ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ខេត្ត​កំពត


រូបឯកសារ៖ សត្វបក្សី​ដើរ​ក្នុង​រោងមួយ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​កាលពីថ្ងៃទី​២១ តុលា ឆ្នាំ២០១៥។
រូបឯកសារ៖ សត្វបក្សី​ដើរ​ក្នុង​រោងមួយ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​កាលពីថ្ងៃទី​២១ តុលា ឆ្នាំ២០១៥។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ក្រើន​រំឮក​ឱ្យ​ប្រជាពល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្តាសាយ​បក្សី(H5N1) ក្រោយ​រក​ឃើញ​ករណី​ឆ្លងថ្មី​មួយ​លើ​មនុស្ស​ម្នាក់នៅ​ក្នុង​ស្រុក​ដង​ទង់ ខេត្ត​កំពត។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ចេញ​ផ្សាយ​នៅថ្ងៃ​ទី២៤ ខែ​វិច្ឆិកា។

ក្រសួង​បញ្ជាក់​ថា​ស្រ្តី​ម្នាក់ អាយុ​២១​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ដំណាក់​សុក្រំ ស្រុក​ដងទង់ ខេត្តកំពត បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ហើយ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ក្រោយ​ចាប់​ផ្តើម​ឈឺ ដោយ​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន ពិបាក​ដក​ដង្ហើម និង​ក្អក។ ក្រសួង​បញ្ជាក់​ថា​ក្រោយ​ដឹង​ថា​មាន​ករណី​ឆ្លង​ថ្មី ក្រុម​ការងារ​ជំនាញ​បាន​ឆ្លើយ​តប​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​ក្នុង​សហ​គមន៍​ និង​ចែក​ជូន​ថ្នាំ​តា​ម៊ី​ហ្លូ​(Tamiflu)ដល់​អ្នក​ប៉ះ​ពាល់​ជិត​ស្និទ្ធ។

បើ​តាម​ក្រសួង​សុខាភិបាល វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ (H5N1) នេះ​ មាន​ដូច​ជា​ការ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​បន្ទាប់​ពី​មាន​ការ​ប៉ះ​ពាល់​ជាមួយ​បក្សី ដាក់​បក្សី​ឱ្យ​ឆ្ងាយ​ពី​កុមារ​និង​កន្លែង​រស់​នៅ និង​កុំបរិភោគ​សត្វ​បក្សី​ឈឺ​ ឬ​ងាប់​ជា​ដើម។ ក្រសួង​បញ្ជាក់​ថា​ជំងឺ​ផ្ដាសាយ​បក្សី​(H5N1)​នេះ​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្សទេ​ ប៉ុន្តែ​វា​ក៏​អាច​បំប្លែង​ខ្លួន​ឆ្លង​ដូច​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​កុម្ភៈ អាជ្ញាធរ​សុខា​ភិបាល​កម្ពុជា​បាន​រក​ឃើញ​ក្មេង​ស្រី​ម្នាក់ អាយុ​១១​ឆ្នាំ​បានស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី។ ហើយកាល​ពី​ដើម​ខែ​តុលា ក្មេង​ស្រី​ម្នាក់ អាយុ​២​ឆ្នាំ និង​បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ មក​ពី​ខេត្ត​ព្រៃ​វែង ក៏​បាន​ស្លាប់​ដោយសារជំងឺៗ​នេះ​ផង​ដែរ៕

XS
SM
MD
LG