មន្រ្តីប៉ូលិសជាន់ខ្ពស់កម្ពុជា បានអះអាងថា សកម្មជនថៃ ឈ្មោះ Wanchalearm Satsaksit ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួននៅកម្ពុជា កាលពីសប្តាហ៍មុន មិនបានស្នាក់នៅខុនដូ និងមិនមានឈ្មោះជាអ្នកស្នាក់នៅខុនដូមួយ នៅខណ្ឌជ្រោយចង្វារ កន្លែងដែលលោកត្រូវបានចាប់ដាក់ក្នុងរថយន្តនោះទេ។
លោក Wanchalearm ជាសកម្មជនជាតិថៃដែលរិះគន់រដ្ឋាភិបាលថៃ ដែលបានគេចខ្លួនមករស់នៅកម្ពុជាជាច្រើនឆ្នាំមកហើយនោះ បានបាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ កាលពីសប្តាហ៍មុន សាក្សី ៣ នាក់ បានប្រាប់ VOA ថា ពួកគេឃើញជនជាតិថៃលោក Wanchalearmអាយុ ៣៧ ឆ្នាំ ត្រូវបានបុរស ៣ នាក់ ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿង នៅមុខខុនដូមួយដែលសកម្មជនរូបនោះស្នាក់នៅច្រើនឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាក្សីបញ្ជាក់ថា ពិតជាជនជាតិថៃ ដែលរូបថតរបស់លោក ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា ម្ចាស់ខុនដូបានប្រាប់ប៉ូលិសថា មិនមានឈ្មោះជនជាតិថៃដែលបាត់ខ្លួន ស្នាក់នៅខុនដូទេ ហើយម្ចាស់ខុនដូក៏លើកឡើងថា មិនដែលឃើញជនជាតិថៃជាអតិថិជនស្នាក់នៅដែរ។
លោកមានប្រសាសន៍ថា៖ «ជាលទ្ធផល អត់មានឈ្មោះហ្នឹង ចុះបញ្ជីស្នាក់នៅខុនដូនោះទេ។ នេះជាលទ្ធផលនៃការស៊ើបអង្កេត ផ្ទៀងផ្ទាត់ព័ត៌មាន។ ម្ចាស់ខុនដូបញ្ជាក់ថា អត់មានឈ្មោះហ្នឹង អត់មានរូបថតហ្នឹង ស្នាក់នៅខុនដូគាត់ទេ។ ដូច្នេះមិនដឹងឃ្លីបវីដេអូហ្នឹង កើតនៅកន្លែងណា ឬពេលណាទេ»។
ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើមានការសាកសួរពលរដ្ឋជុំវិញថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ឬយ៉ាងណា។ លោកបានប្រតិកម្មថា អ្នកសារព័ត៌មានមិនគួរសួរសំណួរបែបនេះទេ។
លោក ឆាយ គឹមខឿន បន្តថា សមត្ថកិច្ចរីករាយស្វាគមន៍នឹងទទួលយកព័ត៌មាន និងការសហការពីសាក្សី ដើម្បីស្វែងរកបន្តទៀត។
បើតាមលោក ឆាយ គឹមខឿន ចាប់តាំងពីឆ្នាំ ២០១៧ ជនជាតិថៃ Wanchalearm មិនមានឈ្មោះសុំទិដ្ឋាការពីអាជ្ញាធរកម្ពុជានោះទេ។ ដូច្នេះលោកថា ជនជាតិថៃនោះអាចចេញពីកម្ពុជា ឬរស់នៅដោយខុសច្បាប់។
សាក្សីដែល VOA បានសាកសួរបញ្ជាក់ថា ពិតជាមានហេតុការណ៍នៃការចាប់មនុស្សដាក់ក្នុងរថយន្តមែន កាលពីម៉ោងជាង៤ល្ងាច ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា សប្តាហ៍មុន។
