មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធរក្នុងស្រុកពង្រឹងការការពារសណ្តាប់ធ្នាប់សន្តិសុខ សង្គមនិង បង្ការគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនាសប្តាហ៍ខាងមុខ។ នេះយោងតាមសេចក្តីប្រកាសពីរដាច់ដោយឡែកដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
ក្នុងសេចក្តីណែនាំមួយដែលចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃសុក្រ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ប្រាប់អាជ្ញាធរថ្នាក់ក្រោម ឱ្យពង្រឹងការយកចិត្តទុកដាក់រក្សាសន្តិសុខ តាមទីសាធារណៈ វត្តអារាមនានា រក្សាសណ្ដាប់ធ្នាប់សាធារណៈ បង្ការភាពកកស្ទះចរាចរណ៍និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងលិខិតដាច់ដោយឡែកមួយទៀត ដែលចេញដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ប្រើប្រាស់ផ្លូវសាធារណៈដោយមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍។ លោក ស ខេង ក៏បានអំពាវនាវឱ្យអ្នកបើកបរគួរជៀសវាងការបើកបរក្នុងភាពស្រវឹង ឬហួសល្បឿនកំណត់ផងដែរ។
ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលមានរយៈពេល បីថ្ងៃនិងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី១៥ខាងមុខ។ ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងពីរ ធ្វើឡើងចំពេលដែលចំនួនជនជាតិចិនមានការកើនឡើងជាគំហុកក្នុងប្រទេសកម្ពុជា និងខេត្តព្រះសីហនុ ដែលនាំឱ្យមានក្តីបារម្ភអំពីពលរដ្ឋក្នុងខេត្ត៕