ក្រសួងសុខាភិបាលអំពាវនាវឱ្យអាជ្ញាធរពង្រឹងវិធានការទប់ស្កាត់ជំងឺអុតស្វា

រូបឯកសារ៖ បុគ្គលិកសុខាភិបាល​កំពុងពិនិត្យមើលកុមារម្នាក់ដែលឆ្លងជំងឺអុតស្វា នៅប្រទេសកុងហ្គោ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ពង្រឹង​វិធានការ​ចត្តាឡីស័ក​ ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​នៅ​តាម​ច្រក​ចេញ​ចូល​ប្រទេស បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា​ ឬ​ Mpox​ ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​និង​អាច​បង្កការ​បាត់​បង់​ជីវិត​របស់​អ្នក​ជំងឺ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ​ឈាង រ៉ា។​

ការ​អំពាវ​នាវ​របស់​ក្រសួង​សុខាភិបាល​ធ្វើ​ឡើង​ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​គ្រោះ​អាសន្ន​សុខភាព​សាធារណៈ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា ​(Mpox)​ ជា​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​សីហា​ ឆ្នាំ ​២០២៤។​

ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី ​២៣​ ខែ​សីហា​ ក្រសួង​បាន​លើក​ឡើង​ថា​ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អឹម​ផក ​(Mpox) ​គឺ​ដំណាល​ពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​ផ្តាសាយ​បក្សី​(H5N1)​ ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ និង​ជំងឺ​អង់ត្រាក់​ (Anthrax)​ ដែល​មាន​នៅ​ក្នុង​តំបន់​ និង​ប្រទេស​ជិត​ខាង​ផង​ដែរ។​

នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC)​ នៃ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ប្រទេស​កម្ពុជា​មាន​ជំងឺ​អឹមផក​ (Mpox) ​ចំនួន​ ២០ ​ករណី​សុទ្ធ​តែ​ភេទ​ប្រុស​ និង​បាន​ព្យាបាល​ជា​សះស្បើយ​ទាំង​អស់​ និង​ជំងឺ​ផ្តាសាយ​បក្សី​ (H5N1)​ ចំនួន ​៧២ ​ករណី ​(ស្លាប់ ៤៣ ​ករណី)។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក ​អ៊ូច វុទ្ធី ​លើក​ឡើង​ថា​ ករណី​ជំងឺ​អុតស្វា​បាន​វិវឌ្ឍ​ចេញ​ពី​ជំងឺ​អុតស្វាយ ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​កើត​ជំងឺ​អុតស្វាយ​ហើយ​មិន​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ៦ ​មុខ ​នៅ​ពេល​ដែល​កុមារ​ទើប​កើត។​

លោក​បន្ថែម​ថា​ ជំងឺ​អុតស្វា​ដែល​ទើប​លិច​ឡើង​ជា​ចុង​ក្រោយ​ថ្មីៗ​ពី​តំបន់​អាហ្រ្វិក​ ហើយ​កំពុង​រាល​ដាល​មក​តំបន់​អាស៊ី ​គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ជំងឺ​អុតស្វាយ ហើយ​អ្នក​ជំងឺ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​បាត់បង់​ជីវិត។​

លោក​គ្រូពេទ្យ ​អ៊ូច វុទ្ធី​ ថ្លែង​ថា៖​ «ជំងឺ​អុតស្វា​នេះ​វា​មិន​ថា​ វ័យ​ចាស់​ វ័យ​ក្មេង​ទេ​ ប្រសិន​បើ​មាន​ឆ្លង​ទៅ​ដល់​មនុស្ស​យើង​គ្រប់គ្នា​ សម្រាប់​វ័យក្មេង​ជួន​កាល​មាន​អង់ទីក័រ​ទប់ទល់​ខ្លះ។​ ប្រសិន​បើ​គាត់​មាន​អង់ទីក័រ​ធម្មជាតិ​ពី​ម្ដាយ​ក៏​អាច​ទប់ទល់​ឱ្យ​គាត់​រស់​បាន​ដែរ​ប្រសិន​ជា​ក្មេង។​ ហើយ​ហានិភ័យ​ខ្លាំង​ចំពោះ​មនុស្ស​ចាស់​ ប្រសិន​បើ​ជា​មាន​ជំងឺ​អុតស្វា​នេះ ​ប្រព័ន្ធ​ការពារ​គាត់​ចុះ​ខ្សោយ​ ​អ៊ីចឹង​ទៅ​ គាត់​អាច​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ និង​មាន​ហានិភ័យ​ទៅ​ដល់​ជីវិត​គាត់»។​

