ក្រសួង​វប្បធម៌​ពន្យល់​ការ​​បន្ថែម​ពាក្យ​«វត្ត​ស្វាយអណ្តែត​»ក្នុង​ការ​ដាក់​បញ្ចូល​ល្ខោន​ខោល​ខ្មែរ​ក្នុង​បញ្ជី​យូណេស្កូ

រូបឯកសារ៖ អ្នក​ទស្សនា​ថត​វីដេអូ​តាម​រយៈ​ទូរស័ព្ទ​ ខណៈល្ខោន​ខោល​ដែល​មាន​អ្នក​សម្តែង​ជា​បុរស​សុទ្ធ​​ លេង​រឿង​រាមកេរ្តិ៍​​នៅ​ក្នុងពិធី​តាំង​ពិព័រណ៌​ «ទេព​កោសល្យ​និង​ស្នាដៃ» ក្នុង​សាលក​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ការ​ពន្យល់​នេះ​​របស់​ក្រសួង​វប្បធម៌​កើត​មាន​ក្រោយពី​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​សារ​ជា​ចម្ងល់​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ល្ខោនខោល​របស់​ខ្មែរ​ ​ដែល​ត្រូវ​បាន​បន្ថែម​ដោយ​វត្ត​ស្វាយ​អណ្តែត​ ​ប៉ុន្តែ​ល្ខោន​របស់​ថៃ​ ​ប្រើ​ត្រឹម​ល្ខោន​ខូន។

អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​លោក​ ថៃ​ នរៈសត្យា​ ​អះអាង​ថា​ ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​គឺ​ជា​ល្ខោនខោល​ខ្មែរ​តែ​មួយ​ ​ប៉ុន្តែ​លោក​ថា​ ​កម្ពុជា​ភ្ជាប់​វត្ត​ស្វាយអណ្តែត​ ​ដើម្បី​បញ្ជាក់​ពី​ទី​តាំង​ឲ្យ​ស្របតាម​ការ​តម្រូវ​របស់​អង្គការ​យូណេស្កូ។

​នៅ​ថ្ងៃទី​២៨​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​នេះ​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ​«គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​ ​បាន​អនុម័ត​យល់ព្រម​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ»។

​នៅ​ថ្ងៃ​ដដែល​នោះ​ ​អង្គការ​យូណេស្កូ​បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្លួន​ថា​ ​អង្គការ​យូណេស្កូ​បាន​ដាក់បញ្ចូល​ ​«​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត»​ ​របស់​កម្ពុជា​ ​ទៅ​ក្នុង​ ​«បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដែល​ត្រូវ​អភិរក្ស​បន្ទាន់»។​ ​មួយថ្ងៃ​ក្រោយ​ ​អង្គការ​នេះ​ក៏​បាន​ដាក់​បញ្ជូល​ ​ល្ខោន​ ​«ខូន»​ ​របស់​ថៃ​ ​ដែល​មាន​ទម្រង់​ស្រដៀង​នឹង​ល្ខោន​ខោល​ខ្មែរ​ ​ទៅ​ក្នុង​ ​«បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ»។

​ភ្លាមៗ​ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​យូណេស្កូ​អំពី​ល្ខោន​របស់​ប្រទេស​ទាំងពីរ​ ​ត្រូវ​បាន​ដាក់​បញ្ជូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​ដូចគ្នា​ ​គេ​ឃើញ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​សារ​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ល្ខោនខោល (Lkhon Khol) ​របស់​ខ្មែរ​ ​ដែល​ត្រូវ​បាន​បន្ថែម​ដោយ​វត្ត​ស្វាយ​អណ្តែត​ ​ប៉ុន្តែ​ល្ខោន​របស់​ថៃ​ ​ប្រើ​ត្រឹម​ល្ខោន​ខូន (Khon)។

​លោក​ ​ថៃ​ នរៈសត្យា​ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ល្ខោនខោល​វត្ត​ស្វាយអណ្តែត​ ​គឺ​តំណាង​ឲ្យ​ល្ខោនខោល​ខ្មែរ​ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ពី​ទី​តាំង​របស់​ល្ខោនខោល​ ​ទៅ​តាម​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ​ប៉ុណ្ណោះ។

