ការ​ហាម​ឃាត់​មិន​ឱ្យ​អង្គការ​យូនីសេហ្វ​ប៉ះពាល់​ច្បាប់​ NGO ​រង​ការ​រិះគន់

រូបភាព​ឯកសារ៖ លោក ហោ ណាំ​ហុង​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៅ​ក្នុង​ពិធី​ប្រគល់​ ទទួល​ និង​ផ្ទៀង​ផ្ទាត់​ផែន​ទី​ ពីស្ថានទូតបារាំង​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)

​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ហោ ណាំហុង​ ដែល​បាន​ដាស់​តឿន​តំណាង​អង្គការ​យូនីសេហ្វ ​(UNICEF) ថ្មី​ប្រចាំ​នៅ​កម្ពុជា​ មិន​ឲ្យ​ធ្វើ​ការ​អធិប្បាយ​ទាក់​ទិន​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

មេដឹក​នាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្តល់​ដំបូន្មាន​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ហោ ណាំហុង​ ដែល​បាន​ដាស់​តឿន​តំណាង​អង្គការ​យូនីសេហ្វ ​(UNICEF) ថ្មី​ប្រចាំ​នៅ​កម្ពុជា​ មិន​ឲ្យ​ធ្វើ​ការ​អធិប្បាយ​ទាក់​ទិន​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ពួកគេ​ថ្លែង​ថា ដំបូន្មាន​របស់​លោក ហោ ណាំហុង​ ជា​ចេតនា​មិន​ផ្តល់​បរិយាកាស​សេរី សម្រាប់​លោក​ស្រី ឌេបូរ៉ា​ ខូមីនី​ (Debora Comini) ក្នុង​ការ​បំពេញ​ការងារ​មនុស្សធម៌​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​ការងារ​ជំនួស​ឲ្យ​លោក​ស្រី​ រ៉ានណា​ ផ្លៅវឺ(Rana Flowers) ដែល​ជា​អតីត​តំណាង​របស់​អង្គការ​យូនីសេហ្វ។​

អ្នក​ស្រី រស់​ សុភាព​ នាយិកា​អង្គការ​យេន​ឌ័រ​ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា យល់​ថា​ ការ​ដាស់​តឿន​របស់​លោក ហោ​ ណាំហុង​ ចំពោះ​តំណាង​យូនីសេហ្វ​ថ្មី​នេះ​គឺ​ជា​ការ​ដាក់​កំហិត​លើ​សេរី​ភាព​និយាយ​ស្តី​លើ​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ៖​

«ខ្ញុំ​គិត​ថា​អ្វី​ដែល​គាត់​មាន​ប្រសាសន៍​អញ្ចឹង​ វា​ហាក់​ដូច​ជា​បង្ហាញ​អំពី​កម្រិត​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គេ​ព្រោះ​គេ​មក ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ សិទ្ធិ​មនុស្ស និង​សិទ្ធិកុមារ​ ហើយ​បើ​សិន​ជា​កំណត់​ព្រំដែន​នៃ​ការ​និយាយ​របស់​គេ​ ហាក់​ដូច​ជា​យើង​ប្រាប់​គេ​ថា បើ​អ្នក​ឯង​និយាយ​ នឹង​មាន​បញ្ហា​សម្រាប់​ខ្លួន​គេ​ អញ្ចឹង​ធ្វើ​ឲ្យ​មិន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ការ​ងារ​ហ្នឹង​ឲ្យមាន​ជោគ​ជ័យ​ទេ»។

អ្នក​ស្រី​បន្ត​ថា​ ការ​កំណត់​ព្រំដែន​នៃ​ការ​និយាយ​ស្តី​ដល់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រៀប​ដូច​ជា​ការ​បំពាន​សិទ្ធិ​របស់​កុមារ​ផងដែរ ដោយ​សារ​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ធ្វើ​ការងារ​ជាច្រើន​ក្នុងការ​ជួយ​កុមារ​កម្ពុជា។​

