ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុងបាត់ដំបងទទួលរៀបចំ​មហោស្រពអក្សរសិល្ប៍​ខ្មែរ​លើក​ទី២


រូបឯកសារ៖ មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)
រូបឯកសារ៖ មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)

មហោ​ស្រព​អក្សរ​សិល្ប៍ខ្មែរ ​ដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​ប្រចាំ​ឆ្នាំ​ធំ​បំផុត​នៃ​អ្នក​កវី​និពន្ធ​ និង​បណ្ដា​មិត្ត​អ្នក​អាន​បណ្ដា​អត្ថបទ​រឿង​ជា​ខេមរភាសា ​នឹង​ប្រព្រឹត្​ត​ទៅជា​លើក​ទីពីរ​ ដែល​លើក​នេះ​ធ្វើនៅ​ក្រុង​បាត់ដំបង​ ហើយ​អ្នក​រៀបចំ​បាន​រំពឹង​ទុក​ថា មាន​អ្នក​ចូលរួម​ប្រមាណ​១​ពាន់នាក់។

កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​ឆ្នាំទី​២​នឹង​វិល​ត្រឡប់មក​វិញ​ក្នុង​ខែ​កញ្ញា​ខាងមុខ​ ជាមួយ​នឹង​ការ​រៀបចំ​នៅ​តាម​ទី​តាំង​ល្បីល្បាញ​នានា​ក្នុង​ទីរួម​ខេត្ត​បាត់ដំបង​ ​ក្រោយ​ទទួល​បាន​ជោគជ័យ​កាលពី​ឆ្នាំ​ទៅ​ ​ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្ត​សៀមរាប។​

កម្មវិធី​ឆ្នាំនេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​២១​ដល់ថ្ងៃ​ទី២៣ ​ខែ​កញ្ញា ​ហើយ​រួមមាន​សកម្ម​ភាព​ជាច្រើន​ដែល​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ ​កវី​ ​អ្នកនិពន្ធ​ ​និង​មិត្ត​អ្នក​និយម​តាមដាន​អក្សរ​សិល្ប៍​ខ្មែរ​ ​ដើម្បី​ពិភាក្សា​ ​និង​លើក​កម្ពស់​ការ​និពន្ធ​អត្ថបទ​អក្សរ​សិល្ប៍​ខ្មែរ​ ​និង​កំណាព្យ។​ ​នេះបើ​យោងតាម​សម្តី​របស់​អ្នក​រៀបចំ​កម្ម​វិធី​នេះ។​

អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​សូ ភីណា​ ​ដែល​ជាសមាជិក​ស្ថាបនិក​នៃ​កម្មវិធី​មហោ​ស្រព​អក្សរ​សាស្ត្រ​ខ្មែរ ​បាន​និយាយ​ថា​ ​សកម្មភាព​ទាំងអស់នឹងត្រូវ​ធ្វើ​ឡើង​ក្នុង​រូបភាព​ចម្រុះ​ ទាំង​សកម្មភាព​ពិភាក្សា​គ្នា​ក្នុង​សាលប្រជុំ​ និង​សកម្មភាព​រស់រវើក​នៅ​ទីវាល ​តាម​ទីស្ថាន​ល្បី​នានា​ក្នុង​ទីរួម​ខេត្ត​បាត់ដំបង​តែ​ម្ដង។​

នៅក្នុង​បន្ទប់​សហសិក្សា​ដែលមាន​អមសង​ខាង​ដោយ​ទូ​សៀវភៅ​រាប់រយ​ក្បាល​ ដែល​និយាយ​អំពី​សិល្បៈ ​និង​អក្សរ​សិល្ប៍ ក្នុង​ការិយាល័យ​ផ្ទាល់​ខ្លួន​ក្នុង​សង្កាត់​ទន្លេបាសាក់​ រាជធានី​ភ្នំពេញ ​អ្នកស្រី​សូ ភីណាបានប្រាប់​ ​VOA យ៉ាង​ដូច្នេះ​ថា៖​

