កោះ​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ការ​វាយ​ប្រហារ​តាម​អាកាស​ពេល​មាន​ការ​តានតឹង​ជាមួយ​ចិន​ដីគោក​

  • Reuters

មន្ត្រី​ប៉ូលិស​ម្នាក់​​ប្រាប់​ពលរដ្ឋ​​ឱ្យ​​ស្វែងរក​​កន្លែង​ជ្រក​កោន ក្នុង​អំឡុង​ពេល​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រយៈ​ពេល​៣០​នាទី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​អំឡុង​នោះ ​យានយន្ត​ត្រូវ​គេ​បញ្ជា​ឱ្យ​អែប​ខាង​ចិញ្ចើម​ថ្នល់ ហើយ​អ្នក​ថ្មើរជើង​ឱ្យ​ទៅ​​​ជ្រក​នៅ​តាម​​ផ្លូវ​​តូចៗ។

ផ្លូវ​គ្មាន​មនុស្ស​ដើរ​ហើយ​ប្រជា​ពលរដ្ឋ​បាន​ត្រូវ​គេ​បញ្ជា​ឱ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ផ្នែក​នានា​នៃ​កោះ​តៃវ៉ាន់ ​រួមទាំង​រដ្ឋធានី​តៃប៉ិ​ផង​ នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ពេល​ដែល​កោះ​នេះ​បង្កើន​ការ​ប្រុងប្រៀប​របស់​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​ពី​ចិន​ដីគោក។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

ស៊ីរ៉ែន​បាន​បន្លឺ​សំឡេង​នៅ​ម៉ោង​១:៣០​នាទី​ថ្ងៃ​ត្រង់ ​ម៉ោង​នៅ​តៃវ៉ាន់​ សម្រាប់​សមយុទ្ធ​ដែល​តម្រូវ​ឱ្យ​ជម្លៀស​មនុស្ស​នៅ​តាម​ផ្លូវ​ ដែល​មាន​ប្រសិទ្ធភាព​បិទ​ទីប្រជុំជន​ និង​ទីក្រុង​នានា​នៅ​ទូទាំង​តំបន់​ភាគ​ខាង​ជើង​កោះ​តៃវ៉ាន់រយៈ​ពេល​៣០​នាទី។​

«ការ​ប្រកាស​ភាព​អាសន្ន​កាំជ្រួច​មីស៊ីល» ​ដែល​ឱ្យ​ជម្លៀស​មនុស្ស​ទៅ​កាន់​ទីកន្លែង​សុវត្ថិភាព​ជា​បន្ទាន់​នោះ ​បាន​ត្រូវ​បញ្ជូន​តាម​សារ​ទូរស័ព្ទ។​

បន្ទាប់​ពី​ពិនិត្យ​មើល​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា ​Wan An ​ដែល​មាន​ន័យ​ថា ​សន្តិភាព ​ស្ថិតស្ថេរ​យូរ​អង្វែង​នេះ​ អភិបាល​ក្រុង​តៃប៉ិ​លោក ​Ko Wen-je ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ថា៖​ «វា​ជា​ការ​ចាំបាច់​ដើម្បី​ប្រុង​ប្រៀប​ក្នុង​ពេល​សង្គ្រាម»។​

ចិន​បាន​អះអាង​ថា ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ជា​ទឹកដី​របស់​ខ្លួន ​ហើយ​មិន​ដែល​បាន​ច្រានចោល​ការ​ដណ្តើម​យក​កោះ​នោះ​ដោយ​កម្លាំង​ទេ។​ តៃវ៉ាន់​បាន​ច្រានចោល​ការទាមទារ​អធិបតេយ្យភាព​ដោយ​ចិន​ដីគោក ​ហើយ​បាន​ប្តេជ្ញា​ការពារ​ខ្លួន។​

ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​នៅ​កោះ​តៃវ៉ាន់​រក​ប្រតិកម្ម​យ៉ាង​ល្អ​បំផុត ​បើ​មាន​ការ​វាយ​ប្រហារ ​នៅ​ពេល​ដែល​ចិន​បាន​បង្កើន​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​នោះ។​

លោក ​Ko ​បាន​និយាយ​ថា៖ ​«យន្តហោះ​យោធា​ចិន​បាន​យាយី​តៃវ៉ាន់​ជា​ញឹកញាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ហើយ​ថែម​ទាំង​មានការ​ផ្ទុះ​សង្គ្រាម​រុស្ស៊ី ​និង​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​នោះ​ ​ឧប្បត្តិហេតុ​ទាំង​នេះ​រំឭក​យើង​ថា យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ទោះ​បី​ក្នុង​ពេល​មាន​សន្តិភាព»។​

នៅ​ក្រុង​តៃប៉ិ ​ប៉ូលិស​បាន​បញ្ជា​ឱ្យ​យានយន្ត​ទៅ​កៀន​ផ្លូវ​ ហើយ​អ្នក​ដំណើរ​ត្រូវ​បាន​ប្រាប់​ឱ្យ​ស្វែង​រក​ទី​ជ្រក។ ​ហាង និង​ភោជនីយដ្ឋាន​បាន​បិទ​ទ្វារ​ និង​បិទ​ភ្លើង​កុំ​ឱ្យ​ក្លាយ​ជា​គោល​ដៅ​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​នៅ​ពេល​យប់។​ អ្នក​ពន្លត់​អគ្គិភ័យ​បាន​ហាត់​ពន្លត់​ភ្លើង​ដែល​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច។ ​ស៊ីរ៉ែន​បាន​បន្លឺ​សំឡេង​៣០​នាទី​ក្រោយមកជា​សញ្ញា​ថា សមយុទ្ធ​បាន​បញ្ចប់។​

ការ​ព្រួយ​បារម្ភ​អំពី​ចេតនា​របស់​ចិន​ចំពោះ​តៃវ៉ាន់​បាន​បន្ថែម​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក។ ​ខណៈ​សហ​រដ្ឋ​អាមេរិក​មិន​ទទួល​ស្គាល់​កោះ​នេះ​ជា​ប្រទេស​ដាច់​ដោយ​ឡែក​នោះ​ ច្បាប់​សហ​រដ្ឋ​អាមេរិក​តម្រូវ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ផ្តល់​មធ្យោបាយ​ការពារ​ខ្លួន​ដល់​តៃវ៉ាន់។ ​

កាសែត ​Financial Times ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​ប្រទេស​ចិន​បាន​ចេញ​ការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រដ្ឋបាល​លោក ​Joe Biden ​ថា អាច​មាន​ការ​ឆ្លើយតប​ផ្នែក​យោធា​ចំពោះ​ទស្សនកិច្ច​ដោយ​ប្រធាន​រដ្ឋសភា​អាមេរិក​លោកស្រី​ Nancy Pelosi​ ទៅ​កោះ​តៃវ៉ាន់​ក្នុង​ខែ​សីហា។​ កោះ​នេះ​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​របស់​ខ្លួន​ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​បើ​ទោះ​ជា​មាន​របាយការណ៍​ថា​ គ្មាន​សកម្មភាព​យោធា​មិន​ធម្មតា​របស់​ចិន​ក៏​ដោយ៕