ក្រសួងបរិស្ថាននៅថ្ងៃពុធនេះប្រកាសជាសាធារណៈថា ក្រុមយុវជនចលនាមាតាធម្មជាតិដែលមានទំនាក់ទំនងជាមួយបុរសសញ្ជាតិអេស្ប៉ាញលោក Alejandro Gonzalez Davidson បានប្រព្រឹត្តសកម្មភាពប្រាសចាកពីឧត្តមប្រយោជន៍នៃសង្គមជាតិ និងផ្ទុយពីបទប្បញ្ញត្តិច្បាប់នៅកម្ពុជា។
ការប្រកាសរបស់ក្រសួងបរិស្ថានធ្វើឡើងបន្ទាប់ពីក្រុមយុវជនបរិស្ថាន និងយុវជនចលនាមាតាធម្មជាតិប្រមាណជាជិត២០នាក់ កាលពីថ្ងៃចន្ទ បាននាំគ្នាហែញត្តិទៅក្រសួងបរិស្ថានស្នើឱ្យក្រសួងដកហូតដីនៅឧទ្យានជាតិគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីម៉ា ដែលរដ្ឋាភិបាលបានផ្តល់ទៅឱ្យវិស័យឯកជន។ ពួកគេក៏បានប្រកាសធ្វើពហិកាមិនប្រើផលិតផលក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) របស់លោកស្រី ជឹង សុគន្ធាវី កូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ ដែលទទួលបានដីជាង៩០០ហិកតា នៅតំបន់ទាំងបី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា បណ្តាញអង្គការចាត់តាំងដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាលនោះទេ។
ក្រសួងបន្ថែមថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។
ក្រសួងបរិស្ថានបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះតាមន័យដើមថា៖ «រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
ក៏ប៉ុន្តែ ក្រសួងបរិស្ថានមិនបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនអំពីមូលហេតុថា តើក្រុមយុវជនចលនាមាតាធម្មជាតិបានប្រព្រឹត្តសម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍សង្គមជាតិកម្ពុជា បែបណានោះទេ។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអ្នកនាំពាក្យ លោក នេត្រ ភក្រ្តា តែមិនមានការឆ្លើយតប រហូតដល់ល្ងាចថ្ងៃពុធនេះ។
ក្រុមយុវជនចលនាមាតាធម្មជាតិ ត្រូវបានគេស្គាល់ថាជាក្រុមយុវជនដែលតែងផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថានលើបណ្តាញសង្គម និងតែងធ្វើសកម្មភាពតវ៉ា និងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន នៅរាល់ពេលមានករណីនៃការកាប់ព្រៃឈើ ការលុបបឹង ការចាក់ដី ឬបង្ហូរទឹកស្អុយចូលសមុទ្រ ទន្លេ និងការបូមខ្សាច់ជាដើម។
កញ្ញា ភួន កែវរស្មី សមាជិកក្រុមយុវជនចលនាមាតាធម្មជាតិប្រាប់វីអូអេថា ចលនាមាតាធម្មជាតិ ជាក្រុមយុវជនដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងការការពារបរិស្ថាន និងមិនធ្លាប់បានប្រកាសថាជាសមាគម ឬអង្គការនោះទេ។ កញ្ញាថា ការចោទក្រុមយុវជនមាតាធម្មជាតិថាធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិ គឺជាការចោទប្រកាន់ដែលផ្ទុយពីការពិត។
កញ្ញាបានលើកជាសំណួរទៅកាន់ក្រសួងបរិស្ថានថា តើការធ្វើសកម្មភាពទាមទារឱ្យមានការការពារតំបន់ធម្មជាតិ និងបរិស្ថាន ជាសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិ ឬការកាត់តំបន់ធម្មជាតិទៅឱ្យក្រុមហ៊ុនឯកជនជាសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិ?