«ព្រោះ​យើង​ដឹង​ហើយ​ថា​ ខេត្ត​បាត់ដំបង​វា​មាន​ភាព​សំបូរ​បែបខាង​ផ្នែក​ប្រវត្តិ​សាស្ត្រ​ ខាង​ផ្នែក​វប្បធម៌ ​ហើយ​និង​ធនធាន​មនុស្ស។​ ​ចឹងយើង​គិត​ថា​ វាជា​ សក្តានុពលមួយ​ដែល​ធំ ​ដែល​យើងធ្វើនៅ​ខេត្ត​ដែល​មាន​សក្តានុពល​ស្រាប់​ហើយ​ ​វាធ្វើឲ្យ​មហោ​ស្រព​យើង​កាន់តែ​មាន​ប្រសិទ្ធភាព»។

អ្នក​និពន្ធ​ខ្មែរអ្នកស្រី​ សូ ភីណា​ ​ដែលដឹកនាំ​ការនិពន្ធ​សៀវភៅ​ «ប៊ុនធឿន​ ២០១៧ និងរឿងខ្លីដទៃទៀត» ដែល​សម្ភោធក្នុង​កម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)
អ្នក​និពន្ធ​ខ្មែរអ្នកស្រី​ សូ ភីណា​ ​ដែលដឹកនាំ​ការនិពន្ធ​សៀវភៅ​ «ប៊ុនធឿន​ ២០១៧ និងរឿងខ្លីដទៃទៀត» ដែល​សម្ភោធក្នុង​កម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)

អ្នកស្រីសូ ភីណាក៏បាន​បន្ថែម​ថា កម្មវិធីនៅ​បាត់ដំបង​នេះ​នឹងមាន​បូករួម​បញ្ចូល​ការ​ប្រកួត​ កង់ឌុប ​និង​កំណាព្យ ជុំវិញ​ប្រធាន​បទ​នានា​ដែល​ទាក់ទង​នឹង​ខេត្ត​បាត់ដំបង​ ឬ​អំពី​បទ​ពិសោធ​ន៍​សញ្ចេតនា​កម្រិត​បុគ្គល​របស់​បេក្ខជន​ផ្ទាល់​ដែល​ជាប់​ជំពាក់​វាក់វិន​នឹង​ខេត្ត​មួយ​នេះ។

«ដោយសារ​យើងចង់​ឲ្យ​វាមាន​ការកម្សាន្ត​ដែល​មិនមែន​គ្រាន់​តែទៅ​គឺ​ដើម្បី​តែ​អក្សរ​សិល្ប៍ៗ​ពេក​ទេ ​អីចឹង​ ​យើង​ចង់​ឲ្យ​វាផ្សំគ្នាជាមួយ​កម្មវិធី​សប្បាយ​ហ្នឹង​ទៅ។ យើង​មាន​អ្នកចូលរួម​ ហើយ​យើង​លើក​កម្ពស់​គុណ​តម្លៃ​នៃ​កំណាព្យ​ទៀត»។​

អ្នក​និពន្ធ​រូប​នេះ​បាន​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ថា៖

«ហើយ​កម្មវិធី​មួយ​ទៀត​គឺ​ទាក់ទង​ទៅ​នឹង​ឆ្នាំមុន។ ​យើង​អត់​មាន​ការ​ប្រកួត​ប្រឡងប្រជែង​ស្នាដៃ​អក្សរ​សិល្ប៍​ទេ ​តែ​ឆ្នាំនេះ​ យើង​មាន​អីចឹង។ យើង​មាន​ប្រភេទ​រឿង​ខ្លី​ និង​កំណាព្យ។​ ហើយមួយ​ទៀត ​បងគិត​ថា​ អ្វី​ដែល​ពិសេស​នោះ​គឺ​យើង​បញ្ចូល​កម្ម​វិធី​សិល្បៈ​ច្រើន​ជាង​មុន។​ ឆ្នាំនេះ​យើង​មានកង់ [កង់ឌុប និងកំណាព្យ] ផង​ សិល្បៈ​ចម្រុះ​ ​មាន​របាំ ​មាន​តន្ត្រី​ មាន​ល្ខោន​និយាយ ​មាន​គែន​ និង​សែដៀវ​ទៀត»។​

