មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជាបានហៅការស្នើរបស់លោក សម រង្ស៊ី សុំបំភ្លឺរឿងក្តីបរិហារកេរ្តិ៍លោក ហេង សំរិន តាមប្រព័ន្ធSkype ពីក្រៅស្រុកមកថា«មិនអាចទៅរួចទេ»ដោយប្រទេសកម្ពុជាមិនមាននីតិវិធីផ្ដល់ចម្លើយតាមប្រព័ន្ធបច្ចេកវិទ្យានេះទេ។
ប៉ុន្តែ អ្នកវិភាគផ្នែកច្បាប់យល់ថា កម្ពុជាគួរតែសម្របខ្លួនទៅតាមការការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីរបស់ពិភពលោក ពីព្រោះប្រទេសអភិវឌ្ឍន៍មួយចំនួនបានបញ្ចូលប្រព័ន្ធនេះទៅក្នុងនីតិវិធីរបស់ខ្លួនរួចហើយ។
កាលពីចុងសប្ដាហ៍កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយស្នើសុំឆ្លើយសំណួរតុលាការក្រុងភ្នំពេញតាមរយៈប្រព័ន្ធទំនាក់ទំនង Skype លើបណ្ដាញអ៊ីនធឺណិត តបតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងក្រុងភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះ។
តុលាការបានកោះហៅលោក សម រង្ស៊ី ឲ្យបង្ហាញខ្លួននៅតុលាការក្នុងសំណុំរឿងបរិហារកេរ្តិ៍លោក ហេង សំរិន ដែលទាក់ទិននឹងការលើកឡើងថា មានកងទ័ពវៀតណាមបង្កប់ខ្លួនក្នុងជួរកងទ័ពកម្ពុជានោះ។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ បានពន្យល់ក្នុងសំណេដើមយ៉ាងដូច្នេះថា៖ «ដើម្បីជៀសវាងកុំឲ្យចំណាយពេល និងសោហ៊ុយច្រើន ខ្ញុំអាចឆ្លើយរាល់សំណួររបស់តុលាការតាមរយៈប្រព័ន្ធអ៊ីនធឺណិតនេះដែរ ដែលក្នុងនោះ យើងអាចប្រើប្រព័ន្ធទំនាក់ទំនង Skype»។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ ទំនាក់ទំនងSkype គឺជាមធ្យោបាយទំនាក់ទំនងដ៏ពេញនិយមលើពិភពលោក ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការពិភាក្សា ឬជជែកគ្នាពីទីកន្លែងផ្សេងគ្នាក្នុងពិភពលោក ហើយអាចមើលឃើញមុខ និងកាយវិការរបស់ដៃគូរសន្ទនាបានផងដែរ។
ប៉ុន្តែ សំណើរបស់លោក សម រង្ស៊ី ត្រូវបានច្រានចោល។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា តុលាការកម្ពុជាមិនដែលអនុវត្ត និងគ្មាននីតិវិធីក្នុងការសួរចម្លើយតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។
លោកបន្ថែមថា លោក សម រង្ស៊ី ក៏មិនបានផ្ញើលិខិតផ្លូវការជូនតុលាការក្នុងការឆ្លើយសំណួរតាមប្រព័ន្ធទំនាក់ទំនងSkype នោះដែរ។
«ទោះបីជាមានជាសំណើរបស់គាត់ជាផ្លូវការអីក៏ដោយ ក៏តាមបទបញ្ញត្តិច្បាប់របស់យើង គឺមិនអនុញ្ញាតឲ្យមានការសួរចម្លើយ ឬផ្ដល់ព័ត៌មានអីតាមប្រព័ន្ធSkype ប្រព័ន្ធ satellite អីដែរ ពីព្រោះបទបញ្ញត្តិនីតិវិធីរបស់យើង គឺថារាល់ការអនុវត្តដីកាហ្នឹង គឺត្រូវតែបង្ហាញខ្លួននៅក្នុងសវនាការ។ អញ្ចឹងទេ ត្រង់ចំណុចនេះគឺមានន័យច្បាស់លាស់ហើយថា ជនដែលត្រូវបានដីកាកោះហ្នឹង គឺត្រូវតែបង្ហាញខ្លួនមុខព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរបាទ»។
ដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺនាព្រឹកថ្ងៃច័ន្ទទី៤ ខែមករា ឆ្នាំ២០១៦ តបតាមបណ្ដឹងបរិហារកេរ្តិ៍របស់លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សកាន់អំណាច ចំពោះវីដេអូខ្លីមួយដែលលោក សម រង្ស៊ី បានបង្ហោះក្នុងទំព័រហ៊្វេសប៊ុកកាលពីខែវិច្ឆិកាកន្លងទៅ។
វីដេអូនោះបានបង្ហាញពីព្រះបាទនរោត្តម សីហនុ កាលពីទសវត្សរ៍ទី៨០ ដែលចោទថា វៀតណាមបានបញ្ជូនកងទ័ព មកបង្កប់ខ្លួនក្នុងជួរកងទ័ពរបស់លោក ហេង សំរិន ដែលជាប្រមុខរដ្ឋកម្ពុជានាសម័យនោះ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយបដិសេធថា លោកមិនបានធ្វើការបរិហារកេរ្តិ៍លោក ហេង សំរិន ទេ ក្រោយពេល លោកបានស្នើសុំឆ្លើយនឹងសំណួរបន្ថែមតាមរយៈប្រព័ន្ធទំនាក់ទំនង Skypeនោះ ។