​លោក​ពន្យល់​ពី​ការ​បន្ថែម​ពាក្យ​វត្ត​ស្វាយ​អណ្តែត​នៅ​ខាងក្រោយ​ពាក្យ​ល្ខោនខោល​ថា៖​

​«ការ​ដាក់​ស្វាយ​អណ្តែត​នេះ ​គ្រាន់តែ​ជា​ការ​បំពេញ​បន្ថែម​ដើម្បី​ឲ្យ​គ្រប់​លក្ខខណ្ឌ​ដែល​យូណេស្កូ​មាន​ចែង​តែ​ប៉ុណ្ណឹង។​ ខ្ញុំ​គ្រាន់តែ​ចង់​ជម្រាប​ជូន​ប្រព័ន្ធ​សារព័ត៌មាន​ថា​ ​ខ្ញុំ​មិន​ចង់​ឆ្លើយ​អំពី​បញ្ហា​ ​[ថៃ​ដាក់​ថា​ ល្ខោន​ខូន​ ​ដោយ​មិន​មាន​បញ្ជាក់​ទីកន្លែង]​ នេះ​ទេ​ ​ខ្ញុំ​ចង់​ឆ្លើយ​តែ​អំពី​បញ្ហា​ល្ខោនខោល​របស់​កម្ពុជា​តែមួយមុខ​ ​បើ​ចង់​សួរ​អំពី​ល្ខោន​ថៃ​ ​គួរតែ​ទៅ​សួរ​អ្នកនាំពាក្យ​របស់​ព្រះ​រាជាណាចក្រ​ថៃ»។

​លោក​ ថៃ​ នរៈសត្យា​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សំណួរ​ដែល​សួរ​ថា​ ​តើ​កម្ពុជា​នឹង​ធ្វើអ្វី​ខ្លះ​សម្រាប់​អបអរ​ ​និង​ផ្សព្វផ្សាយ​ពី​ល្ខោនខោល​ដែល​បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ។​ ប៉ុន្តែ​លោក​ថា​ ​កម្ពុជា​មាន​គោលនយោបាយ​ផ្នែក​វប្បធម៌​ក្នុង​ការ​អភិរក្ស​ ​និង​យកចិត្ត​ទុកដាក់​លើ​ល្ខោន​ខោល​ ​ក៏​ដូចជា​វប្ប​ធម៌​ផ្សេងៗ​ទៀត​របស់​កម្ពុជា​រួចហើយ។​ ​លោក​បន្ថែម​ថា​ ​ក្រោយ​ការ​ចុះបញ្ជី​បេតិកភណ្ឌ​ហើយ​ ​កម្ពុជា​នឹង​អនុវត្ត​បន្ថែម​ទៅតាម​ខ្លឹមសារ​នៃ​អនុសញ្ញា​ទាំងឡាយ​ដែល​មាន​ចែង។

​លោក​មាន​ប្រសាសន៍​ថា៖​«ធម្មតា​កិច្ចការ​អ្វីមួយ​យើង​ត្រូវ​មាន​ ​Plan​ ​(គម្រោង)​ ​ត្រូវ​មាន​ ​Master​ ​Plan​ ​(គម្រោង​មេ)​ ​យើង​ត្រូវ​មាន​ ​Plan​ ​នៃ​ការ​អនុវត្ត​។​ ​អញ្ចឹង​ ​Master​ Plan​ ​និង​ ​Plan​ ​នៃ​ការ​អនុវត្ត​ ​មិន​មែន​អ្នកនាំពាក្យ​អាច​និយាយ​បាន​មុន​អ្នកណា​ទាំង​អស់​នោះ​ទេ​ ​លុះត្រាតែ​វា​បាន​លទ្ធផល​ក្រោយ​ការ​ប្រជុំ​របស់​ស្ថាប័ន​ ​ឬក៏​សហ​ស្ថាប័ន។​ ​កំពុង​តែ​និយាយ​ជាមួយគ្នា​ ​ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ថា​ថ្ងៃ​ប្រជុំ​ថ្ងៃ​ណា​បាន?»។

