ក្រសួងព័ត៌មាននឹងដាក់ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយឲ្យប្រើប្រាស់ នៅចុងខែឧសភានេះ ដើម្បីឲ្យអ្នកសារព័ត៌មានរាយការណ៍ពីព័ត៌មានអំពើហិង្សាលើស្ត្រីបានត្រឹមត្រូវនិងមានសុវត្ថិភាពដល់ជនរងគ្រោះនិងអ្នករាយការណ៍ខ្លួនឯង។
ថ្លែងក្នុងសិក្ខាសាលាស្តីពីក្រមប្រតិបត្តិផ្សព្វផ្សាយអំពើហិង្សាលើស្រ្តីនិងការប្រើប្រាស់អក្ខរាវិរុទ្ធតាមប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការនៃក្រសួងព័ត៌មានលើកឡើងថាស្ថានភាពបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងការរាយការណ៍ព័ត៌មានជូនប្រជាពលរដ្ឋ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនរាយការណ៍ព័ត៌មានមិនច្បាស់លាស់ ការរាយការណ៍មិនបានស្គាល់អត្តសញ្ញាណ អត្ថាធិប្បាយដោយរៀបរាប់ពីភាពរន្ធត់ ការផ្សព្វផ្សាយដោយមានការទម្លាក់កំហុសដោយចេតនាឬអចេតនា ទៅលើជនរងគ្រោះជាស្ត្រី ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនិងតម្លៃស្រ្តីខ្មែរជាដើម។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានប្រាប់ VOA ក្នុងសិក្ខាសាលានាព្រឹកថ្ងៃអង្គារនេះថា អ្នកសារព័ត៌មាន ជាពិសេសពិធីករ ពិធីការិនីវិទ្យុ និងទូរទស្សន៍មួយចំនួនក្នុងពេលបច្ចុប្បន្ន បានរាយការណ៍ពីអំពើហិង្សាលើស្រ្តីដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងយល់មិនច្បាស់ពីផ្លូវច្បាប់ជាដើម។ លោកថា ការរាយការណ៍ដោយមិនយល់ពីផ្លូវច្បាប់នឹងធ្វើឲ្យជនរងគ្រោះដែលជាស្រ្តីរងអំពើហិង្សា ក្លាយទៅជាជនមានកំហុសដោយសារតែការអត្ថាធិប្បាយមិនត្រឹមត្រូវរបស់អ្នកសារព័ត៌មាន។
លោកបញ្ជាក់ថា៖
«នៅពេលដែលពួកគាត់ដឹងហើយថាគាត់មិនគប្បីធ្វើអត្ថាធិប្បាយបែបនេះ ហើយគាត់នៅតែព្យាយាមធ្វើអញ្ចឹងអាចជនរងគ្រោះគាត់អត់ព្រមហើយគាត់ប្តឹងផ្តល់អីទៅ ឬអាចក្រសួងមានសមត្ថកិច្ច ឧទាហរណ៍ថាក្រសួងកិច្ចការនារីដែលគាត់ឃ្លាំមើលលើការងារនេះ គាត់នឹងចាត់វិធានការ»។
លោក អ៊ុក គឹមសេង បន្ថែមថាក្រមប្រតិបត្តិផ្សព្វផ្សាយនេះ នឹងជួយឲ្យអ្នកសារព័ត៌មានយល់ដឹងពីការរាយការណ៍ពាក់ព័ន្ធនឹងអំពើហិង្សាលើស្រ្តីបានត្រឹមត្រូវ ជៀសវាងការរងពិន័យពីច្បាប់ស្តីពីរបបសេរីភាពសារព័ត៌មានកម្ពុជា។
មាត្រា១៤ និងមាត្រា១៥ នៃរបបសេរីភាពសារព័ត៌មានកម្ពុជាបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបោះពុម្ពផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ឬផ្សាយនូវដំណឹង រូបថត ឬគំនូរផ្សេងៗដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្រ្តីរងគ្រោះ អនីតិជន ឬប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតរបស់តុលាការជាដើម នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានរៀល ទៅ៥លានរៀល។
លោក ប៊ិន សុជាតិ នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជាប្រាប់ VOA ថាអ្នកសារព័ត៌មាន មួយចំនួននៅខ្វះខាតចំណេះដឹង និងក្រមសីលធម៌វិជ្ជាជីវៈ ជាហេតុធ្វើឲ្យការរាយការណ៍ដែលមានគោលបំណងជួយដល់ស្រ្តីបែរជាបង្កឲ្យស្រ្តីកាន់តែងាយរងគ្រោះ។ លោកបន្ថែមថាក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយនេះ នឹងជួយដល់ស្រ្តីឲ្យគេចផុតពីភាពងាយរងគ្រោះពីអំពើហិង្សាគ្រប់រូបភាព។
លោក ប៊ិន សុជាតិ នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា៖
«នឹងជួយទៅដល់ការផ្លាស់ប្តូរផ្នត់គំនិតសង្គម កុំឲ្យថាមានអំពើហិង្សាដោយសារតែស្រ្តីនោះស្លៀកខ្លី ដោយសារតែស្រ្តីនោះគាត់ដើរយប់ ស្រ្តីនោះមិនគួរទៅកន្លែងនេះ អញ្ចឹងអាហ្នឹងជាអ្វីដែលយើងសង្ឃឹមថានៅពេលដែលក្រមប្រតិបត្តិនេះចេញទៅ ហើយនឹងអនុវត្តដោយអ្នកសារព័ត៌មាននៅតាមក្រមប្រតិបត្តិនេះ នឹងជួយមួយផ្នែកធំដល់បញ្ហាយេនឌ័រនៅក្នុងសង្គមកម្ពុជាយើង»។
តាមការឲ្យដឹងរបស់លោក អ៊ុក គឹមសេង ប្រកាសរួមស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្រ្តីដែលមាន១៥ប្រកានេះ នឹងត្រូវដាក់ឲ្យអនុវត្តក្នុងអំឡុងខែឧសភានេះ បន្ទាប់ពីមានការចុះហត្ថលេខាពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី៕