កម្មវិធី​ឆ្នាំ​មុន​ ដែល​ជា​ឆ្នាំ​ដំបូង​នៃ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទីមួយ​ ​តាំង​ទី​រៀបចំ​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ខេមរសិក្សា​(CKS)​ ដែល​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ដំណាក់ ខេត្តសៀមរាប​ និង​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​និពន្ធ​ និង​អ្នក​អាន​ប្រមាណ៥០០​នាក់។

រូបឯកសារ៖ មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)
រូបឯកសារ៖ មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)

​ទីតាំង​ដែល​ត្រូវ​ទទួល​រៀបចំ​កម្មវិធី​នានា​របស់​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​ឆ្នាំ​នេះ​ រួម​មាន​ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ ដើមដូង​ទី​១០​មុខ​វត្ត​ពោធិ៍វាល​ វត្ត​កណ្ដាល​ វត្ត​ដំរីស សាលាខេត្ត​ចាស់​ ​និង​ស្ពាន​ថ្ម​ចាស់​ជាដើម។​

អ្នកស្រី​សូ ភីណា​បាន​ប្រាប់​ថា៖​

«ទីតាំង​ដែល​យើង​រើសច្រើន​កន្លែង​ហ្នឹង​ ពីព្រោះ​ដោយសារ​តែយើង​ចង់​ឲ្យ​ អ្នក​ចូលរួម​របស់​យើង​ស្គាល់​អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​វប្បធម៌ ​ដែល​មាន​ស្រាប់​នៅ​ខេត្ត​បាត់ដំបង។​ ហើយ​យើង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​អំពី​គុណ​តម្លៃ​នៃ​កន្លែងៗ​ទាំងអស់​ហ្នឹង​ ​ព្រោះ​ដោយសារ​កន្លែង​មួយៗ​វា​មាន​ប្រវត្តិ​របស់វា​ វា​មាន​ឈ្មោះ​ អត្ថន័យ​អី​ចឹង»។

ដោយឡែក​ ​កញ្ញាថុន ថាវរី​ ​ដែលជា​អ្នក​និពន្ធ​សៀវភៅ​«នារីប្រពៃរ៍»​បាន​និយាយ​ថា​ ក្នុង​កម្មវិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី២​នេះ​ ​ នាងរំពឹង​ថា​ នឹង​ទទួល​បាន​អ្វី​ដែល​ថ្មី​ច្រើន​ លើស​ពី​កម្មវិធី​ឆ្នាំមុន​នៅ​ខេត្ត​សៀមរាប​ទៅ​ទៀត។​

«និយាយ​រួម​ទៅ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ដោយសារ​បាន​ជួបជុំ​អ្នក​និពន្ធ​ចាស់ៗ ​និង​អ្នក​និពន្ធ​ផ្សេងៗ​ជាច្រើន​មក​ផ្តុំ​គ្នា»។​

កញ្ញា​ថាវរីបាន​និយាយ​បន្ថែម​ប្រាប់ ​VOA​យ៉ាង​ដូច្នេះ​ថា៖

«ដោយសារ​ខ្ញុំ​ជាអ្នក​និពន្ធ​ដែរ​ ហើយ​ខ្ញុំចង់​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​អក្សរ​សិល្ប៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​អីចឹង​យើង​អាច​លើក​កម្ពស់​ឡើង​បាន ​ក្នុង​នាមជា​អ្នក​និពន្ធ ​ទាល់តែយើង​ទៅ​ចូលរួម ​ទៅជួយ​ផ្សព្វផ្សាយ​ ​ទៅ​ចែក​រំលែក​ពី​បទ​ពិសោធន៍​ ក្នុង​នាមជា​អ្នក​និពន្ធ​ ហើយ​ទៅរៀន​ពីរៀម​ច្បង​ផ្សេងៗ ​ក្នុង​កំឡុង​២​ទៅ​៣​ថ្ងៃ​ហ្នឹង​ដែរ»។​