«បើសិន​ជា​កំណត់​ទៅ​លើ​សិទ្ធិ និង​ការ​បញ្ចេញ​មតិ​របស់​គេ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​កុមារ​ខ្លាំ​ង​ណាស់​ ដោយ​សារ​ថា​ យើង​គ្រាន់​តែ​មិន​ទាន់​ចាប់ផ្តើម​ធ្វើ​អ្វី​ផង​ បាន​បញ្ចេញ​សារ​ក្នុង​ការ​កំណត់​រួច​ទៅ​ហើយ​ ហើយ​បើ​យើង​និយាយ​ឲ្យ​វា​ គេ​ហៅ​ថា​ ពិត​ទៅ វា​ហាក់​ដូច​ជា​សារ​មួយ​ ឲ្យ​អ្នក​ឯង​ត្រូវ​ប្រុង​ប្រយ័ត្ន​ ខ្ញុំ​មិន​ទាន់​មិន​ចង់​និយាយ​ថា​ វា​ដល់​ជា​គំរាម​កំហែង​ទេ​ ប៉ុន្តែ​វា​អាច​ជា​សារ​ហ្នឹង​ដែរ»។​

អ្នកស្រី​សង្កត់ធ្ងន់​ថា​ ការណ៍​នេះ​អាច​ជា​ការ​ទាញ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ដើរ​ថយ​ក្រោយ​ ហើយ​ថា​សារ​ដាស់​តឿន​នេះ​គឺ​ជាចេតនា​លាក់​បាំង​ពី​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា​ពី​អ្នក​បោះឆ្នោត​ ដែល​មិនពេញ​ចិត្ត​នឹង​ការ​បង្កើត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។​

រីឯ​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ​ មើល​ឃើញ​ថា​ សារ​ដាស់​តឿន​របស់​លោក​រដ្ឋមន្ត្រី ហោ​ ណាំហុង​ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ដំណើរការ​នៃ​បេសកកម្ម​អន្តរជាតិ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​បំពេញ​បេសកកម្ម​របស់​គេ​ ហើយ​ខ្ញុំ​គិត​ថា​ ការ​ធ្វើ​នេះ​ វា​នាំ​ឲ្យមាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើងៗ​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ច្បាប់​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ហ្នឹង ​ព្រោះ​ដូច​ខ្ញុំ​លើក​ឡើង​អញ្ចឹង​ថា ​បើ​ប្រទេស​ដែល​គេ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ គេ​មិន​ដែល​ទៅ​ដាស់​តឿន​បេសកកម្ម​អន្តរជាតិ​កុំ​ឲ្យ​និយាយ​នេះ​កុំឲ្យ​និយាយ​នោះ​ទេ​ ព្រោះ​នេះ​ជាសិទ្ធិ​ដែល​ជា​របស់​គេ ហើយ​ក្របខណ្ឌ​នៃ​ការទូត​ ឬក៏​ពិសេស​គឺ​ក្របខណ្ឌ​ដែល​បំពេញ​មុខងារ​អន្តរជាតិ​របស់​គេ​ គេ​ដឹង​ច្បាស់​ហើយ​ ហើយ​បើសិន​ជា​យើង​នៅ​តែ​បន្ត​នូវ​ការ​ហាម​នូវ​ការ​ប្រាប់​ហ្នឹង​ការ​ប្រាប់​នេះ​បាន​ន័យ​ថា ជា​ការ​បិទ​សេរីភាព​របស់​គេ​បាត់​ទៅ​ហើយ​ហ្នឹង»។