បើតាម​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ​ឈាង រ៉ា ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ទាំង​អស់ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​តាម​ដាន​ និង​ពង្រឹង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ដែល​អាច​នាំ​ចូល​ពី​បណ្តា​ប្រទេស​នានា​ ដោយ​ពង្រឹង​វិធាន​ការ​ចត្តាឡីស័ក​ ឬ​ការ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ពី​គេ​ឯង​ចំពោះ​អ្នក​ដែល​មាន​អាការ​រោគ​នៃ​ការ​ឆ្លង​ជំងឺ​ខាង​លើ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៅ​តាម​ច្រកចេញ​ចូល​ប្រទេស​ និង​ដើម្បី​ការពារ​សុខភាព​ជូន​ប្រជាជន​ ស្រប​តាម​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ អ្នកស្រី ​ឱ វណ្ណឌីន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ទេ។ ​វីអូអេ​ក៏​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​លី សុវណ្ណ ​នៅ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​(CDC)​ បាន​ដែរ។​

យ៉ាង​ណា​មិញ​ បើ​តាម​ព័ត៌មាន​របស់​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC)​ រហូត​ដល់​ថ្ងៃ​ចន្ទ​ ទី​ ២៦​ ខែ​សីហា​ ឆ្នាំ ​២០២៤​ នេះ​ គេ​នៅ​មិន​ទាន់​រក​ឃើញ​ករណី​ជំងឺ​ អឹមផក​ (Mpox)​ ប្រភេទ​ថ្មី​ (Clad 1b )ដែល​ជា​មេរោគ​ឆ្លង​ខ្លាំង​នៅ​ឡើយ​ទេ។ ​ហើយ​ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​(CDC)​ ក៏​កំពុង​តាម​ដាន​យ៉ាង​សកម្ម​តាម​ព្រំដែន​ ចេញ-ចូល​ទាំងអស់​ និង​ទូទាំង​ផ្ទៃ​ប្រទេស។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក ​WHO ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ១៤ ខែ​សីហា ​ជំងឺ​អុតសា្វ ​(Mpox)​ ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​តាំងពី​ឆ្នាំ​ ២០២២​ ដែល​មាន​ដើម​កំណើត​ចេញ​ប្រទេស​កុងហ្គោ។​ អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា ​ជំងឺ​អុតស្វា​នេះ​ជា​មេរោគ​ជំងឺ​អាសន្ន​រោគ​ថ្មី​មួយ​ក្នុង​ពិភពលោក​ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​ជា​កំហិត។​

នាយក​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​សុខភាព​ពិភព​លោក ​លោក​វេជ្ជបណ្ឌិត​ Tedros Adhanom Ghebreyesus ​ត្រូវ​បាន​សម្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«ការ​លេច​ឡើង​នៃ​ជំងឺ​ Mpox ​ថ្មី ​ដែល​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ភាគ​ខាង​កើត​ប្រទេស​កុងហ្គោ​ និង​ការ​រាយ​ការណ៍​អំពី​ករណី​នៅ​ក្នុង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​គឺ​ចាំបាច់​ដើម្បី​បញ្ឈប់​ការ​ផ្ទុះ​ឡើង​ទាំង​នេះ ​និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»។​

នៅ​ចំពោះ​មុខ​គ្រាអាសន្ន​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ Mpox ​ថ្មី​នេះ​ អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន​ ២ ​ប្រភេទ​ និង​កំពុង​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ព្រម​ទាំង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​លើ​ការ​បរិច្ចាគ​វ៉ាក់សាំង​តាម​រយៈ​បណ្តាញ​វិធានការ​ប្រឆាំង​របស់​វេជ្ជ​សាស្ត្រ​ (Medical Countermeasures Network)​ ជា​បណ្តោះ​អាសន្ន​ដើម្បី​ជួយ​សម្រួល​ដល់​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ដោយ​ស្មើភាព ​ការ​ព្យាបាល ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ឧបករណ៍​ផ្សេង​ទៀត។​

