នៅថ្ងៃពុធនេះ ការប្រឈមមុខ និងការរុញច្រានគ្នាមួយបានកើតឡើង រវាងក្រុមអ្នកតវ៉ាមួយក្រុមមានគ្នាប្រមាណ២០នាក់ ជាមួយកងសន្តិសុខចម្រុះក្នុងខណ្ឌបឹងកេងកងរាប់សិបនាក់ នៅពេលក្រុមអ្នកតវ៉ា បានដើរហែក្បួនអំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកចំណាយពេលបីនាទី ដើម្បីគោរពទង់ជាតិប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ។
ការរុញច្រានដែលឈានដល់ការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងកងសន្តិសុខដោយអន្លើៗនេះ បានកើតឡើងនៅតាមផ្លូវមួយចូលផ្សារអូឡាំពិក ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទីក្រុងភ្នំពេញ បណ្តាលឲ្យយុវតីមួយរូបដែលអះអាងថា ជាកម្មការិនីរោងចក្រកាត់ដេរ ដួលស្ទើរតែសន្លប់បាត់ស្មារតី។
កញ្ញា ហូ សារ៉េត វ័យ២៤ឆ្នាំ ដែលបានដួលទៅនឹងដី ដោយសារការរុញច្រានពីកងសន្តិសុខជាច្រើននាក់នោះ បានបង្ហាញការខឹងសម្បារនឹងកងសន្តិសុខ ដែលកញ្ញាថា ប្រើអំពើហិង្សាមកលើក្រុមអ្នកតវ៉ា។
«ខ្ញុំខ្មាសគេណាស់! ខ្ញុំខ្មាសអន្តរជាតិណាស់ ដែលពួកលោកឯង ពាក់ឯកសណ្ឋានសញ្ជាតិខ្មែរហើយ អ្នកឯងមកធ្វើបាបខ្មែរ។ សន្តិភាពស្រុកខ្មែរមានតែប៉ុណ្ណឹងណាស់! សន្តិសុខស្រុកខ្មែរមានតែប៉ុណ្ណឹង! ខ្ញុំអរគុណសន្តិភាពស្រុកខ្មែរហើយ!»
នៅមុនពេលដែលកញ្ញា ហូ សារ៉េត ដួលនោះ កងកម្លាំងសន្តិសុខខណ្ឌបឹងកេងកង បានបើករថយន្តល្បាតសន្តិសុខមួយ ដោយមានការប្រកាសពីឧបករណ៍បំពងសំឡេង ឲ្យក្រុមអ្នកតវ៉ាដែលភាគច្រើនជាក្រុមយុវជនខ្មែរថាវរៈ និងមនុស្សវ័យចំណាស់ជាបុរសនិងស្រ្តីមួយចំនួនទៀត ទៅសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
ក៏ប៉ុន្តែក្រុមអ្នកតវ៉ា បានប្រកែក និងសួរដេញដោលរកខុសត្រូវតាមផ្លូវច្បាប់ ចំពោះការចេញតវ៉ាដោយសន្តិវិធី។ បន្តិចក្រោយមក កងសន្តិសុខបានបើករថយន្តយឺតៗ បង្ខំឲ្យអ្នកតវ៉ាដើរថយចេញពីមុខរថយន្ត។ នៅពេលអ្នកតវ៉ាបដិសេធមិនថយចេញពីមុខរថយន្តនោះកងសន្តិសុខជាច្រើនក៏ចូលទៅរុញច្រាន និងចាប់ឆក់យកទង់ជាតិប្រទេសកម្ពុជាពីក្រុមអ្នកតវ៉ាមួយចំនួន បង្កឲ្យមានការប៉ះទង្គិច ដែលជាហេតុធ្វើឲ្យកញ្ញា ហូ សារ៉េត ដួលទៅផ្ទប់នឹងចំណីផ្លូវមួយ ក្បែរផ្សារអូឡាំពិក។ ក្រុមអ្នកតវ៉ាបានស្តីបន្ទោសកងសន្តិសុខចំពោះការដណ្តើមទង់ជាតិពីក្រុមអ្នកតវ៉ា។
ពេលកំពុងឈរកាន់ទង់ជាតិប្រទេសកម្ពុជានៅចំពោះមុខកងសន្តិសុខនោះ អ្នកតវ៉ាជាយុវតីមួយរូប គឺកញ្ញា ជា គន្ធីន អាយុ១៨ឆ្នាំនិយាយថា៖ «ជាបេះដូងរបស់ប្រទេសខ្មែរ...បែរជាមកដណ្តើមទង់ជាតិកញ្ឆក់យក»។
អាជ្ញាធរផ្សារមួយរូប បានព្យាយាមបំបែកអ្នកតវ៉ា នៅមុនការប៉ះទង្គិចនោះ និងបានពន្យល់ប្រាប់ក្រុមអ្នកតវ៉ាថាការតវ៉ារបស់ពួកគេ ដែលធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាតនោះ បានប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងបរិវេណផ្សារ។ អាជា្ញធររូបនោះបានប្រាប់ក្រុមអ្នកតវ៉ាយ៉ាងដូច្នេ៖