ប្រតិកម្ម​របស់​ពួក​គេ​កើត​មាន​ឡើង បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង​ ជួប​ជាមួយ​លោក​ស្រី ឌេបូរ៉ា​ ខូមីនី​ នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពីថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។ បន្ទាប់​ពី​ជំនួប​បិទទ្វារ​នោះ​ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក ​ហោ ណាំហុង​ បាន​រំឮក​ពី​កំហុស​ខុស​ឆ្គង​របស់​អតីត​តំណាង​យូនីសេហ្វ​ថា​ បាន​ធ្វើ​ការ​ហួស​ពី​បេសកកម្ម​ដែល​អង្គការ​នេះ​ត្រូវ​បំពេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំពោះ​ការ​រិះគន់​ដំណើរ​នៃ​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «រយៈកាល​កន្លង​មក​គឺ​នៅ​ចំ​ពេល​ដែល​កម្ពុជា​ធ្វើ​ច្បាប់​ស្តី​អំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​គឺ​តំណាង​របស់​អង្គការយូនីសេហ្វ ​តំណាង​មុន​អណត្តិ​ចាស់​ ដែល​មុន​ ដែល​លោក​ស្រី​ហ្នឹង​គឺ​បាន​ បាន​ធ្វើ​ការ​ទិតៀន​ពី​សេចក្តី​ព្រាង​ច្បាប់​NGO របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ទំព័រ​កាសែត​ ហើយ​ដែល​ឯក​ឧត្តម​បាន​គូស​បញ្ជាក់​ថា​ នេះ​គឺ​ជា​ប្រការ​មួយ​ដែល​ខុស​ឆ្គង​ពី​អណត្តិ​របស់​អង្គការ​យូនីសេហ្វ​គឺ​ដើម្បី​សហការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ ក្នុងការ​ផ្តល់​នូវ​ការ​គាំពារ​ ការ​ការពារ ដល់​កុមារ​កម្ពុជា​ ពុំ​មែន​ជា​ការ​ចោទ​ទៅ​លើ​ពាក់​ព័ន្ធ​ចំពោះច្បាប់​NGO​ ដែល​គ្មាន​អ្វី​ពាក់​ព័ន្ធ​ដល់អង្គការ​យូនីសេហ្វ»។​

លោកស្រី​ ឌេបូរ៉ា​ ខូមីនី​ តំណាង​អង្គការ​យូនីសេហ្វ​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ​ អ៊ីម៉ែល​ទៅ​លើ​សំណួរ​ទាក់​ទងនឹង​ការ​ក្រើន​រំឮក​របស់​លោក​ ហោ​ ណាំ​ហុង នោះ​ទេ​ តែ​អ្នកស្រី​បាន​ទទួល​ស្គាល់​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ។​

យ៉ាង​ណា​ក៏​ដោយ​ លោក ​ជុំ សុន្ទរី​ បាន​បញ្ជាក់​ប្រាប់អ្នក​សារព័ត៌មាន​ថា​ លោកស្រី ឌេបូរ៉ា​ ខូមីនី​ បាន​ឆ្លើយ​តប​ទៅ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ហោ​ ណាំហុង​ ថា​លោក​ស្រី​នឹង​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ក្នុង​ការ​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​កម្ពុជា​ ដោយ​លោកស្រី​នឹង​មិន​ធ្វើ​អ្វី​ហួស​ពី​អណត្តិ​ការ​ងារ​របស់លោក​ស្រី​ក្នុង​កិច្ចការ​មនុស្ស​ធម៌​នេះ​ទេ។

កាល​ពី​ខែឧសភា​កន្លង​ទៅ​ លោក ហោ ​ណាំហុង​ បាន​ព្រមាន​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​ធំៗ​ចំនួន៤​របស់​អង្គការ​សហប្រជាជាតិ​ រួម​មាន​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ មូល​និធិ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​កុមារ​ (UNICEF)​ អង្គការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្ត្រី (UN Women) និង​មូលនិធិ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) អំពី​ការ​ធ្វើ​ខុស​នីតិវិធី​ និង​ហួស​ដែន​កំណត់​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​ចំពោះ​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​លើ​ដំណើរការ​ព្រាង​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​តាមរយៈ​សារព័ត៌​មាន​នានា។​

ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ ដោយ​សារ​តែ​ច្បាប់​នេះ​មាន​លក្ខណៈ​រិតត្បឹត​លើ​ការ​ចង​ក្រង​ និង​បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ពឹង​ពាក់​លើ​ជំនួយ​បរទេស​នៅ​ឡើយ៕