អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាសាទរចំពោះការដោះលែងមន្ត្រីការពារសិទិ្ធមនុស្សបួនរូបរបស់សមាគមការពារសិទិ្ធមនុស្សអាដហុក និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយពួកគេក៏ចង់ឃើញតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកប្រាំនេះផងដែរ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម មានប្រសាសន៍ប្រាប់ VOA ថា លោកស្វាគមន៍ចំពោះការសម្រេចចិត្តរបស់តុលាការដែលបានអនុញ្ញាតឲ្យអ្នកទាំងប្រាំបានស្ថិតនៅក្រៅឃុំ។ លោកថា តុលាការគួរពិចារណាម្តងទៀតទៅលើការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកប្រាំនោះតែម្តង ដើម្បីឲ្យពួកគេរួចពីសំណាញ់តុលាការ។
«ទស្សនៈរបស់ខ្ញុំ វាគួរណាស់តែមានការដោះលែងឲ្យមានសេរីភាពទាំងស្រុងតែម្តងទៅ បាទ។ កាលណាដាក់នៅរបៀបថា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហ្នឹង យើងមិនខុសពីលែងមនុស្សពីទ្រុងតូចមកដាក់ក្នុងទ្រុងធំ ដែលគ្នាមានការពិបាកនៅក្នុងការ ដូចថា សេរីភាពក្នុងការធ្វើដំណើរ ការរស់នៅអីចឹងណ៎ាបាទ។ នេះជារឿងមួយដែលខ្ញុំគិតថា ពួកគាត់គួរតែបានទទួលនូវសេរីភាព១០០ភាគរយតែម្តង»។
អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមរូបនេះលើកឡើងថា ប្រសិនបើតុលាការនៅបន្តឃុំអ្នកទាំងប្រាំនាក់នេះយូរទៅទៀត នោះអ្នកខាតបង់ផលប្រយោជន៍ខ្លាំងជាងគេគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា ការដោះលែងអ្នកទាំងប្រាំក្រោយការបោះឆ្នោតថ្នាក់មូលដ្ឋាន ក៏ជាសញ្ញាវិជ្ជមានដល់បរិយាកាសនយោបាយនៅកម្ពុជា ដែលនឹងរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោកក៏បានលើកឡើងផងដែរថា តុលាការគួរតែទម្លាក់បទចោទប្រឆាំងនឹងអ្នកទាំងប្រាំនេះតែម្តង ព្រោះពួកគេមិនធ្វើខុសដូចអ្វីដែលតុលាការបានចោទនោះឡើយ។
«បន្តទៀតហ្នឹង ក្រៅពីដោះលែងនៅក្រៅឃុំបណ្តោះអាសន្ននេះ ខ្ញុំថា ការទម្លាក់នូវបទចោទ ដើម្បីផ្តល់នូវយុត្តិធម៌ដល់ពួកគាត់ទាំងប្រាំរូបនេះ ខ្ញុំគិតថា ជាអ្វីមួយដែលមហាជនចង់បាន ក៏ដូចជាសាមីខ្លួនគេដែរ»។
តុលាការក្រុងភ្នំពេញបានធ្វើការសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងការដោះលែងអ្នកទាំងប្រាំនេះ ឱ្យនៅក្រៅឃុំ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីពួកគេត្រូវបានដាក់ក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ។ អ្នកការពារសិទ្ធិមនុស្សទាំងបួននាក់មកពីសមាគមអាដហុក រួមមានលោកស្រីលឹម មុន្នី លោក នី សុខា លោកណៃ វ៉ង់ដា និងលោកយី សុខសាន្ត ហើយនឹងលោក នី ចរិយា អគ្គលេខាធិការរងនៃ គ.ជ.ប.ត្រូវបានសមាជិកក្រុមគ្រួសារ និងសកម្មជនសិទ្ធិមនុស្សដូចគ្នាទទួលស្វាគមន៍នៅក្រៅពន្ធនាគារក្នុងរាជធានីភ្នំពេញនាយប់ថ្ងៃដដែល។
ការដោះលែងអ្នកទាំងប្រាំនេះបានធ្វើឡើងមិនបានប៉ុន្មានថ្ងៃក្រោយពីជំនួបផ្លូវការដ៏កម្រមួយរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ការដោះលែងអ្នកការពារសិទ្ធិមនុស្សភ្លាមៗនោះត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិ និងអង្គទូតនានានៅរាជធានីភ្នំពេញផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍ដោយសរសេរថា៖
«ស្វាគមន៍ការដោះលែងឲ្យនៅក្រៅឃុំនៃមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សកម្ពុជាដែលមានឈ្មោះថា អាដហុក។ ការសម្រេចចិត្តតាមផ្លូវច្បាប់នេះនឹងកាត់បន្ថយបន្ទុកដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលគេប្រឈមដោះស្រាយចំពោះបណ្តឹងចោទប្រកាន់ចំពោះរូបគេ»។
ស្របគ្នានោះដែរ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានស្វាគមន៍ការដោះលែងអ្នកទាំងប្រាំនេះ និងបានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិនានា ដែលបានគិតគូរអំពីការឃុំឃាំងអ្នកទាំងប្រាំរហូតដល់ពេលដែលពួកគេត្រូវបានដោះលែង។