«ខ្ញុំចង់និយាយថា បើអូនឯង អាចរកតំណាងទៅស្នើសុំទៅសាលារាជធានី ដើម្បីបញ្ចេញមតិ។ អូនឯងមិនចេះតែមកធ្វើអីនេះទេ»។
ដោយឡែក នៅក្នុងការតវ៉ានាថ្ងៃនេះ អ្នកសារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក និងអ្នកសារព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យវីអូឌី មិនត្រូវបានមន្ត្រីសន្តិសុខផ្សារអូឡាំពិក និងក្រុមប្រជាការពាររបស់សង្កាត់បឹងកេងកង អនុញ្ញាតឲ្យចូលក្នុងផ្សារទេ នៅពេលក្រុមអ្នកតវ៉ាផ្តើមយុទ្ធនាការរបស់ពួកគេពីក្នុងផ្សារនៅព្រឹកថ្ងៃពុធនេះ។ មន្ត្រីសន្តិសុខម្នាក់និយាយថា៖
«ខ្ញុំអត់ហ៊ានឲ្យបងចូលផ្សារ។ អាហ្នឹងវាពិបាកនិយាយគ្នាបន្តិច។ បើបងនៅដើរតាមផ្លូវ ខ្ញុំអាចអធ្យាស្រ័យបានតែបើចូលផ្សារខ្ញុំសុំហាមឃាត់»។
នៅពេលអ្នកកាសែតសួរមន្ត្រីសន្តិសុខនោះ អំពីហេតុផលដែលហាមមិនឲ្យចូលផ្សារខណៈសាធារណជននៅពេញក្នុងផ្សារនោះ មន្ត្រីសន្តិសុខនិយាយថា៖«កន្លែងចំណុចនេះ ខ្ញុំពិបាកនិយាយជាមួយណាស់»។
ក្រុមយុវជនខ្មែរថាវរៈ និងអ្នកតវ៉ាឯទៀត បានចេញសកម្មភាពតវ៉ាជាសាធារណៈរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងគោលបំណងទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហភាពសហជីពកម្ពុជា ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ឃុំខ្លួន ក្រោយលោកនិយាយរិះគន់ភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។ ក្នុងការតវ៉ារាល់លើកគេសង្កេតឃើញកងកម្លាំងសន្តិសុខចម្រុះរបស់ទីក្រុងភ្នំពេញ តែងតែតាមរំខាន និងបង្ក្រាបសកម្មភាពតវ៉ានោះ។
លោក ហ៊ុន វណ្ណៈ សមាជិកម្នាក់របស់ក្រុមយុវជនខ្មែរថាវរៈ ប្រាប់អ្នកកាសែតថា ការតវ៉ានៅថ្ងៃនេះ គឺជាការពញ្ញាក់ស្មារតីឲ្យពលរដ្ឋខ្មែរ ងាកមកបង្កើនទឹកចិត្ត ស្នេហាជាតិ ដោយការចំណាយពេលត្រឹមបីនាទី សម្រាប់គោរពទង់ជាតិប្រទេសជាតិរៀងរាល់ថ្ងៃ។ ប៉ុន្តែសកម្មភាពនេះបែរជាមិនត្រូវបានលើកទឹកចិត្តដោយអាជ្ញាធរ តែបែរជាត្រូវបានបង្ក្រាបទៅវិញ។
«ស្ថានភាពហ្នឹងហើយ ដែល ដែលពួកយើងធ្វើយុទ្ធនាការហ្នឹងដោយសារមើលឃើញអ៊ីចឹង។ពួកគាត់ អត់សូវស្រឡាញ់ជាតិប៉ុន្មានទេ។ ឥឡូវគាត់បង្ហាញនូវជំហរថា គ្រាន់តែយើងចង់ឲ្យខ្មែរស្រឡាញ់ជាតិ ក៏គាត់រារាំង»។
លោកបន្ថែមថា ការតវ៉ាទាមទាររកយុត្តិធម៌ជូនលោក រ៉ុង ឈុន រមែងរងការបង្ក្រាប ទើបធ្វើឲ្យក្រុមយុវជនងាកមកធ្វើសកម្មភាពលើកកម្ពស់ស្មារតីស្រឡាញ់ជាតិដល់ពលរដ្ឋខ្មែរទូទៅ និងកងកម្លាំងដែលបម្រើរដ្ឋាភិបាលក្នុងនោះក៏មានទាំងកងសន្តិសុខផងដែរ។
លោក ថា ឡាវី យុវជនជាអ្នកតវ៉ាមួយរូបទៀតចាត់ទុកថា ការរារាំងរបស់កងសន្តិសុខ មិនឲ្យអ្នកតវ៉ាដើរហែក្បួន ដើម្បីជំរុញទឹកចិត្តស្នេហាជាតិនោះគឺជារឿងគួរឲ្យអស់សំណើច។