​ដើម្បី​ជា​ការ​អបអរ​ការ​ដាក់​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ ​ទៅ​ក្នុង​ ​«​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ដែល​ត្រូវ​អភិរក្ស​បន្ទាន់»​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​រួម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ​ចូលរួម​វាយ​គង​ ​ទូង​ស្គរ​ ​ទះ​ប៉ោត​ ​គោះ​ត្រដោក​ ​និង​ប្រើ​មធ្យោបាយ​ផ្សេងៗ​ ​នៅ​ម៉ោង​ ​១០នាទី​យប់​ថ្ងៃ​ទី​៣០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​នេះ។

​ក្រោយ​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្រ្តី​ ​គេ​ឃើញ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ​តាម​ក្រសួង​ ស្ថាប័ន​មួយ​ចំនួន​ ​បាន​អំពាវនាវ​បន្ត​ ​ឲ្យ​មានការ​ចូលរួម​វាយ​គង​ ​ទូង​ស្គរ​ ​ទះ​ប៉ោត​ ​គោះ​ត្រដោក​ ​ទៅ​តាមពេល​វេលា​ដែល​លោក​ ហ៊ុន​ ​សែន​ បាន​កំណត់។

​ចំណែក​ក្រសួង​វប្បធម៌​ថៃ​គ្រោង​រៀបចំ​សម្តែង​ល្ខោន​ពិសេស​នៅ​ថ្ងៃទី៣-៤​ ​ខែ​ធ្នូ​នេះ​ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​ថៃ​ ដើម្បី​អបអរ​ការ​ដាក់​បញ្ចូល​ល្ខោន​ខូន​ថៃ​ទៅ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។ ថៃ​ក៏នឹង​រៀបចំ​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​ល្ខោន​ខូន​ ​ការ​ធ្វើ​ភាព​យន្ត​គំនូរ​ជីវចល​ ​ការ​តាំង​ពិពណ៌​ ​ការ​ផលិត​ជា​សៀវភៅ​សម្រាប់​កុមារ​ ​ការផលិត​រឿង​ខ្លី​ ​និង​ការផលិត​ឯក​សារ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ល្ខោន​ខូន​លើ​ប្រព័ន្ធ​ឌីជីថល​ជាដើម។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ ​Thai​ ​PBS​ ​World​ ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ។

​VOA Khmer ​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកស្រី​ ​Lucía​ ​Iglesias​ ​Kuntz​ ​មន្រ្តី​ទំនាក់ទំនង​ផ្នែក​ព័ត៌មាន​របស់​អង្គការ​ ​UNESCO​ ​ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃសុក្រ​នេះ​ ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

​យ៉ាង​ណា​ក្តី​ ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​យូធូប​របស់​អង្គការ​យូណេស្តូ​ ​កាលពី​ថ្ងៃ​ទី២៨​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​ ​ក្នុង​សម័យប្រជុំ​លើក​ទី១៣នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​ ​ស្តី​ពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​បាន​បង្ហាញ​ពី​ក្រុម​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​ ​ជជែក​ពី​ការសម្រេច​ក្នុង​ការ​ដាក់​បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​របស់​កម្ពុជា​ ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដែល​ត្រូវ​អភិរក្ស​បន្ទាន់។

​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​២ម៉ោង​នោះ​ ​គណៈកម្មការ​មួយ​ចំនួន​បាន​លើកឡើង​ពី​គម្រោង​ថវិកា​ដែល​កម្ពុជា​មិនទាន់​មាន​ជាក់លាក់​ដើម្បី​អភិរក្ស​ ​ឬ​ទ្រទ្រង់​ល្ខោន​នោះ​នៅឡើយ​។​ ​ប៉ុន្តែ​នៅ​នាទី​ទី៦៩​ ​នៃ​វីដេអូ​នោះ​ ​គណៈកម្មការ​មួយ​ចំនួន​ក៏បាន​លើកឡើង​ថា​ ​ថវិកា​ក្នុង​ការ​អភិរក្ស​ ​ឬ​ទ្រទ្រង់​ក្រុម​ល្ខោន​នោះ​ ​មានការ​ចូលរួម​ពី​អ្នកស្រុក​ដោយ​ផ្ទាល់​ ​និង​ពី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ​ដូច្នេះ​គណៈកម្មការ​ក៏​សម្រេច​យល់ព្រម​ចុះបញ្ជី​ ​ដោយ​គ្រាន់តែ​ផ្តល់​ឱកាស​ឲ្យ​តំណាង​ភាគី​កម្ពុជា​បញ្ជាក់​ពី​រឿង​ថវិកា។

