ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់ការ​អង្គការ​សមាគម​ដែល​រិះគន់​សកម្មភាព​អាជ្ញាធរ

រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​ទាមទាររក​យុត្តិធម៌​ឲ្យ​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ មិន​ឲ្យ​ដើរហែរក្បួន​ចេញ​ពី​តំបន់​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក ​ជិន ម៉ាលីន​ បាន​ផ្តល់​ការ​ពន្យល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា​ អង្គការ​សមាគម​ដែល​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​ គឺ​ភាគច្រើន​ជា​ «អង្គការ​សមាគម​ខ្យល់»​ ដោយ​សារ​គ្មាន​សកម្មភាព​អ្វី​នាពេល​កន្លង​មក​ ហើយ​បាន​ត្រឹមតែ​ប្រមូល​ផ្តុំ​គ្នា​ចេញ​សារ​ និង​សេចក្តី​ថែ្លង​ការណ៍​នយោបាយ​។

រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន​ នៅថ្ងៃ​ពុធ​នេះ​ បាន​គំរាម​ចាត់​វិធាន​ការ​ច្បាប់​ ទៅ​លើ​ក្រុម​អង្គការ​សមាគម​ជា​ច្រើន​ដែល​ជំទាស់​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ការ​តវ៉ា​សម្ដែង​មតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ​រ៉ុង ឈុន​ និង​ការ​ប្រមូល​ផ្តុំ​ផ្សេងៗ​ទៀត ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។​

កាល​ពី​ម្សិលមិញ​នេះ​ អង្គការ​សមាគម​ជិត​៨០ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ប្រតិកម្ម​ទៅនឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​មក​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​និយាយ​ថា​ ការ​បង្ក្រាប​នោះ​បាន​ធ្វើ​ឡើង​ដោយ​ហិង្សា​ ហើយ​អ្នក​តវ៉ា​ខ្លះ​ដែល​ជា​សាច់​ញាតិ​នៃ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ជាង​១៥​នាក់​កំពុង​ជាប់ឃុំ ត្រូវ​បាន​កងសន្តិសុខ​ប្រដាប់​ដោយ​អាវុធ​ រុញច្រាន​ និង​ទាត់ធាក់ ​អូស​ឆ្លង​ផ្លូវ។

លោក ​ជិន ម៉ាលីន​ បាន​ផ្តល់​ការ​ពន្យល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា​ អង្គការ​សមាគម​ដែល​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​ គឺ​ភាគច្រើន​ជា​ «អង្គការ​សមាគម​ខ្យល់»​ ដោយ​សារ​គ្មាន​សកម្មភាព​អ្វី​នាពេល​កន្លង​មក​ ហើយ​បាន​ត្រឹមតែ​ប្រមូល​ផ្តុំ​គ្នា​ចេញ​សារ​ និង​សេចក្តី​ថែ្លង​ការណ៍​នយោបាយ​ «ក្នុង​ការ​ការពារ​ក្រុម​គោល​ដៅ​នយោបាយ​របស់​គេ​ និង​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំង​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល»។​

លោក​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «ដូច្នេះ​ ក្រសួង​មហាផ្ទៃ​ក៏​អាច​ពិនិត្យ​មើល​ឡើង​វិញ​ផង​ដែរ​ទៅ​លើ​សកម្មភាព​របស់​អង្គការ​សមាគម​ទាំង​នោះ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​ពិសេស​អំពី​សុចរិត​ភាព​ និង​អព្យាក្រឹត្យ​ភាព​នយោបាយ​នៃ​សកម្មភាព​របស់​ពួក​គេ»។​

