ក្រសួងសុខាភិបាលបានឲ្យដឹងថារាជធានីភ្នំពេញនិងខេត្តចំនួន៤ ត្រូវបានកំណត់ជាទីតាំងដែលតម្រូវឲ្យពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពជាចាំបាច់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងឆ្លងយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍កម្ពុជា។
សេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមីនា ឲ្យដឹងថារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ព្រៃវែង និងសៀមរាប ត្រូវបានកំណត់ជាភូមិសាស្រ្តដែលមានការរាលដាលជំងឺកូវីដ១៩។ ដូច្នេះទីតាំងទាំងនេះ តម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព តាមការកំណត់របស់ក្រសួងសុខាភិបាល អំឡុងពេលការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។
ក្រសួងបញ្ជាក់ថា៖ «ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី»។
យោងតាមប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ចនិងក្រសួងសុខាភិបាល បុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ ត្រូវពិន័យជាប្រាក់ពី២០ម៉ឺនរៀលទៅ១លានរៀល។ ចំណែកការមិនរក្សាគម្លាតសុវត្ថិភាព ការរៀបចំឲ្យមានការជួបប្រជុំមនុស្សឬសកម្មភាពផ្សេងៗ ត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។
យោងតាមប្រកាសមួយទៀតស្តីពីកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាព ក្រសួងសុខាភិបាលបញ្ជាក់ថានៅតាមទីសាធារណៈដែលមានមនុស្សច្រើនឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ តម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានឲ្យដឹងប្រសិនបើពលរដ្ឋណាម្នាក់មិនពាក់ម៉ាស់ ជាដំបូងអាជ្ញាធរអាចព្រមានបុគ្គលនោះ ដោយប្រាប់ឲ្យពាក់ម៉ាស់។ បន្ទាប់មក បើនៅរឹងទទឹង បុគ្គលកនោះនឹងត្រូវពិន័យជាប្រាក់ ដែលធ្វើឡើងដោយមន្រ្តីសុខាភិបាល៕