ក្រសួងការងារបានចេញសេចក្តីជូនដំណឹងឱ្យគ្រឹះស្ថា និងសហគ្រាសនានា ស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ ២០២៥ ខណៈព្រមានពីការផាកពិន័យក្នុងករណីខកខាន។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ គ្រឹះស្ថានត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសចាប់ពីថ្ងៃទី ១ កញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ហើយសហគ្រាសដែលបើកដំណើរការក្រោយកាលបរិច្ឆេទនេះ អាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗ បន្ទាប់ពីសហគ្រាស គ្រឹះស្ថាននោះដំណើរការ។
ក្រសួងបញ្ជាក់ថា៖ «ក្នុងករណីមិនបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលបរិច្ឆេទខាងលើ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារ។ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ដោយគ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវចាត់ទុកថា ល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលត្រូវផ្តន្ទាទោសតាមជំពូកទី ១៦ នៃច្បាប់ស្តីពីការងារ»។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេថា នេះគឺជាការជូនដំណឹងដល់ជនបរទេសដែលធ្វើការនៅកម្ពុជាត្រូវមានឯកសារគ្រប់គ្រាន់ដូចជាសៀវភៅការងារ និងបណ្ណការងារ ហើយសហគ្រាសត្រូវចុះបញ្ជីពួកគេដើម្បីក្រសួងគ្រប់គ្រងទិន្នន័យនេះ ហើយធានាការងារជូនប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្នុងករណីដែលក្រសួងរកឃើញថា គ្រឹះស្ថានណាមួយប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ ១ នាក់ត្រូវផាកពិន័យ ១២លាន ៦សែនរៀល ២នាក់ ២៥លាន ២សែនរៀល ៣នាក់ ៣៧លាន ៨សែនរៀល ៤នាក់ ៥០លាន ៤សែនរៀល ហើយចាប់ពី ៥នាក់ឡើងទៅគឺ ៦៣លានរៀល។ នេះគឺជាគោលការណ៍ដែលយើងត្រូវផាកពិន័យ»៕