ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ដោះស្រាយសំណើរបស់គណបក្សភ្លើងទៀន ដែលបានស្វះស្វែងរកអន្តរាគមន៍ពីក្រសួងឱ្យមានការផ្លាស់ប្តូរ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៣៥រូប ដែលជាប់ឆ្នោតកាលពីពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។
ក្នុងលិខិតចុះថ្ងៃទី ២៧ ខែមីនា រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប្រាក់ សំអឿន បានលើកឡើងថា គណបក្សភ្លើងទៀនបានផ្តល់ហេតុផលថា ក្នុងចំណោមសមាជិកចំនួន ៣៥រូបនោះ មានខ្លះបានទទួលមរណភាព រីឯខ្លះទៀតបាត់បង់សមាជិកភាពពី គណបក្សនយោបាយ និងបានលាឈប់ពីការងារ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរសមាជិកទាំងនោះ។
លិខិតដដែលបានសរសេរថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃស្នើអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត«ពិនិត្យស្រាវជ្រាវ នឹងចាត់ចែងដោះស្រាយសំណើខាងលើស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
ការស្នើរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៣៥នាក់នោះ កើតឡើងក្រោយគណបក្សភ្លើងទៀនបានធ្វើសន្និសីទរួមគ្នាមួយជាមួយគណបក្សឆន្ទៈខ្មែរ ដែលសុំឱ្យក្រសួងជួយដោះដូរអង្គបោះឆ្នោតចំនួន ៣៥នាក់ ដើម្បីកុំឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត នាខែឧសភាខាងមុខ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ រំពឹងថាការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៣៥នាក់នេះ នឹងធ្វើទៅបានឆាប់ ឬមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត នាខែឧសភាខាងមុខនេះ ដើម្បីកុំឱ្យគណបក្សឆន្ទៈខ្មែរដែលចងសម្ពន្ធភាពជាមួយគណបក្សភ្លើងទៀន បាត់បង់សំឡេងអង្គបោះឆ្នោតទាំងនោះ។
លោកថ្លែងថា៖ «សម្រាប់សមាជិកផ្សេងទៀតដែលត្រូវបានបញ្ចប់សមាជិកភាព ឬក៏ធ្វើការផ្លាស់ប្តូរ គឺយើងធ្វើការផ្លាស់ប្តូរតាមនីតិវិធីស្របទៅតាមលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ សូមជម្រាបជាថ្មីទៀតថាគណបក្សភ្លើងទៀនគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺយើងមិនដែលធ្វើអ្វីខុសគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺអ្វីដែលមានចែងនៅក្នុងលក្ខន្តិកៈ និងបទបញ្ជារផ្ទៃក្នុងរបស់គណបក្ស»។
បើទោះបីជាលោក លី សុធារ៉ាយុត្តិ អះអាងថា ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៣៥នាក់នោះ ធ្វើទៅតាមនីតិវិធីស្របតាមលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សយ៉ាងណាក្តី ក៏នៅមានតែរងការរិះគន់ពីអតីតសមាជិកគណបក្សភ្លើងទៀនមួយចំនួនដែលត្រូវបានដកចេញពីបញ្ជី។
សមាជិកក្រុមប្រឹក្សាម្នាក់មកពីកូតាគណបក្សភ្លើងទៀននៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក នង ធារ៉ា ដែលត្រូវបានគណបក្សភ្លើងទៀនបញ្ចប់សមាជិកភាពបក្ស ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាគណបក្សភ្លើងទៀនបានចោទលោកថា«ក្បត់បក្ស» និងបានដកហូតតួនាទីរបស់លោក ព្រោះលោកមិនមានទំនោរគាំទ្រគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សចង់សម្ពន្ធភាពជាមួយគណបក្សភ្លើងទៀន។
លោកបន្តថា ជុំវិញបញ្ហានេះ គឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវបានគណបក្សដកហូតតំណែង គឺជាអ្នករងគ្រោះ និងជាការវាយបំផ្លាញគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «និយាយដោយភាពស្មោះត្រង់ ដោយសារតែខ្ញុំមិនមានទំនោរទៅគណបក្សឆន្ទៈខ្មែរ។ ហើយគណបក្សគេបង្ខំឱ្យខ្ញុំមានទំនោរទៅគណបក្សឆន្ទៈ[ខ្មែរ]»។
បើតាមលោក នង ធារ៉ា ក្រសួងមហាផ្ទៃមិនទាន់ចេញសេចក្តីសម្រេចបញ្ចប់មុខតំណែងរបស់លោក ជាចៅសង្កាត់រងទី ២ នៅសង្កាត់សាលាកំរើកក្រុងសៀមរាបនោះទេ។
ជុំវិញការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៣៥រូបនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេថាក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងធ្វើទៅតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «កាលណាដែលសមាជិកដែលត្រូវស្នើសុំផ្លាស់ប្តូរ ប្រឆាំងតវ៉ា ប្តឹងទាស់ដោយប្រការណាមួយនោះ គឺនីតិវិធី មានការលំបាកស្មុគស្មាញ ដែលទាមទារឱ្យភាគីទាំងសងខាងត្រូវតែដោះស្រាយឱ្យបានល្អប្រសើរ»។
គួរបញ្ជាក់ថា មុនការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្លាប់រំពឹងថា ខ្លួននឹងឈ្នះបានប្រមាណ ៩អាសនៈ ប៉ុន្តែកាលនោះគណបក្សឆន្ទៈខ្មែរ ដែលឈរឈ្មោះជំនួសឱ្យគណបក្សភ្លើងទៀនឈ្នះបានតែ៣អាសនៈប៉ុណ្ណោះ ដោយសារអង្គបោះឆ្នោតដែលជាកូតាចេញពីគណបក្សភ្លើងទៀនប្រមាណ ៣០ភាគរយ មិនបានបោះឱ្យគណបក្សឆន្ទៈខ្មែរឡើយ។
ការបោះឆ្នោតព្រឹទ្ធសភា កាលពីខែកុម្ភៈមានការចូលរួមប្រកួតប្រជែងពីគណបក្សចំនួនបួន គឺគណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរដែលឈរជំនួសគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ៕