មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា ក្រសួងសេដ្ឋកិច្ចមានវិធានការកាត់ចោលនូវកញ្ចប់ថវិកាណាដែលក្រសួងនីមួយៗមិនបានប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
នៅក្នុងវេទិកាសាធារណៈមួយស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៧»លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ថ្លែងថា នៅក្នុងឆ្នាំ២០១៧នេះ ក្រសួងសេដ្ឋកិច្ចនឹងកាត់ចោលកញ្ចប់ថវិកាណាដែលក្រសួងសាម៉ីមិនបានចាយតាមពេលវេលាកំណត់។
«នៅឆ្នាំថ្មីនេះដឹងម៉េចទេ? ក្រសួងណាក៏ដោយ កាលណាសុំធានាចំណាយឆ្នាំ ដល់ឆមាសទី២ហើយ មិនសុំធានានូវចំណាយហ្នឹងទេ យើងកាត់ចោលហ្មង។ មិនព្រមចាយពីដើមឆ្នាំទេ ដល់ពេលចុងឆ្នាំប្រលែងបណ្តោយ។ ឆ្នាំនេះជាឆ្នាំចាប់ផ្តើម ធ្វើរបងច្រើនណាស់ តែអត់ចាយ កាត់ចោលបណ្តាយ»។
លោកវង្សី វិស្សុត ថ្លែងបន្តថា ក្រសួងសេដ្ឋកិច្ចនឹងតាមដានការចំណាយរបស់ក្រសួងនីមួយៗ ដើម្បីធានាថាការចំណាយទាំងនោះស្របតាមការកំណត់របស់ច្បាប់ថវិកាជាតិឆ្នាំ២០១៧។
«ដូច្នេះ ការអនុវត្តត្រូវតែធ្វើឲ្យល្អ មានអ្នកតាមដាន អ្នកតាមមើលនៅតាមក្រសួងមួយៗ តើអ្វីដែលយើងគិតគូរតាមការបែងចែកនេះ ប៉ុន្តែនៅពេលចាយជាក់ស្តែង យើងត្រូវតាមមើលទាំងអស់គ្នា ធ្វើម៉េចចាយឲ្យស្រួល ចាយឲ្យចំមុខ។ នេះជាអ្វីដែលយើងត្រូវធ្វើតទៀត»។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបញ្ជាក់ប្រាប់ VOA ថា ចំណាត់ការរបស់ក្រសួងសេដ្ឋកិច្ចនេះ អាចកាត់បន្ថយការចាយថវិការដ្ឋដោយគំហុក និងមិនត្រឹមត្រូវនាត្រីមាសចុងក្រោយ ដូចដែលធ្លាប់កើតឡើងកន្លងមក។ ក៏ប៉ុន្តែលោកព្រាប កុល ថាលទ្ធផលយ៉ាងណានោះត្រូវរង់ចាំមើលការអនុវត្តជាក់ស្តែង។
លោកព្រាប កុល ថ្លែងបន្តទៀតថា រដ្ឋាភិបាលគួរតែបង្ហាញជាសាធារណៈនូវទិន្នន័យលម្អិតពីការចាយវាយប្រចាំឆ្នាំរបស់ខ្លួន។
«យើងចង់ឃើញរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័នរដ្ឋនីមួយៗ ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រសួងហ្នឹង មានការផ្សព្វផ្សាយជាសាធារណៈ។ មានន័យថា គាត់បង្ហោះលើគេហទំព័រ ឬបោះពុម្ពចែកចាយជាសាធារណៈថា ហិរញ្ញវត្ថុដែលគាត់ទទួលបានសម្រាប់ឆ្នាំហ្នឹងមានចំនួនប៉ុន្មាន ហើយគាត់ចាយវាយអស់ប៉ុន្មាន ចាយវាយលើអ្វីខ្លះ មានទឹកប្រាក់សម្រាប់ឆ្នាំហ្នឹងដែលចាយមិនអស់ទេ មានចាយលើសទេ មានការធ្វើសវនកម្មពីអ្នកជំនាញសវនករទេ»។
