ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននិងបង្ការការឆ្លងជំងឺគ្រុនឈាម ដើម្បីបញ្ចៀសកុំឱ្យឆ្លងច្រើន ក្នុងរយៈពេលវដ្តនៃជំងឺគ្រុនឈាម ដែលតែងតែមានការឆ្លងខ្លាំងក្នុងឆ្នាំទី ៥ ឬឆ្នាំទី ៦។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃ ១៤ ខែកញ្ញា និងមន្ត្រីប្រចាំក្រសួង។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល ពន្យល់ថា ជំងឺគ្រុនឈាមនេះតែងតែមានការឆ្លងច្រើន ក្នុងរយៈពេល ៥ឬ ៦ ឆ្នាំម្តង ព្រោះវាជាវដ្តនៃជំងឺដែលឆ្លងពីមូសខ្លា។
លោកប្រាប់វីអូអេថា៖ «ឧទាហរណ៍ក្នុងឆ្នាំណាមួយមានការកើនឡើងច្រើន អ៊ីចឹងប្រជាជនមានការឆ្លងជំងឺគ្រុនឈាមច្រើន អ៊ីចឹងគាត់មានប្រព័ន្ធការពាររបស់គាត់បានទប់ទល់ជាទូទៅ បាន ៥ ទៅ ៦ ឆ្នាំ ហើយវានឹងថយចុះនៅឆ្នាំទី ៤ ទី ៥ ទី ៦ ហ្នឹង អ៊ីចឹងបានជំងឺគ្រុនឈាមចាប់ផ្តើមកើននៅឆ្នាំទី ៤ ទី ៥ ទី ៦ យើងហ្នឹង។ លក្ខណៈអ៊ីចឹង វាជាវដ្តរបស់វា ជាធម្មជាតិរបស់វានៃជំងឺគ្រុនឈាមទាំងអស់ទូទាំងពិភពលោក សូម្បីនៅសហរដ្ឋអាមេរិកក៏អ៊ីចឹងដែរ»។
លោកបន្ថែមថា គិតត្រឹមខែចុងខែសីហា កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាម ចំនួនជាង ១ ម៉ឺន ៧ ពាន់នាក់ ក្នុងនោះមានស្លាប់ ៣២ នាក់ ដែលចំនួននេះកើនឡើង ២ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
លោកថ្លែងថា៖ «ឆ្នាំដែលផ្ទុះចុងក្រោយហ្នឹងគឺថា នៅក្នុងឆ្នាំ ២០១៩ ដល់ឥឡូវនេះ វាចូលឆ្នាំទី ៤ ឈានចូលឆ្នាំទី ៥ ហើយ។ អ៊ីចឹងវាដល់ពេលវេលាដែលវាត្រូវរៀងកើនហើយ។ អ៊ីចឹងនៅក្នុងឆ្នាំនេះ យើងឃើញថាមកដល់ពេលនេះ សប្តាហ៍ទី ៣៤ នេះ គឺយើងមានចំនួនសរុបទាំងអស់ជាង ១ ម៉ឺន ៧ពាន់នាក់ នៅក្នុងនោះមានស្លាប់ ៣២នាក់»។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ និងការពារជំងឺគ្រុនឈាម គឺទាំងអាជ្ញាធរ និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ សម្អាតទីធ្លាជុំវិញផ្ទះសម្បែង និងក្នុងមូលដ្ឋាន ជាពិសេសត្រូវការទុកដាក់សំបកកងឡានក្រោមដំបូលឱ្យបានត្រឹមត្រូវ ព្រោះនេះជាប្រភពដង្កូវ និងជម្រកមូសខ្លាដ៏ចម្បង។
បើតាមមន្ត្រីរូបនោះ ប្រសិនបើអ្នកណាម្នាក់ក្តៅខ្លួន សូមនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ព្រោះជំងឺនេះមានរយៈពេលព្យាបាលតែ ៤៨ ម៉ោងទេ ហើយបើលើសពីនេះ គឺអាចពិបាកក្នុងការព្យាបាល៕