«មើលទៅវាដូចជាកំប្លែងខ្លាំងសម្រាប់ខ្ញុំ។ នៅពេលដែលយើងជាមនុស្សម្នាក់ យុវជនម្នាក់ ដែលស្រឡាញ់ជាតិរបស់យើងនាំគ្នាចូលរួមជាសកម្មភាពដើម្បីបញ្ជ្រាបដល់មហាជនឲ្យបានឃើញពីអ្វីដែលយើងចង់បានគឺការស្រឡាញ់ជាតិ ហើយម្នាក់ៗចេះឈឺឆ្អាលបញ្ហាជាតិ តាមដានបញ្ហាដែលវិវឌ្ឍប្រចាំថ្ងៃ ក៏មានអាការរារាំងពីសំណាក់អាជ្ញាធរ»។
វីអូអេព្យាយាមសុំការអធិប្បាយពីលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង តែលោកថា កំពុងជាប់រៀននៅក្រសួងមហាផ្ទៃ។ វីអូអេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ម៉េត មាសភក្តី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានទេដោយសារទូរស័ព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាទង្វើហាមឃាត់របស់អាជ្ញាធរមានសមត្ថកិច្ចមកលើក្រុមអ្នកតវ៉ា មិនបង្ហាញឲ្យឃើញថារដ្ឋាភិបាលកម្ពុជាផ្តល់តម្លៃដល់ប្រព័ន្ធប្រជាធិបតេយ្យដែលយកជាប្រជាពលរដ្ឋជាធំនោះទេ។
«ទង្វើនៃរូបភាពទាំងអស់នេះ គឺវាមិនមែនតែ ដើរនៅក្នុងគន្លងប្រជាធិបតេយ្យទេ គឺវាផ្ទុយទៅវិញគឺ វាធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ...អ៊ីចឹងហើយបានជាគេលើកឡើង ឬក៏មតិជាតិមួយចំនួន និងអន្តរជាតិ គេលើកឡើងថាប្រទេសកម្ពុជាយើងហ្នឹង លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកំពុងតែបោះជំហានថយក្រោយ»។
ពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យអ្នកកាសែតចូលយកព័ត៌មានក្នុងផ្សារសាធារណៈដោយគ្មានហេតុផលនោះ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា នេះជាការរំលោភសិទ្ធិសេរីភាពសារព័ត៌មាន។
ប៉ុន្តែ លោកនាយឧត្តមសេនីយ៍ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា គ្មានការហាមឃាត់ណាមួយមិនឲ្យអ្នកកាសែតចុះយកព័ត៌មានក្នុងផ្សារទេ។លោកថា ការហាមឃាត់នោះ អាចមកពីអ្នកគ្រប់គ្រងផ្សារ រៀបចំការពារសណ្តាប់ធ្នាប់ក្នុងផ្សារ។
«អត់មានឃាត់អ៊ីចឹងទេអូន។ អត់មានទេ មានច្បាប់ទម្លាប់ណាឃាត់អ៊ីចឹង?»
លោកបន្ថែមថា៖
«រឿងគ្នាកំពុងដោះស្រាយសណ្តាប់ធ្នាប់ រឿងអីទេដឹង! អាហ្នឹងអូនឯងព្រឹកមិញមិនទៅសួរអ្នកគ្រប់គ្រងផ្សារអូន»។
ការតវ៉ារបស់ក្រុមយុវជនខ្មែរថាវរៈ និងអ្នកតវ៉ាឯទៀតដើម្បីដាស់តឿនពីការស្រឡាញ់ជាតិខ្មែរនៅថ្ងៃនេះកើតមានឡើងនៅចំពេលដែលសហភាពអឺរ៉ុបផ្តើមយកពន្ធ២០ភាគរយ លើទំនិញនាំចូលពីកម្ពុជាទៅក្នុងទីផ្សារសហភាពអឺរ៉ុប តាមកម្មវិធីអនុគ្រោះពន្ធលើ«គ្រប់មុខទំនិញទាំងអស់លើកលែងសព្វាវុធ» ឬហៅកាត់ថា EBA។ ការសម្រេចយកពន្ធនេះ ធ្វើឡើង ដោយសារសហភាពអឺរ៉ុបរកឃើញថា កម្ពុជាបានរំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ៕