរ​ដូស គឺ​អាច​ការពារបាន​ជំងឺ​កូវីដ១៩​ វិវត្តថ្មី​នានា​ដែល​គេ​ទើប​បាន​រក​ឃើញ។​

ក្រុមហ៊ុន​នេះ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ខ្លួន​នឹង​បន្ត​យុទ្ធសាស្ត្រ​ព្យាបាល «ដើម្បី​ដោះស្រាយ​ការ​រាតត្បាត​យ៉ាង​សកម្ម​នៃ​ជំងឺ​កូវីដ១៩ ដែល​កំពុង​វិវត្ត​ខ្លួន» រួម​បញ្ចូល​ទំាង​ការ​ធ្វើ​តេស្ត​ពី​ប្រសិទ្ធភាព​របស់​ដូស​ទី​ពីរ​នៃវ៉ាក់សំាង​កូវីដ១៩​របស់​ខ្លួន​ផង​ដែរ។

ការ​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ថ្មីៗ​នេះ​នូវ​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី​ជា​ច្រើន​ប្រភេទ​ដែលឆ្លង​រាលដាល​កាន់​តែ​ងាយ​និង​លឿង បាន​ធ្វើ​ឲ្យ​ការ​ចាក់​វ៉ាក់សាំង​ក្លាយ​ជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​មន្ត្រី​សុខាភិបាល។ ហើយជំងឺកូវីដ​១៩​វិវត្តថ្មី​ពីចក្រភព​អង់គ្លេសថែម​ទាំង​អាច​កាចសាហាវ​ជាងកូវីដ១៩​ពី​មុន​ទៀត។

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា ទោះ​បី​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី​ពី​ចក្រ​ភព​អង់គ្លេស​មាន​ អត្រាអ្នកស្លាប់​ច្រើន​ជាង​ក្តី ក៏គេ​ជឿ​ថា​ វ៉ាក់សំាង​ដែល​មាន​ស្រាប់​សព្វ​ថ្ងៃ​នៅ​តែ​មាន​ប្រសិទ្ធភាព​ប្រឆំាង​វីរុស​ថ្មី​នេះ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ជំងឺ​កូវីដ១៩​វិវត្តថ្មី​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង​វិញ​ ប្រហែល​ជា​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សំាង​ដែល​មាន​ស្រាប់​សព្វ​ថ្ងៃ​បាន។​

​ព័ត៌មាន​ពី​ក្រុមហ៊ុន​ Moderna នេះ ​កើត​មាន​ស្រប​ពេល​ដែលករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​ជុំវិញ​ពិភពលោក កំពុង​កើន​ជិត​ដល់ ១០០ លាន​ករណី​ហើយ៕