កញ្ញាបញ្ជាក់ថា៖ «បើសិនជាក្រសួងបរិស្ថានយល់ថា ការការពារព្រៃឈើ ការទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកោះកុងក្រៅ ការទាមទារឱ្យមានបញ្ឈប់ការកាត់ដីឧទ្យានជាតិគិរីរម្យ ដូចជានៅភ្នំឱរ៉ាល់ ជារឿងដែលកំពុងតែបញ្ច្រាសនឹងឧត្តមប្រយោជន៍ជាតិ អ៊ីចឹងតើឧត្តមប្រយោជន៍ជាតិសម្រាប់ក្រសួងបរិស្ថាន គឺជាអ្វី? តើការទុកព្រៃគឺជារឿងដែលបញ្ច្រាសជាមួយនឹងឧត្តមប្រយោជន៍ជាតិ? ការការពារកោះដែលធំជាងគេនៅខ្មែរជាការបញ្ច្រាស និងផ្ទុយពីការការពារ ឬក៏បញ្ច្រាសនឹងឧត្តមប្រយោជន៍ជាតិសម្រាប់ក្រសួងបរិស្ថាន អ៊ីចឹងមានតែការបំផ្លាញទើបជាឧត្តមប្រយោជន៍ជាតិសម្រាប់ក្រសួងបរិស្ថាន?»។
កញ្ញា ភួន កែវរស្មី បន្ថែមថា ក្រសួងបរិស្ថានគួរតែយកពេលទៅការពារ និងដោះស្រាយបញ្ហាបរិស្ថាន ជាជាងចំណាយពេលចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ក្រុមយុវជនចលនាមាតាធម្មជាតិ។
លោក សាន ម៉ាឡា សកម្មជនសិទ្ធមនុស្សនិងបរិស្ថាន លើកឡើងថា មាតាធម្មជាតិគឺជាក្រុមយុវជន មិនមែនជាអង្គការ ឬសមាគមដែលត្រូវអនុវត្តសកម្មភាពក្រោមច្បាប់ស្តីពីអង្គការសមាគមនោះទេ។ លោកថា ក្រុមយុវជនមាតាធម្មជាតិតែងធ្វើកិច្ចការដោយមានយោងភស្តុតាង និងមាត្រាច្បាប់ក្នុងការបង្ហាញអំពីបញ្ហាបរិស្ថាននានាដែលពួកគេលើកឡើង ហើយថា ការចោទប្រកាន់របស់ក្រសួងបរិស្ថាន គឺជារឿងមិនត្រឹមត្រូវ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «បើយើងទៅពិនិត្យមើលវីដេអូ ឬក៏គ្រប់មាតិកាដែលគាត់ផុស តែងតែផ្សាភ្ជាប់ជាមួយមាត្រាច្បាប់ ឯកសារភស្តុតាងពីការសិក្សាស្រាវជ្រាវ ពីមន្ទីរពិសោធន៍ផ្សេងៗ។ ជាពិសេសមាតាធម្មជាតិតែងតែសួរជាសំណួរ អនុសាសន៍ និងទាមទារដំណោះស្រាយពីក្រសួងបរិស្ថានដែរ។ មាតាធម្មជាតិអត់ដែលទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួន ឬក៏ទៅដោះស្រាយបញ្ហាដោយមិនមានការចូលរួមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះទេ»។
នៅដើមខែឧសភានេះ សកម្មជនបរិស្ថានបានប្រកាសធ្វើយុទ្ធនាការមិនប្រើប្រាស់ទំនិញ និងសេវាកម្មក្រុមហ៊ុន វ័នម៉រ របស់លោកស្រី ជឹង សុគន្ធាវី កូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ ដែលគេដឹងថាល្បីក្នុងការទន្ទ្រានដីព្រៃនិងលុបបឹង ក្នុងគោលបំណងការពារដីឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បន្ទាប់ពីរដ្ឋាភិបាលបានកាត់ឱ្យទៅក្រុមហ៊ុននេះដើម្បីអភិវឌ្ឍគម្រោងទេសចរណ៍។ ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនវ័នម៉រ ដែលក្រុមសកម្មជនបរិស្ថានប្រកាសធ្វើពហិកាមិនប្រើប្រាស់នោះមានដូចជា ទឹកបរិសុទ្ធឱរ៉ាល់ មីជាតិ និងភោជនីយដ្ឋានវ័នម៉រ៕
ក្រសួងបរិស្ថានថា យុវជនមាតាធម្មជាតិប្រព្រឹត្តសកម្មភាពប្រាសចាកពីឧត្តមប្រយោជន៍ជាតិ
ភ្នំពេញ —