ពួកគេថា នេះជាការចាប់ជនជាតិថៃ ដែលស្នាក់នៅខុនដូជាច្រើនឆ្នាំមកហើយ។ ពួកគេបន្តថាជនជាតិថៃនោះតែងតែចេញមកទិញម្ហូបអាហារ ហើយពួកគេឃើញមុខស្ទើររាល់ថ្ងៃ។ សាក្សីដែលឃើញការចាប់នោះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភអំពីសុវត្ថិភាព។
ពួកគេថាបុរសជាតិជាតិថៃនោះបានស្រែកជាភាសាខ្មែរថា «ជួយផង! ជួយផង!» ជាច្រើនដង មុននឹងចាប់ដាក់ក្នុងរថយន្ត។
អ្នកយាមនៅមុខខុនដូ មិនចង់និយាយអំពីករណីនេះ ហើយថាឲ្យទាក់ទងទៅម្ចាស់ខុនដូវិញ។
ក្រោយការចាប់ខ្លួនដាក់ក្នុងរថយន្ត អង្គការសិទ្ធិមនុស្ស Human Rights Watch ក៏បានរាយការណ៍អំពីការចាប់ដាក់ក្នុងរថយន្តនេះ ហើយក៏មានការបញ្ចេញវីដេអូ ដែលថតជាប់បន្តិចនៃព្រឹត្តិការណ៍កើតឡើងនេះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក ជំរុញឲ្យមានការស៊ើបអង្កេតបន្តទៀតឲ្យអស់លទ្ធភាព ជាពិសេសសាកសួរអ្នកដែលបានឃើញហេតុការណ៍នេះ។ លោកបន្តថា លោកព្រួយបារម្ភខ្លាចម្ចាស់ខុនដូមិនហ៊ានបញ្ជាក់អ្វីដែលកើតឡើងពិតប្រាកដ ដោយបារម្ភអំពីការរកស៊ី និងសុវត្ថិភាព។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការឆ្លើយរបស់ម្ចាស់ទីតាំងត្រឹមប៉ុណ្ណឹង គួរតែសមត្ថកិច្ចស្រាវជ្រាវបន្តទៀតនូវអ្នកដែលជុំវិញហេតុការណ៍ហ្នឹង ពីព្រោះនៅពេលដែលមានហេតុការណ៍ហ្នឹងកើតឡើង មានការឃើញ ហើយមានកាមេរ៉ាទៀត»។
នៅសប្តាហ៍នេះ រដ្ឋាភិបាលថៃបានស្នើកម្ពុជាឲ្យផ្ទៀងផ្ទាត់ព័ត៌មាននៃការចាប់សកម្មជនថៃដាក់បញ្ចូលក្នុងរថយន្តនៅភ្នំពេញ។
កាលពីថ្ងៃចន្ទ ប្រជាជនថៃមួយចំនួន ដែលគាំទ្រសកម្មជនរូបនោះ បានតវ៉ានៅមុខស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ជំរុញឲ្យអាជ្ញាធរកម្ពុជាជួយស្វែងរកសកម្មជនថៃដែលបាត់ខ្លួន។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ ដែលតែងរិះគន់រដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។
មួយថ្ងៃមុនការចាប់ដាក់ក្នុងរថយន្តនោះសកម្មជនរូបនេះបានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោក រិះគន់នាយករដ្ឋមន្រ្តីថៃ។ នៅក្នុងវីដេអូប្រមាណ ១ នាទីនោះ សកម្មជនរូបនេះបាន «ជេរប្រមាថ» ថា លោក ប្រាយុទ្ធ ជាមេដឹកនាំនិយាយបានតែមាត់ ដឹកនាំប្រទេសមិនកើត និងជា «មេដឹកនាំល្ងង់ខ្លៅ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លើកឡើងថា សកម្មជនរូបនេះបានគេចមកនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃក្នុងខែឧសភា ឆ្នាំ២០១៤។ អង្គការ Human Rights Watch បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ ២០១៨ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនលោក Wanchalearm ផងដែរ៕