ពលរដ្ឋខ្មែរជាពលករ ពលការិនី ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង បានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗក្នុងពេលចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរកា កាលពីថ្ងៃអាទិត្យ នៅក្នុងក្រុងស៊ូវ៉ុន (Suwon) និងទីក្រុងផ្សេងទៀតចំពេលដែលកូរ៉េខាងជើងគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងក្រុងស៊ូវ៉ុន ដែលរៀបចំដោយស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងនេះ មានជាពិធីសាសនា ពូនភ្នំខ្សាច់ ការលេងល្បែងប្រជាប្រិយដូចជា ចោលឈូង លាក់កន្សែង ទាញព្រាត់ រត់បាវ រាំរែក ការសម្តែងក្បាច់គុនបុរាណខ្មែរជាដើម។ មហាសង្ក្រាន្តឆ្នាំនេះ បានធ្វើឲ្យពលករ ពលការិនី ចាប់ពីអាយុជាង២០ ដល់ជាង៣០ឆ្នាំ ជាច្រើនបានជួបជុំគ្នា ថតរូបជាអនុស្សាវរីយ៍ដោយទូរសព្ទទំនើបៗ សួរសុខទុក្ខគ្នា កម្សាន្តសប្បាយរីករាយជាមួយគ្នា ក្នុងថ្ងៃអាទិត្យជាថ្ងៃ សម្រាកពី ការងាររបស់ពួកគេ ទោះជាមិនបានជួបជុំក្រុមគ្រួសារក្នុងប្រទេសកំណើត ឬចេញទៅ កម្សាន្តនៅកន្លែងនានាក្នុងពេលមានកម្មវិធីមហាសង្ក្រាន្តខ្មែរក្តី។
រួន ចន្ទ្រា ពលករខ្មែរនៅកូរ៉េខាងត្បូងម្នាក់ផ្នែកគ្រឿងអេឡិចត្រូនិក មានស្រុកកំណើតនៅស្រុក កោះធំ ខេត្តកណ្តាល បានថ្លែងថា ការមកជួបជុំគ្នានេះជា រឿងសប្បាយរីករាយ។
«តាមពិតទៅមកចូលឆ្នាំនេះ ឃើញប្រជាពលរដ្ឋយើងលេងល្បែងកម្សាន្ត ដូចជាទាញព្រាត់ ដូចជា មានក្បាច់គុនផងដែរ ចូលរួមទៅ ឃើញទៅមានអត្ថប្រយោជន៍ផងដែរ ក្នុងការថែរក្សាប្រពៃណីខ្មែរ»។
មានស្រុកកំណើតនៅក្នុងស្រុកឈូក ខេត្តកំពត ឌុន រិទ្ធី អាយុ២៧ឆ្នាំ ជាពលករផ្នែក ឧស្សាហកម្មជិតព្រំដែនកូរ៉េខាងជើងដែរនោះ បានថ្លែងពីសារៈសំខាន់ជា ពលរដ្ឋខ្មែរ ដែលមានឱកាសតែពីរដងក្នុងមួយឆ្នាំក្នុងការជួបជុំគ្នាគឺ ពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។
«គឺដោយសារតែពួកខ្ញុំហ្នឹងនៅគោរពប្រពៃណីខ្មែរ នៅកាន់ព្រះពុទ្ធសាសនាក៏ដូចជា នៅ ស្រឡាញ់ជាតិខ្មែរគ្នាឯងអញ្ចឹងទៅក៏បានមកជួបជុំគ្នា ហ្នឹងឃើញថា ទេសភាពហ្នឹងធ្វើឲ្យខ្ញុំរំភើបចិត្ត។ ពេលខ្ញុំធ្វើការគឺ មិនសូវមានមនុស្ស។ ខ្មែរយើងតែ២ ឬ៣នាក់ ឬ១០នាក់អញ្ចឹងទៅ (ក្នុងរោងចក្រ) តែដល់ពេលមកជួបជុំគ្នាច្រើនអញ្ចឹងទៅធ្វើឲ្យខ្ញុំ សប្បាយចិត្តមែនទែន»។
ពលករទាំងពីរនាក់បានរៀបរាប់ថា ការស៊ូទ្រាំធ្វើការងារនៅកូរ៉េនេះ គឺដោយសារតែ តម្រូវការផ្នែកជីវភាព គិតគូពីអនាគតទៅមុខ។
ថាន់ ចាន់នួន អាយុ២៥ឆ្នាំមកពីខេត្តក្រចេះជា ពលករមួយរូបទៀតនៅ អានសាន (Ansan) បានរៀបរាប់ពីទិដ្ឋភាពចូលឆ្នាំប្រពៃណីខ្មែរនៅកូរ៉េឆ្នាំនេះចំថ្ងៃបុណ្យចូលឆ្នាំ ថ្ងៃចុងក្រោយ។
«ថ្ងៃនេះមានមនុស្សច្រើនមកចូលរួម គឺច្រើនជាងកម្មវិធីចូលឆ្នាំមុន និងកម្មវិធីផ្សេងៗ ដោយសារ ថាថ្ងៃចូលឆ្នាំធំនៅស្រុកខ្មែរ ហើយជាតំបន់ទីប្រជុំជន ដែលគេចូលចិត្ត មកច្រើន»។
សូត វណ្ណឌី មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានថ្លែងពីភាពរីករាយក្នុងការ មានឱកាសជួបជុំមិត្តភក្តិ ហើយចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទោះជាមិនដូចនៅក្នុងប្រទេសក្តី។
«ខ្ញុំគិតថា វាល្អមែនទែន តែវាអត់ដូចនៅស្រុកខ្មែរ គឺថា អ្នកខ្លះគេបានឱកាសទៅលេង ស្រុកខ្មែរគេមានអារម្មណ៍ថា សប្បាយច្រើន។ ប៉ុន្តែនៅទីនេះ វាមិនដូចស្រុកខ្មែរ តែក៏ ប្រហាក់ប្រហែលការប្រារព្ធពិធីចូលឆ្នាំនៅស្រុកខ្មែរដែរ»។
បើយោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំ២០១៧ ដែលរៀបរៀងឡើងដោយ លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ទេវតាឆ្នាំថ្មី ឆ្នាំរកា ដែលមានឈ្មោះថា កិមិរាទេវី ជាបុត្រទី៦ នៃកបិលមហាព្រហ្ម នឹងចុះមកដល់ផែនដី នៅម៉ោង៣ និង១២នាទីព្រឹក នៅថ្ងៃសុក្រទី១៤ ខែមេសាខាងមុខនេះ។
សៀវភៅមហាសង្ក្រាន្តដដែលនេះ បញ្ជាក់ថា រណ្ដាប់ទទួលទេវតា មានជាអាទិ៍ បាយសី ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ចេកនួន ចេកណាំវ៉ា ផ្លែឈើ១១មុខ និងទឹកស្អាត២កែវជាដើម។
ជាការទាក់ទាញការចាប់អារម្មណ៍ដល់ពលករ និងពលការិនីមួយផ្នែកទៀតផងនោះ គឺថា កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងប្រទេសកូរ៉េឆ្នាំនេះ មានការចូលរួមពីក្រុម តារាល្បីៗក្នុងប្រទេសកម្ពុជាមកសម្តែងឲ្យកម្មករបានកម្សាន្តសប្បាយរីករាយជាមួយ ចម្រៀងពួឃ្លាំង នេនទុំ កំប្លែង នាយក្រឹម ចាប៉ីដងវែង របាំត្រុត និងការអញ្ជើញក្រុម មន្ត្រីសំខាន់ៗកួរ៉េខាងត្បូង និងមន្ត្រីជាន់ខ្ពស់កម្ពុជាបានចូលរួម ដើម្បីបញ្ជាក់ជាសារដល់កម្មករ កម្មការិនីផងដែរ។
កម្មវិធីចូលឆ្នាំប្រពៃណីខ្មែរនេះ មិនបានប្រកាសឲ្យកម្មករដឹងពីការគំរាមកំហែងរបស់ កូរ៉េខាងជើងទេ ទោះជាមានមន្ត្រីរដ្ឋាភិបាល ឯកអគ្គរាជទូតខ្មែរប្រចាំកម្ពុជា លោក ឡុង ឌីម៉ង់ និងមន្ត្រីក្រុងហើយតំណាងរាស្ត្រកូរ៉េ ដែលបានចូលរួមថ្លែងការណ៍ សំណេះសំណាល លើកទឹកចិត្ត កោតសរសើរពលករក្តី។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ នៅក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូងនេះ បានសន្យាថា នឹងសម្រួលកិច្ចការ ការប្រឈមរបស់កម្មករជួនដល់ពលករ ពលការិនីខ្មែរនៅកូរ៉េ ការគិតគូរពីការធានា សុខភាព ការគោរពច្បាប់ ការថែរក្សាឯតទគ្គកម្មជាពលករល្អក្នុងចំណោម១៦ប្រទេស ការពង្រីកទីផ្សារការងារថែមទៀតជាមួយកូរ៉េ កោះហុងកុង និងប្រទេសមួយចំនួនទៀត ក្រៅពីបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើការកសាងទំនាក់ទំនងការទូតនិង សេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងត្បូងបន្ថែមទៀតនោះ៕