​ក្នុង​គេហទំព័រ​របស់​អង្គការ​យូណេស្កូ​ ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដែល​ត្រូវ​អភិរក្ស​បន្ទាន់​ ​បាន​រៀបរាប់​ពី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ថា​ ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ ​ត្រូវ​បាន​សម្តែង​ដោយ​បុរស​ពាក់​ម៉ាស់​មុខ​ ​រួម​ជាមួយ​តន្រ្តី​ ​និង​ការសូត្រ​មន្ត​ចម្រុះ​ ​ក្នុង​សហគមន៍​ដែល​មាន​មូលដ្ឋាន​នៅ​វត្ត​ស្វាយ​អណ្តែត។​ វា​មាន​គោលបំណង​ធានា​នូវ​ការ​ការពារ​ ​និង​ភាព​ចម្រុងចម្រើន​របស់​សហគមន៍​តាមរយៈ​ការ​ទទួល​បាន​គុណប្រយោជន៍​របស់​អ្នកតា​ ​ព្រលឹង​នៃ​ទីកន្លែង​ ​និង​ប្រជាជន​របស់​ខ្លួន​។​ ​ល្ខោន​នេះ​បាន​ចុះ​ខ្សោយ​ដោយ​កត្តា​បរិស្ថាន​ ​ការ​ធ្វើ​ចំណាកស្រុក​ ​សេដ្ឋកិច្ច​ ​ធនធាន​មិន​គ្រប់គ្រាន់​ ​និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ ​និង​របប​ខ្មែរក្រហម។

​ក្នុង​គេហទំព័រ​របស់​យូណេស្កូ​ដដែល​ ​ប៉ុន្តែ​ស្ថិត​ក្នុង​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​បាន​រៀបរាប់​ពី​ល្ខោន​ខូន​របស់​ថៃ​ថា​ ​ខូន​ ​ដែល​ជា​របាំ​ម៉ាស​មុខ​ក្នុង​ប្រទេស​ថៃ​ ​គឺជា​សិល្បៈ​សម្តែង​ដែល​រួមបញ្ចូល​គ្នា​នូវ​តន្ត្រី​ ​សំឡេង​ ​អក្សរសាស្រ្ត​ ​របាំ​ ​ពិធីបុណ្យ​ ​និង​ឧបករណ៍​សិប្បកម្ម។​ សព្វថ្ងៃ​ ​ល្ខោន​ខូន​ត្រូវ​បាន​ចែកចាយ​នៅ​តាម​ស្ថាប័ន​អប់រំ​ ​ខណៈ​ដែល​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​វិធីសាស្ត្រ​ប្រពៃណី។​ ការ​ខិតខំ​ប្រឹងប្រែង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​នូវ​និរន្ត​ភាព​នៃ​ការអនុវត្ត​ ​រួម​ទាំង​តាមរយៈ​ការ​បង្កើត​ក្លឹប​បណ្តុះបណ្តាល​ ​និង​ក្លឹប​ការងារ​ដែល​ជួយ​ដល់​យុវជន។​ នេះ​បើ​តាម​ការ​បន្ថែម​ក្នុង​គេហទំព័រ​យូណេស្កូ។

​ក្រៅ​ពី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ ​កម្ពុជា​ក៏​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទាំង​រូបី​ ​និង​អរូបី​ចំនួន​៧​ផ្សេងទៀត​ ​រួមមាន​ ​តំបន់​អង្គរវត្ត​ ​របាំ​ព្រះរាជទ្រព្យ​ ​ល្ខោន​ស្រមោល​ស្បែក​ ​ឬ​ល្ខោន​ស្បែក​ធំ​ ​ប្រាសាទ​ព្រះវិហារ​ ​ល្បែង​ទាញព្រ័ត្រ​ ​ចាប៉ី​ដង​វែង​ ​និង​ប្រាសាទ​សំបូរព្រៃគុក៕