ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ព្រោះពុំមានវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមណាដែលរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រើប្រាស់ឡើយ រហូតមកដល់ពេលនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤។
ក្រសួងនេះបានឱ្យដឹងថា បច្ចុប្បន្ននេះ មានការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga នៅលើបណ្ដាញសង្គម។ ក្រសួងបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ហើយអង្គការសុខភាពពិភពលោក (WHO) ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) សហរដ្ឋអាមេរិកមិនទាន់ទទួលស្គាល់ Qdenga នៅឡើយ។
បច្ចុប្បន្ននេះ វ៉ាក់សាំង Qdenga មិនទាន់ត្រូវបានចុះបញ្ជីការនៅក្នុងប្រទេសកម្ពុជាឡើយ។
ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនស្វែងយល់និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយមធ្យោបាយសមស្របដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល។
ដើម្បីបង្ការជំងឺគ្រុនឈាម ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវមានសកម្មភាពចូលរួមកម្ចាត់ដង្កូវទឹកតាមទីកន្លែង ដែលមានទឹកដក់ ដូចជាសំបកកង់ឡាន សំបកកង់ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងៗ។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