រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពគ្រប់រូបភាពដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោត។
ការបញ្ជារបស់លោក ស ខេង ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ដែលមានការចូលរួមពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។ លោកថ្លែងថា គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវលើកកម្ពស់ស្មារតីឆន្ទៈស្នេហាជាតិ រួមសហការគ្នាដើម្បីធានាកិច្ចការការពារដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨នេះ ប្រកបដោយសុវត្ថិភាព និងជោគជ័យតាមគ្រប់រូបភាព។
លោក ស ខេង បញ្ជាក់ក្នុងសុន្ទរកថារបស់លោកតាមន័យដើមថា៖
«បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចជារាល់ឧបាយកលពិសពុល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោត ឲ្យបានគ្រប់រូបភាព សំដៅធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា»។
លោក ស ខេង ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ថែមក្រោយបញ្ចប់កិច្ចប្រជុំនោះថា ការទៅចូលរួមបោះឆ្នោត ឬអត់ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតគឺជាការរារាំងដល់ដំណើរការបោះឆ្នោតតាមរយៈការប្រើសម្តី ដែលលោកថា បុគ្គលដែលរារាំងដល់ដំណើរការបោះឆ្នោតនឹងត្រូវប្រឈមនឹងការមានទោស។
លោកបញ្ជាក់ថា៖
«ដែលហៅថា រារាំងហ្នឹង រារាំងរបៀបម៉េច? យករបងទៅរារាំង ឬក៏យកឧបករណ៍អ្វីផ្សេងទៀតជាវត្ថុរឹងទៅរារាំង? ឬមួយក៏ការអំពាវនាវជាសម្តីនេះ បើគ្រាន់ថា ជាសម្តីហ្នឹងថា វាអត់ខុសទេ គ្រាន់តែជាការអំពាវនាវ។ អីចឹងយកច្បាប់ទៅអនុវត្តយ៉ាងម៉េច បើអ្នកហ្នឹងអត់យករបងទៅរារាំង? ដូច្នេះខ្ញុំយល់ថា សម្តីហ្នឹងហើយដែលជាការរារាំង»។
ការថ្លែងរបស់លោក ស ខេង ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ បានអំពាវនាវជាច្រើនដង ឲ្យប្រជាពលរដ្ឋធ្វើពហិកាកុំទៅបោះឆ្នោត បើមិនមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។ ក្រោយការអំពាវនាវរបស់លោក សម រង្ស៊ី ជាបន្តបន្ទាប់ គេឃើញអ្នកគាំទ្រគណបក្សប្រឆាំងនេះមួយចំនួន នាពេលថ្មីៗ បានធ្វើយុទ្ធនាការបញ្ជាក់ជំហរមិនទៅចូលរួមការបោះឆ្នោត តាមរយៈការថតរូបជាមួយពាក្យស្លោកដែលសរសេរថា«ដេកផ្ទះឈ្នះឯង» និង «មិនទៅបោះឆ្នោតទេ ព្រោះគ្មានគណបក្សដែលខ្ញុំស្រឡាញ់»ជាដើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នដែលអះអាងថា មានភាពឯករាជ្យក្នុងការរៀបចំការបោះឆ្នោត ក៏បានស្នើទៅក្រសួងមហាផ្ទៃឲ្យចាត់វិធានការលើអ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាកុំទៅចូលរួមការបោះឆ្នោតផងដែរ។ គ.ជ.ប.បានចាត់ទុកថា ការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតគឺជាសកម្មភាពរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ ដូចមានចែងក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស បានប្រាប់ VOA តាមរយៈសារអេឡិកត្រូនិក ឬអ៊ីមែល នាល្ងាចថ្ងៃច័ន្ទនេះថា ពលរដ្ឋម្នាក់ៗមានសិទ្ធិសម្តែងមតិរៀងៗខ្លួន ហើយថា ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ។ លោកបន្ថែមថា ក្នុងការបោះឆ្នោតមុនៗ មានពលរដ្ឋរាប់លាននាក់ដែលមិនបានទៅបោះឆ្នោត ដោយមូលហេតុផ្សេងៗ តែមិនមាននរណាត្រូវបានចាប់ថ្នាក់ ឬផ្តន្ទាទោសដោយសារមិនបានទៅបោះឆ្នោតទាំងនោះឡើយ។
លោក សម រង្ស៊ី សរសេរបន្ថែមក្នុងន័យដើមថា៖
«ពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិទាំងនោះមានសិទ្ធិមិនចូលប្រឡូកប្រឡាក់ក្នុងការបោះឆ្នោតក្លែងក្លាយខាងមុខ ដែលគេរៀបចំធ្វើឡើងដើម្បីគ្រាន់តែជួយពង្រឹងក្រុមពួកអ្នកកាន់អំណាចសព្វថ្ងៃ និងបរិវាដែលកំពុងតែសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តើបើគ្រាន់តែសម្តែងមតិបែបនេះ មានទោសអ្វីដែរ? តើបើគ្រាន់តែទុកមតិបែបនេះក្នុងចិត្ត មានទោសអ្វីដែរ? តាមការណ៍ពិត គ្មានទោសអ្វីទេ បើយើងគោរពរដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ»។
លោក កន សាវាង្ស មន្រ្តីសម្របសម្រួលនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា លោកគាំទ្ររាល់ចំណាត់ការរបស់សមត្ថកិច្ច លើសកម្មភាពផ្សេងៗដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការចូលរួមបោះឆ្នោត និងការរារាំងពលរដ្ឋដែលចង់ទៅបោះឆ្នោត មិនឲ្យទៅបោះឆ្នោតជាដើម។ ទោះយ៉ាងណាលោកថា សម្រាប់ការអំពាវនាវដោយប្រើតែសម្តីកុំឲ្យពលរដ្ឋទៅបោះឆ្នោត មិនគួរចាត់ទុកជាសកម្មភាពខុសច្បាប់នោះទេ ដោយលោកថា រាល់ការសម្រេចចិត្តគឺស្ថិតលើប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតខ្លួនឯង។
លោកបញ្ជាក់ថា៖
«ក្នុងច្បាប់១៤២ និងច្បាប់ផ្សេងទៀត យើងមិនបានមើលឃើញកន្លែងណាដែលជាចំណុចមួយដែលហាមឃាត់ការសម្តែងមតិទេ។ លើកលែងតែការសម្តែងមតិនោះវាក្លាយជាការគំរាមកំហែង ជាការភិតភ័យ ដែលមានកំណត់អំពើហ្នឹងទៅឲ្យប្រជាពលរដ្ឋហ្នឹងមិនអាចធ្វើអ្វីបាន ហើយគាត់បង្ខំចិត្ត អាហ្នឹងមានន័យថា វាជាអំពើគំរាមកំហែង»។
គណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ មន្រ្តីជាន់ខ្ពស់គណបក្សនេះជាច្រើនរូបបានភៀសខ្លួនចេញពីកម្ពុជា និងបានចូលរួមបង្កើតចលនាសង្គ្រោះជាតិជាមួយលោក សម រង្ស៊ី ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ ទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ និងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញដើម្បីអាចចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានប្រកាសកម្ទេចរាល់ចលនាណាមួយដែលប្រឆាំងនឹងខ្លួន មិនឲ្យកើតមាននៅកម្ពុជា និងបានប្រកាសពីការត្រៀមកងកម្លាំងជាង៨ម៉ឺននាក់ ដាក់ពង្រាយតាមការិយាល័យ និងតាមតំបន់ផ្សេងៗ ដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ កងកម្លាំងនេះមានចំនួនច្រើនជាងកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការចូលរួមពីគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ ដែលពេលនោះរដ្ឋាភិបាលដាក់ពង្រាយកម្លាំងត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនមេដឹកនាំគណបក្សនេះគឺលោក កឹម សុខា ដាក់ក្នុងពន្ធនាគារ ការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ព្រមទាំងការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមិនមែនរដ្ឋាភិបាលមួយចំនួន គេឃើញស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនរិះគន់ និងបង្ហាញការបារម្ភថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងប្រឈមនឹងភាពខ្ទេចខ្ទី ខណៈស្ថាប័នអន្តរជាតិមួយចំនួនបានអំពាវនាវជាបន្តបន្ទាប់ឲ្យគណបក្សសង្រ្គោះជាតិអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៨នេះវិញ ដើម្បីធានាថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ចំណែកអង្គការជាតិធំៗចំនួនពីរដែលតែងតែសកម្មក្នុងការបោះឆ្នោត នាពេលកន្លងទៅ រួមមានអង្គការខុមហ្វ្រែល និងនិចហ្វិច ក៏បានប្រកាសមិនចូលរួមឃ្លាំមើលការបោះឆ្នោតនេះដែរ ដោយអះអាងថា ដោយសាររងសម្ពាធពីរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ បានប្រកាសជាច្រើនដងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍ មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ពីក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