ជំហរ​រចុង​ក្រោយ​របស់​ស.រ.អា.​នាំ​ឲ្យ​មាន​អត្ថាធិប្បាយ​ផ្សេង​គ្នា

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ២៥ តុលា ២០១៣។.

អ្នក​ការទូត​ជាន់​ខ្ពស់​របស់​ស.រ.អា.​គឺ​ ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក​ ស្កត ម៉ាសៀល​ (Scot Marciel) ​បាន​ទទូច​ដល់​អ្នក​នយោបាយ​ប្រទេស​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដោះស្រាយ​បញ្ហា​ ជាប់​គាំង​នយោបាយ​ពី​ការ​បោះឆ្នោត​ ហើយ​បេ្តជា្ញ​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ កម្ពុជា។​ អត្ថាធិប្បាយ​ដូច្នេះ​មាន​ការ​គាំទ្រ​ផង​ និង​មិន​គាំទ្រ​ផង។​ ក្រុមអ្នក​តាមឃ្លាំ​មើល​នយោបាយ​កម្ពុជា​ខ្លះ​បាន​អះអាង​ថា​ អត្ថាធិប្បាយ​ដូច្នេះ​មិនមែន​ជាដំណោះ​ស្រាយ​ដែល​ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​គួរ​ប្រកាន់​យក​ទេ។​

លោក​ហ្វ៊ីល រ៉ប៊ឺតសុន​ (Phil Robertson) នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​យូមែនរ៉ៃ​វច​ (Human Rights Watch)​ ប្រចាំ​តំបន់​អាស៊ី​ បាន​អះអាង​ថា​ អត្ថាធិប្បាយ​របស់​លោក ​Scot Marciel ​គឺ​ជា​ភាសា​ការទូត​តែ​ប៉ុណ្ណោះ​ ហើយ​ការ​ស្នើ​របស់​លោក​មិនមែន​ជា​ដំណោះស្រាយ​ទេ​ ទោះបី​ជា​រឿង​នេះ​គួរ​ត្រូវ​ដោះស្រាយ​ដោយ​អ្នក​នយោបាយ​កម្ពុជា​ខ្លួន​ឯង​ក្តី។​

«ខ្ញុំ​ចង់​និយាយ​ថា​ ជា​ការណ៍​ពិត​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​នេះ​ហើយ។ តែ​វា​មិន​មាន​ន័យ​ថា​ លោក ​Scot Marciel ​និង​រដ្ឋាភិបាល​ស.រ.អា.​ទទួល​បាន​ប័ណ្ណ​ចេញចូល​ដោយ​សេរី​មួយ​ ដែល​អាច​ដើរ​ចេញ​ពី​ស្ថាន​ការណ៍​នេះ​ទេ»។​

លោក​បន្ត​ថា ​ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​គួរ​តែ​បន្ត​ជំរុញ​ឲ្យ​កម្ពុជា​ធានា​ យ៉ាង​ណា​គោរព​សិទ្ធិ​មនុស្ស​តាម​កាតព្វកិច្ច​អន្តរជាតិ​ និង​ស៊ើប​អង្កេត​ការ​រំលោភ​ សិទ្ធិ​ពលរដ្ឋ​ក្នុង​ពេល​បោះឆ្នោត​គឺទាក់ទង​នឹង​ភាព​មិន​ប្រក្រតី។​

«ជា​ការណ៍​ពិត ​រដ្ឋាភិបាល​កម្ពុជា​កំពុង​សំឡឹង​មើល​សហគមន៍​អន្តរជាតិ​ដើម្បី​កំណត់​ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​បង្ខំ​ពលរដ្ឋ​ដែល​លើក​ឡើង​អំពី​បញ្ហា​ដែល​រដ្ឋាភិបាល​មិន​ចូលចិត្ត​នោះ​ ខ្លាំង​និង​រហ័ស​ប៉ុណ្ណា? ​ប្រសិន​បើ​សហគមន៍​អន្តរជាតិ​សំឡឹង​មើល​ដោយ​យក​ចិត្ត​ទុកដាក់​ពិតប្រាកដ ​រដ្ឋាភិបាល​នឹង​បន្ថយ​សកម្មភាព​ ហើយ​នឹង​រក្សា​ភាពស្ងប់​ស្ងៀម​បន្តិច​ ហើយនឹង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ។​ តែ​នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ងាក​ចេញ​ឬ​ដើរ​ចេញ ​ដោយ​ព្រោះតែ​គេ​គិត​ថា ​កិច្ចការ​ទាំងអស់​បាន​ធ្វើ​រួច​ហើយ ​ពេលនោះ​ហើយ​ជា​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​ជំទាស់»។​

ក្នុងការ​បោះឆ្នោត​កាល​ពី​ខែកក្កដា​ គណបក្ស​ជំទាស់​ឈ្នះ​អាសនៈ​សភា​ចំនួន​៥៥​ ក្នុង​ចំណោម​១២៣​ក្នុង​សភា​សរុប ​ហើយមិន​ព្រម​ចូលរួម​ប្រជុំ​សភា​ដើម្បី​ផ្តល់​ ភាព​ស្រប​ច្បាប់​ពេញលេញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​អាសនៈ​ សភា​៦៨​ទេ​ ដោយសារ​ថា​ ភាព​មិន​ប្រក្រតី​ មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ បាន​ប្តូរ​ជ័យជំនះ​របស់​ពួក​គេ។​ គណបក្ស​ជំទាស់​ធ្វើ​បាតុកម្ម​ជាច្រើន​លើក​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ ដោយមាន​ការចូលរួម​ពី​អន្តរជាតិ​ ហើយ​ក៏​ធ្លាប់​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​នានា​ ដែល​គេ​គិត​ថា ​ជា​ផល​ប្រយោជន៍​របស់​ជាតិ។​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​ ដោយសារ​ថា​ ខ្លួន​ជា​អ្នកឈ្នះ​ការ​បោះឆ្នោត។​ ការ​ជាប់​គាំង​នយោបាយ​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​ ដូចជា​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ពិបាក​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី។​