ជំងឺ​អឹមផក​ (Mpox)​ ឆ្លង​តាម​រយៈ​ការ​រួមភេទ​គ្រប់​ទម្រង់​ជា​មួយ​ អ្នក​ជំងឺ​អឹមផក​ និង​ ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ​ទឹកមាត់​ តំណក់​ទឹក​តូចៗ​តាម​ផ្លូវ​ដង្ហើម​របស់​អ្នក​ជំងឺ​អឹមផក។​ ការ​ប្រើប្រាស់​សម្ភារៈ​ដែល​ប្រឡាក់​ប្រឡូក​ជា​មួយ​នឹង​វីរុស​អុតស្វា​ រួមមាន​សម្លៀក​បំពាក់​ ពូក​ កន្សែង ឬ​សម្ភារៈ​ ស្លាបព្រា​ចាន​ កែវ​ទឹក។ល។ ​វីរុស​អុតស្វា​ឆ្លង​ពី​ម្តាយ​ទៅ​កូន​តាម​រយៈ​ទងសុក​ ក្នុង​អំឡុង​ពេល​ឬ​ក្រោយ​ពេល​សម្រាល​ តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ឬ​ឪពុក​ម្តាយ​មាន​ជំងឺ​អឹមផក។ ​នេះ​បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​(CDC)។​

បើ​តាម​វិធានការ​បង្ការ​ជំងឺ​អុតស្វា​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ (CDC) ​ណែនាំ​ឱ្យ​ប្រើប្រាស់​ស្រោម​អនាម័យ​រាល់​ពេល​រួមភេទ​ និង​ចៀសវាង​មាន​ដៃគូ​រួម​ភេទ​ច្រើន។ ​ហាម​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​ដែល​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​អឹមផក។ ​ចៀសវាង​ការ​ប៉ះពាល់​របស់​របរ​អ្នក​មាន​ជំងឺ​អឹមផក​ និង​តំណក់​ទឹក​ចេញ​ពី​ផ្លូវ​ដង្ហើម​ ឬ​សារ​ធាតុរាវ​ តាម​មាត់​របស់​អ្នក​ជំងឺ​អឹមផក។ ​ត្រូវ​លាង​ដៃ​ជា​មួយ​សាប៊ូ​ ឬ​អាល់កុល​លាង​ដៃ។ ​បុគ្គល​ដែល​សង្ស័យ​ ឬ​បញ្ជាក់​ថា ​មាន​ជំងឺ​អឹមផក​ត្រូវ​តែ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រហូត​ដល់​ក្រមរ​ ជ្រុះ​អស់​ និង​ទទួល​លទ្ធផល​អវិជ្ជមាន​វីរុស​អុតស្វា។​

ចំណែក​បុគ្គល​ដែល​ផ្តល់​ការ​ថែទាំ​ អ្នក​ជំងឺ​អឹមផក​ត្រូវ​ការពារ​ខ្លួន​ ដោយ​ពាក់ម៉ាស់ ​លាងដៃ ​ពេល​ប៉ះពាល់​ជា​មួយ​អ្នក​ជំងឺ។​ ចំពោះ​បុគ្គល​ណា​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ កន្ទួល​រមាស់​ជា​មួយ​ពងទឹក​នៅ​លើ​មុខ​ បាតដៃ ​ជើង ​ដងខ្លួន ​ភ្នែក ​មាត់​ ឬ​ប្រដាប់​ភេទ​ គ្រុនក្តៅ ​ហើម​កូន​កណ្តុរ​ ឈឺ​ក្បាល​ ឈឺ​សាច់ដុំ​ និង​ឈឺ​ចង្កេះ​ អស់​កម្លាំង​ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ឬ​ទាក់​ទង​ទៅ​លេខ​ទូរស័ព្ទ​ ១១៥៕​