នាពេលថ្មីៗនេះ កូនរបស់រដ្ឋមន្ត្រីយ៉ាងតិចចំនួន២នាក់ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ស្ថិតក្រោមក្រសួងដែលឪពុករបស់ពួកគេកំពុងបំពេញតួនាទីជារដ្ឋមន្រ្តី។ អ្នកតាមដានយល់ថា វាប៉ះពាល់ដល់អារម្មណ៍របស់មន្ត្រីរាជការ និងជំរុញការតែងតាំងមន្រ្តីជាន់ខ្ពស់គួរធ្វើឡើងដោយស្មើភាពគ្នា និងផ្អែកលើការវាយតម្លៃសមត្ថភាព។
បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ព្រះមហាក្សត្របានតែងតាំងលោក ថោង រដ្ឋសក្តិជាកូនរបស់លោក ថោង ខុន ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ពីតួនាទីអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិក្រសួងទេសចរណ៍ ទៅជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ ការតែងតាំងនេះធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ដោយឡែកក្នុងព្រះរាជក្រឹត្យមួយផ្សេងទៀត ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ព្រះមហាក្សត្របានដំឡើងឋានៈលោក ផារ៉ា មង្គល កូនប្រុសលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពីតួនាទីជានាយខុទ្ទកាល័យនៃក្រសួងដែនដី ឱ្យទៅជារដ្ឋលេខាធិការក្រសួង។ ហើយការតែងតាំងនេះក៏ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនៅកម្ពុជា ថ្លែងថា ការតែងតាំងមន្រ្តីមិនគួរគិតគូរតែសែស្រឡាយទេ ហើយលោកជំរុញដំណើរការនេះគួរតែធ្វើឡើងដោយស្មើភាពរវាងមន្ត្រីទាំងអស់ ជាពិសេសត្រូវគិតគូរពីសមត្ថភាព។
លោកថ្លែងថា៖ «ខ្ញុំចង់ឃើញថា ការតែងតាំង ការផ្តល់មុខតំណែង ផ្តល់តួនាទី មិនគួរគិតតែកូនមន្ត្រីធំៗទេ គួរគិតដល់អ្នកផ្សេងៗទៀត ដែលមានសមត្ថភាពដែរ ឱ្យបម្រើការងាររដ្ឋ ឱ្យគ្នាមានលទ្ធភាព មានឱកាស ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ក្នុងការជួយទៅដល់ស្រុកទេសឱ្យមានការអភិវឌ្ឍលឿន ហើយអាចដោះស្រាយបាននូវបញ្ហាប្រជាពលរដ្ឋអីបាន»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ យល់ថា ការតែងតាំងកូនរដ្ឋមន្ត្រីបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មន្ត្រីរាជការដែលមានសមត្ថភាព។ ដូច្នេះលោកថា ការតែងតាំងគួរតែធ្វើឡើងតាមការប្រកួតប្រជែងស្មើមុខ ស្មើមាត់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិជាធំ។
លោកថ្លែងថា៖ «ជាការណ៍ពិតអាហ្នឹងត្រូវតែមានការប្រកួតប្រជែង កូនអ្នកមានក៏ដោយ កូនអ្នកក្រក៏ដោយ ក៏មានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងបញ្ចេញស្នាដៃដែរ។ ហើយការផ្តល់តួនាទីឋានៈក៏ត្រូវតែផ្អែកទៅលើគុណសម្បត្តិ និងសមត្ថភាពរបស់បុគ្គលដែលសមនឹងទទួលការងារ និងដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការសម្រេចតែងតាំងបុគ្គលណាមួយ គឺអាស្រ័យលើក្រសួងដែលគិតគូរពីសមត្ថភាពរបស់បេក្ខជននោះ។ លោកបន្ថែមថា ការតែងតាំងនេះក៏ស្របតាមគោលការណ៍ហ្វឹកហ្វឺនអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ទី១ ខ្ញុំមិនចង់ឆ្លើយជំនួសស្ថាប័នទាំង២នោះទេ ពីព្រោះមានតែស្ថាប័នហ្នឹងទេ អ្នកដឹងពិតប្រាកដនៃសមត្ថភាពបេក្ខជនដែលលោកតែងតាំង។ ទី២ ជាគោលការណ៍នៃការហ្វឹកហ្វឺនអ្នកបន្តវេន អាហ្នឹងជាគោលការណ៍របស់គណបក្សប្រជាជន គឺហ្វឹកហ្វឺនអ្នកបន្តវេន។ ហើយទី៣ គឺការទទួលខុសត្រូវរបស់សាមីក្រសួងហ្នឹង គាត់យកទៅហ្វឹកហ្វឺន ហើយការទទួលខុសត្រូវរបស់ក្រសួង»។
លោក ផៃ ស៊ីផាន បន្ថែមថា ការរៀបចំអ្នកបន្តវេន គឺជាការការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី ព្រោះបើជ្រើសរើស និងតែងតាំងខុស នោះវានឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ និងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីបាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីកន្លងទៅ ក៏មានការតែងតាំងកូនរដ្ឋមន្ត្រីផ្សេងៗទៀតផងដែរ ដូចជាលោក អ៊ុក ពញ្ញា កូនរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទគឺលោក អ៊ុក រ៉ាប៊ុន ត្រូវបានផ្តល់ឋានៈជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