ថវិកាជាតិ ឆ្នាំ២០១៧ ត្រូវបានបែកចែកទៅឲ្យក្រសួងអប់រំច្រើនជាងក្រសួងដទៃទៀត ដែលស្មើនឹង១៩,៩៥%។ ក្រសួងដែលទទួលបានថវិកាជាតិច្រើនបន្ទាប់ គឺក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានចំនួន១១,៤០% និងក្រសួងការពារជាតិទទួលបានចំនួន៨,៧៨%។
ថវិកាជាតិ ឆ្នាំ២០១៧នេះ ក៏បានកំណត់ដំឡើងប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការ និងកងទ័ពផងដែរដើម្បីធានាថា មន្ត្រីសាធារណៈទាំងនោះអាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈដល់ពលរដ្ឋ។ នេះបើយោងតាម លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច ថ្លែងថា ការបែងចែកថវិកាទៅតាមក្រសួងនីមួយៗហាក់មានភាពប្រសើរហើយ ក៏ប៉ុន្តែលោកថា ការបែកចែកថវិកាទៅថ្នាក់ក្រោមជាតិ នៅមានតិចតួចនៅឡើយ។
«ក៏ប៉ុន្តែចំពោះការបែងចែកមួយទៀត គឺរវាងថ្នាក់កណ្តាល គឺថ្នាក់ជាតិ និងក្រោមជាតិ ថ្នាក់មូលដ្ឋាន នៅមានកម្រិតតិចតួច ស្ទើរតែមិនកើនឡើងយូរឆ្នាំមកហើយ។ គួរមានការបែងចែកឲ្យច្រើនថែមទៀតដល់ថ្នាក់មូលដ្ឋាន។ អស់លោកត្រូវការច្រើនណាស់ក្នុងការលើកជាផែនការ ដើម្បីអភិវឌ្ឍក្នុងភូមិ ឃុំ»។
កាលពីចុងឆ្នាំ២០១៦កន្លងទៅ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេងគាំទ្រតែពីសមាជិកសភាគណបក្សប្រជាជនកម្ពុជា ចំនួន៦៦សំឡេង និងមិនទទួលបានការយល់ព្រមពីក្រុមតំណាងរាស្ត្រគណបក្សជំទាស់នោះទេ។
យ៉ាងណាក៏ដោយ លោកស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់ VOA ថា គណបក្សជំទាស់នៅតែបន្តតាមដានការចំណាយរបស់រដ្ឋាភិបាលថាត្រឹមត្រូវ និងមានតម្លាភាពតាមការកំណត់របស់ច្បាប់ថវិកាជាតិ។
«ក្នុងករណីនេះ យើងតាមដាន ពេលការអនុវត្ត យើងនៅតែបន្តតាមដាន ថាមានការលួចបន្លំពន្ធ ការប្រមូលពន្ធត្រឹមត្រូវទេ តើលុយលក់សំបុត្រចូលអង្គរវត្តមានការលួចទេនៅឆ្នាំ២០១៧។ នេះជាការតាមដានរបស់គណបក្សសង្គ្រោះជាតិ។ នៅក្នុងច្បាប់ហ្នឹង តួលេខវាតិចហើយ ដល់ចំណាយជាក់ស្ដែងហ្នឹងវាមិនគ្រប់ទៀត។ ជំរុញយ៉ាងហោចណាស់ ក៏ឱ្យចាយត្រឹមត្រូវដូចមានចែងក្នុងច្បាប់ហ្នឹង»។
លោកស៊ុន ឆ័យ បញ្ជាក់ទៀតថា ក្នុងករណីដែលគណបក្សជំទាស់រកឃើញភាពមិនប្រក្រតីចំពោះចំណូល ឬចំណាយណានោះ គណបក្សជំទាស់នឹងប្រមូលភស្តុតាង និងកោះហៅរដ្ឋមន្ត្រីក្រសួងសាម៉ីមកធ្វើការបំភ្លឺ៕