មុន​ពេល​មួយថ្ងៃ​ដែល​មន្ត្រី​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស សង្គ្រោះជាតិ​ព្យាយាម​ជួបគ្នា​ដើម្បី​ពិភាក្សា​ពីបញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​រក​ ដំណោះ​ស្រាយ​លើ​ការ​គាំង​ដំណើរ​ផ្នែក​នយោបាយ​ និង​ការ​ធ្វើ​យ៉ាងណា​ដើម្បី​ ឲ្យ​គណៈបក្ស​ទាំងពីរ​អាចចុះ​សម្រុងគ្នា​ឡើង​វិញ​ និង​អាច​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​នោះ​ លោក ​Scot Marciel ​បាន​អះអាង​ថា​ ស.រ.អា.​មិន​មែន​ជា​អ្នក​ផ្តល់​ប្រឹក្សា​ឬ​ប្រកាន់​ខាង​គណបក្ស​ណា​មួយ​ទេ។​

«ដំណោះ​ស្រាយ​គឺ​ត្រូវ​តែ​ជា​ដំណោះ​ស្រាយ​កម្ពុជា។​ យើង​មិន​មក​ទីនេះ​ដើម្បី​ ព្យាយាម​បង្ខំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ទេ ​តែ​យើង​ពិត​ជា​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ ការ​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។​

លោក​ សុខ ទូច​ សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​គាំទ្រ​សេចក្តី ​ថ្លែង​ការណ៍​របស់​ស.រ.អា. ​ដោយ​អះអាង​ថា ​ស.រ.អា.​នៅតែ​ប្រកាន់​គោលការណ៍​របស់​ខ្លួន​ថា ​គេ​ឲ្យ​កម្ពុជា​ដោះស្រាយ​ដោយ​ខ្លួន​ឯង​តាម​ដំណើរការ​ប្រជាធិបតេយ្យ។

«ពីព្រោះ​អី​ ពីព្រោះ​គេ​ទាមទារ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ។​ អញ្ចឹង​បើ​ប្រជាធិបតេយ្យ​ មាន​ភាព​មិន​ប្រក្រតី​ណា​មួយ ​រឿង​ហ្នឹង​មិន​មែន​ហៅ​ថា​ប្រជាធិបតេយ្យ​ទេ។​ ចំណុចទី ១។​ ចំណុច​ទី២​ ឧបការី​របស់​អាមេរិក​ហ្នឹង​គឺ​និយាយ​ថ្លែង​ការណ៍​ទៅ​តាម​អគ្គរដ្ឋទូត​របស់​គេ​ដែល​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ ហើយ​ចំណុច​ទី៣​អាមេរិក​មិន​ អាច​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​បាន​ទេ»។​

លោក​គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល​ បាន​អះអាង​ថា​ អត្ថាធិប្បាយ​របស់​លោក​ Scot Marciel ​ជា​ការ​បង្ហាញ​នៃ​ការ​តាមដាន​របស់​ស.រ.អា.​ និង​ការ​មិន​បោះបង់​កម្ពុជា។​

«ខ្ញុំ​ថា​ រឿងហ្នឹង​វាស៊ី​សង្វាក់​ទេ​ ចំពោះ​ការ​ឲ្យ​យោបល់​ប្រទេស​នានា​ដល់​ប្រទេស​ កម្ពុជា​យើង​ក្នុងការ​ដោះស្រាយ​ទំនាស់​បោះឆ្នោត​ក្តី​ ទំនាស់​នយោបាយ​ក្តី ​ដែល ឲ្យ​ភាគី​គណបក្ស​ទាំងពីរ​ហ្នឹង​ខិតខំ​ដោះស្រាយ។​ ពី​មុន​មក​ក៏​ធ្លាប់​ឲ្យ​យោបល់ បញ្ហា​ហ្នឹង​ដែរ»។​

ក្រុមអ្នក​វិភាគ​បាន​អះអាង​ស្រដៀង​គ្នាថា​ ជំនួប​ជាថ្មី​ក្រោយ​រយៈ​ពេល​ខកខាន​រក​ ដំណោះ​ស្រាយ​ជាច្រើន​លើក​រវាង​មន្ត្រី​គណបក្ស​ទាំងពីរ​នៅ​ថ្ងៃនេះ​គឺ​ជា​ការ​ជួប​ មួយ​ដែល​មិន​ទាន់​មាន​បញ្ហា​អ្វី​ដែល​អាច​ឈានដល់​កិច្ចព្រម​ព្រៀង​ទេ ​នៅ​ពេល​ ដែល​ក្រុម​មេ​ដឹកនាំ​នយោបាយ​កំពូល​មិន​បាន​ចូលរួម​នៅ​ឡើយ​នោះ៕