រូបឯកសារ៖ ​ក្រុមអ្នកនិពន្ធ​ និងអ្នកស្រលាញ់វិស័យ​អក្សរសិល្ប៍ខ្មែរ​ ​ចូលរួមកម្មវិធីអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)
រូបឯកសារ៖ ​ក្រុមអ្នកនិពន្ធ​ និងអ្នកស្រលាញ់វិស័យ​អក្សរសិល្ប៍ខ្មែរ​ ​ចូលរួមកម្មវិធីអក្សរសិល្ប៍ខ្មែរ​លើកទី១ បាន​រៀបចំឡើងនៅ​ខេត្តសៀមរាប​។ (រូបផ្តល់ឲ្យ)

​កញ្ញា​សែត ហត្ថា ​ដែល​ជា​ម្ចាស់​និពន្ធ​សៀវភៅ​«វិញ្ញាសាជីវិត»​បាន​សម្ដែង​មតិ​លើក​ឡើង ​ដូចការ​លើក​ឡើង​របស់​អ្នកនិពន្ធថុន ថាវរី​ដែរ​ ដោយ​គាត់​យល់​ឃើញ​ថា ​ ការ​ចូលរួម​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​កាល​ពីឆ្នាំ​មុន​គឺ​ល្អខ្លាំង​មែន​ទែន។​

កញ្ញា​ហត្ថា ​ដែល​គេស្គាល់​តាមរយៈ​នាមស្លាប​ប៉ាកា​ថា​ជា​«កូនចាបមាស»​នោះបាន​ប្រាប់​ VOA ​ថា៖​

«ពីព្រោះ​ពេល​ដែល​ខ្ញុំចាប់​ផ្តើម​សរសេរ​សៀវភៅ​ហ្នឹង​ភ្លាម​ ក៏​គេ​បង្កើត​កម្មវិធី​ហ្នឹង​ ក្រោម​ប្រធាន​បទថា ​ការ​បង្ហាញ​នូវ​ស្នា​ដៃ​ថ្មី ​ដែល​រៀប​នឹង​ចេញ​ផ្សាយ​ហើយ​វា​គឺជា​ផល​ល្អ​មួយ​ដែរ ដោយសារ​តែ យើង​ចូលរួម​ក្នុង​កម្មវិធី​ហ្នឹង​ទៅ​ ​ យើង​បាន​និយាយ​អំពី​ស្នាដៃ​របស់​យើង​រៀបចំ​នឹង​ចេញ​ផ្សាយ​ហ្នឹង ​ហើយ​អីចឹង​ក៏​ធ្វើ​ឱ្យ​មាន​អ្នក​កាន់តែ​ស្គាល់​ច្រើន ​ជា​ពិសេស​គឺ​អ្នក​និពន្ធ​ដែលខ្ញុំ​អត់ធ្លាប់​បាន​ស្គាល់​ពី​មុន ​ឬ​ក៏​អ្នក​ខ្លះ​គឺ​យើង​ស្គាល់​ឈ្មោះ​ តែអត់​ដែល​បាន​ជួប​ ក៏​បាន​ទៅ​ជួប​គ្នា​នៅទី​នោះ»។​

សម្រាប់​កម្មវិធី​ឆ្នាំ​ទី២​នៃ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ ​ដែល​រៀបចំ​ឡើង​នៅ​ខេត្ត​បាត់ដំបងនេះ អ្នក​រៀប​ចំ​រំពឹង​ថា​ មាន​អ្នក​ចូលរួម​ប្រមាណ១ពាន់នាក់​ ពោល​គឺ​កើន​ឡើង​មួយ​គុណ​នឹង​ពីរ​ ​បើធៀប​នឹងកម្មវិធី​ឆ្នាំមុន​ នៅ​ខេត្ត​សៀមរាប៕

XS
SM
MD
LG