លោក ជិន ម៉ាលីន បានពន្យល់ប្រាប់ VOA ថា ក្នុងទិដ្ឋភាពច្បាប់ទូទៅ ការបង្ហាញខ្លួនតាមការបង្គាប់របស់តុលាការគឺជាកាតព្វកិច្ចសំខាន់ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ជនដែលត្រូវចោទពិតចំពោះមុខតុលាការ និងដើម្បីបញ្ជាក់ពីអាកប្បកិរិយាសាមីខ្លួនក្នុងការឆ្លើយតបនឹងសំណួររបស់តំណាងតុលាការផងដែរ។
«អញ្ចឹងហើយក្នុងករណីនេះ គឺជានយោបាយព្រហ្មទណ្ឌថា គេកម្រ នឹងធ្វើការទាក់ទងនិងប្រព័ន្ធsatellite នេះណាស់ពីព្រោះវាពិបាកនៅក្នុងការវិនិច្ឆ័យទៅលើអត្តសញ្ញាណពិតប្រាកដ ហើយក៏វា ពិបាកនៅក្នុងការវិនិច្ឆ័យទៅតាមផ្នត់គំនិតរបស់ជនដែលត្រូវឆ្លើយនេះ ឬក៏ជនដែលត្រូវសួរដេញដោលនេះដែរបាទ»។
ផ្ទុយទៅវិញ លោក សុក សំអឿន មេធាវីឯករាជ្យ និងជាអ្នកជំនាញច្បាប់កម្ពុជា បានថ្លែងថា តុលាការក៏អាចបញ្ជាក់អត្តសញ្ញាណពិត និងឥរិយាបថរបស់លោក សម រង្ស៊ី តាមប្រព័ន្ធថ្មីនេះផងដែរ ហើយបទចោទរបស់លោក ហេង សំរិន លើលោក សម រង្ស៊ី គឺមិនមានទោសទណ្ឌធ្ងន់ធ្ងរនោះទេ។
លោក សុក សំអឿន ពន្យល់ថា ក្នុងនីតិវិធីតុលាការកម្ពុជា គេអាចកាត់កំបាំងមុខជនដែលត្រូវចោទក៏បាន ប៉ុន្តែការស្នើរបស់លោក សម រង្ស៊ី ក្នុងការឆ្លើយតាម Skype គឺបង្ហាញពីចេតនាសហការរបស់លោកក្នុងការផ្ដល់ចម្លើយ។
«ចំពោះខ្ញុំ គ្រាន់តែគិតថាឥឡូវយើងមានបច្ចេកវិទ្យាអីហើយ ហើយតុលាការគួររឿងខ្លះ គួរតែសម្របសម្រួលទៅ។ បើសិនជារឿងហ្នឹង វាឧក្រិដ្ឋអីណា មានអ្នកសម្លាប់មនុស្សមានអីអ្ហាហ្នឹង បានយើងចាំបាច់ត្រូវតែបង្ខំឲ្យជនជាប់ចោទហ្នឹង បង្ហាញមុខ។ តែអ្ហានេះ គ្រាន់តែជាបណ្ដឹងហ្នឹង ហើយវាជាបណ្ដឹងបទបរិហារកេរ្តិ៍ហ្នឹង អត់មានទោសពន្ធនាគារផងហ្នឹង»។
លោក សុក សំអឿន បន្ថែមថា ក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន គេប្រើប្រាស់ប្រព័ន្ធទំនើបនេះ ដើម្បីសម្រួលដល់សាក្សីក្នុងការផ្ដល់ចម្លើយ។
«អ្វីដែលខ្ញុំធ្លាប់ឃើញមក ដូចនៅអាមេរិកអី គឺគេធ្វើអញ្ចឹង។ តែគ្រាន់តែកន្លងមក ខ្ញុំធ្លាប់ឃើញគេ ឃើញចំពោះសាក្សីហ្អេណា៎។ សាក្សី បើគេអត់មានលទ្ធភាពមកអីអញ្ចឹង គេធ្វើតាមហ្នឹង។ អ្ហាហ្នឹង គេអាចឃើញមុខគ្នា ព្រោះធម្មតាការសាកសួរស្អីៗ គឺយើងឃើញមុខគ្នា មើលទឹកមុខគ្នា អាចដឹងថា អ្នកហ្នឹង ឆ្លើយត្រង់ ឬឆ្លើយមិនត្រង់អី ព្រោះស្រួលបន្តសំណួរទៀតណា។ ហើយនៅយុត្តាធិការខ្លះគឺគេប្រើតាមទូរស័ព្ទផង ក៏មានដែរ។ អ្ហាហ្នឹង អត់ឃើញមុខគ្នាផង បើSkype គឺបានឃើញមុខ»។
យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន យល់ថា ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងSkype និងអ៊ីនធឺណិតនេះ គឺមិនត្រូវបានគេចែង និងធ្លាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាទេ។
លោកបន្ថែមថា តុលាការទំនងនឹងអាចចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ក្រោយពីលោក សម រង្ស៊ី ខកខានមិនបានផ្ដល់ចម្លើយតាមការបរិច្ឆេទកំណត់ទេនោះ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានទទួលដីកាចាប់ខ្លួននិងដីកាកោះជាបន្តបន្ទាប់នៅចុងឆ្នាំ២០១៥ ក្រោយពេលមានភាពប្រេះឆានយោបាយជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជាសម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រនៅខែវិច្ឆិកា ដើម្បីបើកផ្លូវឱ្យតុលាការអាចអនុវត្តលើរូបលោកក្នុងសំណុំរឿងបរិហារកេរ្តិ៍ និងញុះញង់ ដែលលោកបានថ្លែងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយក្រុមខ្មែរក្រហម ពេលដែលលោក ហោ ណាំហុង នៅជាប់ក្នុងពន្ធនាគារបឹងត្របែក៕