ដោយឡែកគណបក្សសង្គ្រោះជាតិ នាថ្ងៃសុក្រនេះ បានសម្តែងការស្វាគមន៍ចំពោះការដោះលែងមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក និងលោកនី ចរិយា មន្ត្រីគ.ជ.ប.ដែលជាអតីតអ្នកការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សនេះផងដែរ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ៣០ ខែមិថុនានេះបានឲ្យដឹងថា គណបក្សសង្គ្រោះជាតិសង្ឃឹមថា ការដោះលែងនេះជាជំហានមួយដើម្បីឈានទៅរកស្ថានភាពនយោបាយកាន់តែល្អប្រសើរឡើង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខនេះ។
រីឯអ្នកនាំពាក្យគណបក្សកាន់អំណាចគឺលោក សុខ ឥសាន បានលើកឡើងថា មិនមានសម្ពាធនយោបាយពីខាងក្រៅ និងក្នុងប្រទេស ឬក៏ការចរចាខាងនយោបាយណាមួយដែលជំរុញឲ្យមានការដោះលែងអ្នកទាំងប្រាំនាក់នេះទេ។ លោកថ្លែងថា តុលាការបានប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការដោះលែងអ្នកទាំងប្រាំ។ លោក សុខ ឥសាន ក៏បានសម្តែងក្តីសោកស្តាយផងដែរ ទាក់ទិនការឃុំខ្លួនអ្នកទាំងប្រាំក្នុងរយៈពេលដ៏យូរនេះ។
«ខ្ញុំយល់ថា ហ្នឹងវាជាសិទ្ធិសម្រេចរបស់តុលាការ ក្រោយពីបានធ្វើការស៊ើបអង្កេតចប់សព្វគ្រប់ហើយបាទ! ហើយបញ្ហានេះ ខ្ញុំយល់ថា គួរឲ្យសោកស្តាយដែរ មិនគួរឲ្យយូរ»។
អ្នកទាំងប្រាំត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណ១ឆ្នាំ ២ខែ ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទគួរឲ្យមន្ទិលរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ក្នុងការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាដហុក លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA ថា៖
«ខ្ញុំសុំសម្តែងអារម្មណ៍ត្រេកអរហើយនឹងស្វាគមន៍ចំពោះការដោះលែងអ្នកទាំងប្រាំនាក់ឲ្យមានសេរីភាពឡើងវិញ។ នេះជាអ្វីដែលយើងរំពឹងជាងមួយឆ្នាំមកហើយ ក្នុងការដោះលែងអ្នកទាំងអស់នេះ ហើយយើងឃើញហើយ ដូចរឿងគាត់ហ្នឹង យើងឃើញថា គេមានការធ្វើយុទ្ធនាការច្រើនណាស់សំណូមពរឲ្យមានការដោះលែងអ្នកទាំងប្រាំនាក់ហ្នឹង។ ប៉ុន្តែទោះយ៉ាងណាក៏យើងនៅតែសោកស្តាយ នៅឡើយដោយសារថា ទោះបីជាលោកមានសេរីភាពក៏ដោយ ក៏នេះជាការដោះលែងបណ្តោះអាសន្ននៅក្រៅឃុំ»។
លោក ណៃ វ៉ង់ដា ដែលស្ថិតក្នុងចំណោមអ្នកការពារសិទិ្ធមនុស្សរបស់សមាគមអាដហុកដែលទើបតែត្រូវបានដោះលែង បានប្រាប់ VOA តាមការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ VOA នៅទីស្នាក់ការរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកថា លោកមានការភ្ញាក់ផ្អើលចំពោះការដោះលែងលោក និងសហការីរបស់លោកដែលមិននឹកស្មានដល់។
«ជារួម ខ្ញុំអត់មានបានដឹង ឬក៏មានសញ្ញាអីនៃការដោះលែងហ្នឹងទាល់តែសោះ។ នៅពេលដែលគេហៅឲ្យស្លៀកពាក់ ហើយមានការដោះលែងអិចឹង គឺខ្ញុំ ដំបូងគឺខ្ញុំអត់ជឿទាល់តែសោះ។ ខ្ញុំមិនជឿ។ វាមានហេតុផលច្រើនដែលខ្ញុំមិនចង់រៀបរាប់ពេលហ្នឹង តែខ្ញុំមិនជឿថា មានការដោះលែង។ ប៉ុន្តែការដោះលែងនេះកើតឡើងដោយពិតប្រាកដ ហើយហាក់ដូចជាយល់សប្តិសម្រាប់រូបខ្ញុំ ហើយនិងក្រុមគ្រួសារ ហើយដូចខ្ញុំបានជម្រាបអីចឹងថា ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា អ្នកសារព័ត៌មាន សហគមន៍អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋមូលដ្ឋាន សហគមន៍ ហើយក៏សុំអរគុណដល់អ្នកដែលជាប់ពន្ធនាគារហ្នឹង ដូចគ្នាជាពិសេសក្នុងបន្ទប់ដែលខ្ញុំរស់នៅ បន្ទប់ A 33 ហ្នឹង គឺគាត់បានមើលថែខ្ញុំ ជួយលើកទឹកចិត្ត ជួយខ្ញុំក្នុងការរក្សាសុខភាពអីសព្វបែបយ៉ាង»។
ដោយឡែកនៅឯទីស្នាក់ការរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក នាល្ងាចថ្ងៃសុក្រនេះ មានការប្រារព្ធពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនាជាបន្តបន្ទាប់ សម្រាប់អ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមនេះ ដើម្បីសាទរចំពោះការដោះលែងបណ្តោះអាសន្នពីការឃុំឃាំងឱ្យមានសេរីភាពនេះ៕