ក្នុង​ចំណោម​អង្គការ​សមាគម​ទាំង​ជិត​៨០​ ដែល​ចេញសារ​ប្រឆាំង​ការបង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​មក​លើក្រុម​អ្នកតវ៉ា​ដោយ​សន្តិវិធី​នោះ ​ក៏​មាន​ផង​ដែរ​សហគមន៍​ក្រីក្រ ​និង​ដែល​រង​គ្រោះ​ដោយសារជម្លោះ​ដីធ្លី​នា​ពេល​កន្លង​មក​ ហើយ​ ដែល​តែង​តែ​បាន​សម្ដែង​សាមគ្គីភាព​ចូល​រួម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នានា ​បញ្ចេញ​មតិ​យោបល់​លើ​បញ្ហា​សិទ្ធិ​សេរីភាព​នានា។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន​ប្រាប់ ​VOA​ បន្ថែម​ នៅ​ថ្ងៃ​ពុធ​នេះ​ ថា ​យោង​តាម​ការ​សង្កេត​របស់​លោកភាគ​ច្រើន​នៃ​អង្គការ​សមាគម​ទាំង​នោះ​ មិន​បាន​ធ្វើ​សកម្មភាព​អី​ជា​ដុំកំភួន​ លើស​ពី​ការរួម​គ្នា​ចេញ​សារ​ នយោបាយ​ការពារ​សកម្មជន​ប្រឆាំង​នោះ​ទេ។​ លោក​អះអាង​ថា​ សកម្មភាព​តវ៉ា​កន្លង​មក​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​

«អ៊ីចឹង​ ជា​ចម្ងល់​គឺ​ថា​ ក្រសួង​មហាផ្ទៃ​អាច​ត្រួត​ពិនិត្យ​ទៅលើ​អង្គការ​សមាគម​ថា​ តើ​បាន​បង្កើត​ត្រឹម​ត្រូវ​ទៅ​តាម​បញ្ញត្តិ​ច្បាប់​ស្តីពី​ការ​បង្កើត​សមាគម​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ ​ឬ ​អត់ ហើយ​បាន​តម្កល់​លក្ខន្តិកៈ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ​ដែរ ​ឬ ​អត់»។​

ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ដែល​ថា​ ភាគ​ច្រើន​នៃ​អង្គការ​សមាគម​ទាំង​ជិត​៨០​នោះ​ ជា​អង្គការ​សមាគម​ខ្យល់ លោក ​អំ សំអាត​ ​នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្សនៃ​អង្គការ​លីកាដូ​ (Licadho) បកស្រាយ​ថា​ ក្រុម​អង្គការ​សមាគម​ទាំង​នោះ​ បាន​ធ្វើ​កិច្ច​ការ​ត្រឹម​ត្រូវ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ និង​បទដ្ឋាន​អន្តរជាតិ​ ដែល​ចែង​អំពី​សិទ្ធិ​មនុស្ស។​

«បើ​យើង​ពិនិត្យ​ទៅ​ យើង​ឃើញ​ហើយ​ថា​ អង្គការ​សមាគម​ដែល​បង្កើត​មក​ហ្នឹង​ គឺ​យើង​សុទ្ធ​តែ​មាន​ច្បាប់​ទម្លាប់​ ត្រឹមត្រូវ​ហើយ​មួយ​ទៀត​ យើង​ឃើញ​ថា​ សហគមន៍​តាម​មូលដ្ឋាន​ហ្នុង ​គឺ​តាំងពី​ច្បាប់​ស្តីពី​អង្គការ​ និង​សមាគមម្ល៉េះ ​ដែល​យើង​ទាមទារ​ថា​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពួក​គាត់​ហ្នឹង​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​បញ្ហា​ជីវភាព​រស់​នៅ​ក៏ដូច​ជា​ដើម្បី​អភិវឌ្ឍ​នៅ​សហគមន៍​របស់​គាត់»។​

លោក ​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ធ្លាប់​ជា​សមាជិក​មួយ​រូប​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ (គ.ជ.ប.)​ មក​ពី​កូតា​គណបក្ស​ជំទាស់​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ បន្ទាប់​ពី​លោក​និយាយ​រិះគន់​ចំៗ​ថា​ ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​«មានភាព​មិន​ប្រក្រតី»។​

ចំណែក​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ជាង​១៥​នាក់​ផ្សេង​ទៀត​ ​ដែល​ភាគ​ច្រើន​ជា​អតីត​ក្រុម​ប្រឹក្សា​ និង​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ករណី ​និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយ​សារ​ការ​អត្ថាធិប្បាយ​ និង​ចែក​រំលែក​ព័ត៌មាន​ទាក់ទិននឹងស្ថានភាព​សេដ្ឋកិច្ច​ប្រទេស ​និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​ និង​គម្រោង​របស់​លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយវិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩៕​