ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាកំពុងធើ្វសេចក្តីព្រាងច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង ខណៈពេលដែលកំណើននៃការប្រើប្រាស់គ្រឿងស្រវឹងចេះតែបន្តកើនឡើងក្នុងចំណោមពលរដ្ឋកម្ពុជាវ័យក្មេង។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកឯកទេសផ្នែកសុខភាព។
សេចក្តីព្រាងច្បាប់ដែលកំពុងតាក់តែងឡើងនេះនឹងមិនអនុញ្ញាតឲ្យយុវជនអាយុក្រោម២១ឆ្នាំប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹង ដែលបច្ចុប្បន្ននេះមានការរីកសុះសាយស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយសារតែកង្វះច្បាប់គ្រប់គ្រង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការហាមឃាត់មិនឲ្យយុវជនអាយុក្រោម២១ឆ្នាំប្រើប្រាស់គ្រឿងស្រវឹងនេះគឺជាមធ្យោបាយមួយ ដើម្បីត្រួសត្រាយផ្លូវឲ្យយុវជនវ័យក្មេងទាំងនេះស្វែងយល់ពីហានិភ័យនានា ដែលបង្កឡើងដោយគ្រឿងស្រវឹង។
«បាទនៅក្នុងសេចក្តីព្រាង យើងកំណត់អាយុក្រោម២១ឆ្នាំ យើងហាមឃាត់។ អាយុ២១ឆ្នាំបានន័យថា វាគ្រប់គ្រាន់ដើម្បីឲ្យគាត់ស្វែងយល់ពីផលលំបាក ដែលកើតឡើងដោយសារទទួលទានគ្រឿងស្រវឹងនេះ។ ដូច្នេះហើយការដែលកំណត់អាយុ២១ឆ្នាំនេះជាការមួយ ដើម្បីអប់រំយុវជនរបស់យើងឲ្យប្រែប្រួលឥរិយាបថ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនេះ»។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឲ្យដឹងដែរថា ការបង្កើតច្បាប់នេះគឺធ្វើឡើងក្នុងគោលបំណងគាំពារសុខភាពសាធារណជន និងការទប់ស្កាត់ភាពអន្តរាយផ្សេងៗដែលបង្កឡើងដោយប្រើគ្រឿងស្រវឹង ក្នុងនោះរួមមានអំពើហិង្សាក្នុងគ្រួសារ និងគ្រោះថ្នាក់ចរាចរ។
«យើងមានហេតុផលច្រើនដែលទាក់ទិននឹងការប្រើគ្រឿងស្រវឹងនេះដែលផលលំបាកច្រើន ទាំងបញ្ហាសុខភាពបុគ្គលម្នាក់ៗ ដែលទទួលទាន សុខភាពសាធារណៈដែលប៉ះពាល់ដល់សាធារណជនទាំងមូល ហើយក៏ដូចជាទាក់ទិននឹងគ្រោះថ្នាក់ចរាចរ ទាក់ទិននឹងហិង្សាក្នុងគ្រួសារ ការបាត់បង់បញ្ញាស្មារតីនៅពេលរៀនសូត្រ»។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះត្រូវបានប្រកាសឲ្យដឹងជាសាធារណៈផងដែរនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងទៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធ។ វាគ្មិនដែលជាអ្នកឯកទេសផ្នែកសុខភាពជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងសន្និសីទនោះបានលើកឡើងថា ពលរដ្ឋកម្ពុជាជាង៩០ភាគរយបានគាំទ្រឲ្យមានច្បាប់នេះ។
ថ្លែងនៅក្នុងសនិ្នសីទនោះ លោក James Nichols អ្នកឯកទេសផ្នែកគោលនយោបាយស្តីពីគ្រឿងស្រវឹងមកពីចក្រភពអង់គ្លេស បានស្នើឲ្យកម្ពុជាយកគម្រូតាមការអនុវត្តជាលក្ខណៈអន្តរជាតិ ដោយតម្រូវឲ្យអ្នកដែលចង់ធ្វើអាជីវកម្មលក់គ្រឿងស្រវឹង ត្រូវសុំអាជ្ញាបណ្ណពីរដ្ឋាភិបាល។
«តាមបទពិសោធន៍អន្តរជាតិដើម្បីកាត់បន្ថយនូវហានិភ័យទាំងឡាយ ដែលបង្កដោយគ្រឿងស្រវឹងនោះ ច្បាប់គួរតែមានចែងអំពីការរកទិញផលិតផលគ្រឿងស្រវឹងនោះ មានន័យថា អ្នកលក់ផលិតផលគ្រឿងស្រវឹងហ្នឹងត្រូវតែមានអាជ្ញាបណ្ណ»។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះនឹងត្រូវដាក់ឲ្យពិភាក្សាដោយគណៈកម្មការអន្តរក្រសួងក្នុងពេលឆាប់ៗខាងមុខនេះ ហើយច្បាប់នេះក៏នឹងមានមាត្រាដាក់ទោសពិន័យលើការប្រើគ្រឿងស្រវឹងនេះដែរ នៅពេលដែលច្បាប់នេះចូលជាធរមាន៕