រយៈពេលជិតពីរឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម បានចាប់ក្មេងស្រីច្រើនជាង ២០០ នាក់ដែលកំពុងប្រឡងវគ្គផ្តាច់ព្រ័ត្រនៅតំបន់ភាគឦសានដែលបានបំផ្លិចបំផ្លាញដោយសង្គ្រា របស់ប្រទេសនីហ្សេរីយ៉ា ហើយសាច់ញាតិរបស់ក្មេងស្រីដែលបានបាត់ខ្លួនទាំងនោះ និយាយថា មានសំនួរដែលគ្មាន ចម្លើយជាច្រើន។ លោក Ayuba Alamson ចង់ដឹងថា ហេតុអ្វីបានជាអនុវិទ្យាល័យនេះត្រូវបានបើក នៅពេលដែលសាលាដទៃទៀតត្រូវបានបិទ ដោយសារតែកំណើននៃអំពើហិង្សាដោយក្រុមឧទ្ទាមបូកូហារ៉ាម។
ដំណើរផ្សងព្រេងរបស់ក្រុមនេះក្នុងការបង្កើតច្បាប់ឥស្លាមដ៏តឹងរឹងនៅភាគឦសាន បានធ្វើឲ្យមនុស្សជាង ២ លាននាក់បាត់បង់ទីជម្រក និងបានសម្លាប់មនុស្សជាង ២០.០០០ នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។
លោក Alamson មានវត្តមានក្នុងចំណោមក្រុមមួយនៃសមាជិកក្រុមគ្រួសារនិង សហគមន៍ដែលបានជួបជាមួយលោកប្រធានាធិបតី Buhari ។ លោកសង្ឃឹមថា ការស៊ើបអង្កេតថ្មីនេះ នឹងផ្តល់តម្រុយច្រើនជាងមុន ចំពោះការចាប់ជំរិតដ៏ធំនេះ។
«ដូច្នេះពួកយើងកំពុងតែទាមទារឲ្យមានការស៊ើបអង្កេតទូលំទូលាយ ដែលនឹងត្រូវអនុវត្ត ហើយការងារនេះត្រូវបានដឹងឮ ដល់ឪពុកម្តាយ សាច់ញាតិ និងពិភពលោកទាំងមូល»។
រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Goodluck Jonathan បានប្រកាសនូវការស៊ើបអង្កេតលើកដំបូងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីក្មេងស្រីសិស្សសាលាទាំងនោះត្រូវបានចាប់ជំរិតពីក្រុង Chibok ។ ប៉ុន្តែសមាជិកសហគមន៍លោក Manasseh Allen បាននិយាយថា គ្មានរបាយការណ៍ណាមួយបានចេញផ្សាយទេ ហើយក្រុមអ្នកស៊ើបអង្កេតមិនបានសូម្បីតែចុះមកពិនិត្យឲ្យបានល្អិតល្អន់ ។
«ពួកគេបានចូលមកក្រុង Chibok តាមឧទ្ធម្ភាគចក្រ។ បន្ទាប់ពីចុះចតរួច ពួកគេគ្រាន់តែសួរសុខទុក្ខឪពុកម្តាយ ថតវីដេអូនោះ ហើយពួកគេក៏ឡើងឧទ្ធម្ភាគចក្រទៅវិញម្តងទៀត។ ក្រៅពីម្តងនោះ មិនដែលមានការស៊ើបអង្កេតអ្វីទៀតឡើយ»។
នេះហើយជាមូលហេតុដែលលោក Allen បាននិយាយថា លោកមានការសង្ស័យថាតើការស៊ើបអង្កេតថ្មីនេះនឹងអាចសម្រេចបានអ្វីខ្លះ។
«ខ្ញុំមិនបានឃើញ មានការស៊ើបអង្កេតនោះទេ ហើយវាខិតជិតមួយឆ្នាំទៅហើយ ដែលជាពេលត្រូវតែបញ្ចេញរឿងមកក្រៅ»។
ក្នុងការជជែកកម្សាន្តតាមទូរទស្សន៍ជាមួយអ្នកកាសែតកាលពីខែមុន លោកប្រធានាធិបតី Buhari និយាយថា ទីតាំងរបស់ក្មេងស្រីទាំងនោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ លោកបានបន្តថា លោកមានការបើកចំហរក្នុងការចរចាជាមួយក្រុម បូកូហារ៉ាមដោ ពាក់ព័ន្ធនឹងបញ្ហាអ្នកដែលត្រូវបានចាប់ជំរិត ប្រសិនបើលោកអាចរកឃើញទីតាំងរបស់មេដឹកនាំពួកគេ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង