រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី លើកឡើងថា រដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដាក់នាំរបស់បងប្រុសលោក គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំបើកឱកាសឲ្យពលរដ្ឋបានចូលបម្រើការងាររដ្ឋ ដោយផ្អែកលើសមត្ថភាពជាចម្បង។
ការទទួលបានឱកាសស្មើគ្នានេះត្រូវបានបញ្ជាក់តាមរយៈការជ្រើសរើសមន្ត្រីឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បន្ថែមលើការជ្រើសរើសមន្ត្រីកសិកម្មឃុំ។
នៅក្នុងសន្និសីទព័ត៌មានមួយស្តីពីការជ្រើសរើសមន្ត្រីឯកទេសអប់រំកាយ និងកីឡាចំនួន ១០០ នាក់ ឲ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា លោក ហ៊ុន ម៉ានី ថ្លែងថា មន្ត្រីទាំងនោះនឹងត្រូវជ្រើសរើសដោយផ្អែកលើចំណេះ និងជំនាញ ហើយត្រូវឆ្លងកាត់ការប្រឡងមួយដែលមានយុត្តិធម៌។ លោកបន្ថែមថា ពួកគេនឹងត្រូវបញ្ជូនឲ្យទៅបំពេញតួនាទីនៅអនុវិទ្យាល័យ និងវិទ្យាល័យនៅតាមខេត្តចំនួន ២១។
លោក ហ៊ុន ម៉ានី លើកឡើងថា៖ «នេះគឺជាអ្វីដែលសម្តេចមហាបវរធិបតី គឺបានផ្តល់ និងការណែនាំជាប្រចាំមកដល់ក្រសួងមុខងារសាធារណៈ។ ធំជាងគេបង្អស់ កែទម្រង់រដ្ឋបាលសាធារណៈជារឿងមួយ។ ក៏ប៉ុន្តែការបង្កើតឱកាសជាបន្តបន្ទាប់ ដើម្បីឲ្យទាំងអស់គ្នាមានឱកាសស្មើៗគ្នាចូលរួមប្រកួតប្រជែងពីដំណាក់កាលមួយ ហើយបើដំណាក់កាលទី ១ នេះមិនជោគជ័យ គិតគូរទៅលើអាដំណាក់កាលបន្តបន្ទាប់ថែមទៀត។ ហើយក្រសួងមុខងារសាធារណៈនឹងខំប្រឹងប្រែងផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ទៅលើឱកាសក្នុងការចូលរួមប្រកួតប្រជែង បម្រើការងារ ចូលក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល។ អ៊ីចឹង សុំឲ្យជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល»។
រដ្ឋាភិបាលទើបតែបានបញ្ចប់ការជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ ដែលការជ្រើសរើសនោះធ្វើឡើងដោយឈរលើគោលការណ៍សមត្ថភាព និងគ្មានបក្ខពួកនិយម។
កាលពីថ្ងៃសុក្រ លោក ហ៊ុន ម៉ានី អតីតតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងធ្វើជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានជាង ៥ ខែ ប្រាប់អ្នកកាសែតទៀតថា ការប្រឡងចូលធ្វើការក្នុងក្របខណ្ឌរដ្ឋរបស់មន្ត្រីអប់រំ កាយ និងកីឡានេះ នឹងត្រូវរៀបចំឡើងប្រកបដោយតម្លាភាព ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ហើយមន្ត្រីដែលជ្រើសរើសបាននោះត្រូវតែទៅបំពេញការងារនៅទីកន្លែងខ្លួនបានជ្រើសរើស។
លោកថ្លែងថា៖ «ចំណុចមួយដែលយើងគិតគូរដែរ ដោយដោះស្រាយទៅលើអ្វីដែលកន្លងមក យើងធ្លាប់ឮ សាធារណៈបាននិយាយព្រមៗគ្នានោះថា កន្លែងខ្លះលើសគ្រូ កន្លែងខ្លះខ្វះគ្រូ។ អ៊ីចឹងផ្អែកទៅលើមូលដ្ឋាននេះ មិនថា ជ្រើសរើសមន្ត្រីកសិកម្មថ្ងៃមុន ២៥០ នាក់ ឬក៏ការជ្រើសរើសមន្ត្រីអប់រំផ្អែកទៅលើឯកទេស អប់រំកាយ និងកីឡានេះ គឺមានការវិភាគជាក់លាក់។ ដូចឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងហើយសាលានីមួយៗតែម្តងត្រូវប្រាប់ថា ខ្វះគ្រូកីឡាដែរ ឬទេ? អ៊ីចឹងផ្អែកទៅលើមូលដ្ឋានហ្នឹង ១០០ នាក់ ដែលនឹងបានជាប់ ក្រោយពីការអប់រំ២ឆ្នាំ ហើយ ៤ ឆ្នាំ គឺគាត់ត្រូវទៅបម្រើនៅសាលានោះតែម្តងដែលមានកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ»។
នៅក្នុងដំណើរការជ្រើសរើសមន្ត្រីអប់រំកាយ និងកីឡានេះ បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសាកីឡាចំនួនបីរួមមាន ការចោលដុំដែក ការលោតចម្ងាយបុរស នារី និងការរត់ល្បឿន។ ពួកគេក៏ត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាវប្បធម៌ទូទៅ ជីវវិទ្យា និងភាសាអង់គ្លេសផងដែរ។
យ៉ាងណាក៏ដោយ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ថា ការជ្រើសរើសមន្ត្រីឯកទេសអប់រំកាយ និងកីឡានេះមិនគួរត្រូវធ្វើនៅពេលនេះទេ ដោយសារតែមុខវិជ្ជាអប់រំកាយ និងកីឡាមិនតម្រូវឲ្យមានការប្រឡងនៅឡើយ។ អ្វីដែលអ្នកស្រីចង់បាននោះ គឺការរើសគ្រូឲ្យមកបង្រៀនមុខវិជ្ជាដែលជាតម្រូវការចំាបាច់សម្រាប់សិស្ស។
អ្នកស្រីថ្លែងថា៖ «បង្រៀនបានក៏ដោយ មិនគួរណាយកមុខវិជ្ជាគាត់ដែលជាជំនាញអប់រំកាយ និងកីឡានោះទៅបង្រៀនមុខវិជ្ជាផ្សេងៗទៀត ដូចជាភាសាអង់គ្លេស យកទៅបង្រៀនប្រវត្តិ ភូមិអី ខ្ញុំឃើញវាខុសបច្ចេកទេសបាត់ទៅហើយ។ ហើយសួរថា ថាតើវិស័យអប់រំហ្នឹងធ្លាក់ចុះ ឬក៏ឡើង បើយកមុខវិជ្ជាខុសបច្ចេកទេសខ្លួនឯងទៅបង្រៀនហ្នឹង។ អ៊ីចឹងធ្វើឲ្យបញ្ហាអប់រំហ្នឹងធ្លាក់ចុះកាន់តែខ្លាំងហើយ»។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក ណាត ប៊ុនរឿន ថ្លែងក្នុងសន្និសីទព័ត៌មាន កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនថា គ្រូកីឡាអាចបង្រៀនបានតែមុខវិជ្ជាកីឡាប៉ុណ្ណោះ ពោលគឺមិនអាចទៅបង្រៀនមុខវិជ្ជាផ្សេងបានទេ។
លោកបន្ថែមថា សាលានីមួយៗត្រូវបញ្ជាក់ឲ្យច្បាស់់អំពីកង្វះគ្រូកីឡា ហើយបើមានការស្នើសុំគ្រូកីឡាខុសពីស្ថានភាពជាក់ស្តែងនោះ នាយកសាលាត្រូវទទួលខុសត្រូវនៅចំពោះមុខមន្ទីរមុខងារសាធារណៈ និងអប់រំខេត្ត។
លោកថ្លែងថា៖ «បើកាលណាតែលើស នាយកសាលាត្រូវទទួលខុសត្រូវចំពោះមុខតួអង្គពីរនៅខេត្ត គឺមន្ទីរមុខងារសាធារណៈខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ អត់មានខ្វះគ្រូផង! ហើយខ្វះគ្រូគណិតសោះ មកសុំគ្រូកីឡាយកទៅ។ គ្រូកីឡាឲ្យទៅបង្រៀនគណិតម៉េចកើត? អត់បានទេ! មិនឃើញទេ គ្រូកីឡាប្រឡងអស់ហើយ វប្បធម៌ទូទៅ ជីវៈ ហើយនឹងអង់គ្លេស។ ហើយយកគ្រូកីឡាទៅបង្រៀនគណិតម៉េច? ច្បាស់លាស់ណាស់ បាទ»។
លោកបន្ថែមថា៖ «អ៊ីចឹងការពង្រាយគ្រូកីឡាបែបម៉េច គឺអាស្រ័យលើតម្រូវការ។ លើកនេះ គឺប្រាកដប្រជាណាស់ អត់មានចោទថា ក្រសួងចេះទម្លាក់ទៅ ទម្លាក់ទៅ។ ទោះបីថា ក្រសួងមុខងារសាធារណៈ លោកចាត់ចែងក៏ដោយ ក៏កិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងអប់រំ យុវជន និងកីឡា ហើយក៏បានព័ត៌មានពីខាងក្រោមមក។ ហើយអ្នកខាងក្រោមនោះគឺមន្ទីរមុខងារសាធារណៈ និងមន្ទីរអប់រំ យុវជន និងកីឡាត្រូវតែពិនិត្យពិច័យ អត់មានយកទៅលើសទេ»។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា នៅក្នុងអាណត្តិទី ៧ នេះ រដ្ឋាភិបាលនឹងបន្តធ្វើការកែម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាថា មន្ត្រីដែលត្រូវបានជ្រើសរើសគឺត្រូវមានជំនាញ និងសមត្ថភាពច្បាស់លាស់ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅចំគោលដៅនៃស្ថាប័នរដ្ឋដែលប្រឈមការខ្វះខាតធនធានមនុស្ស ដូចការជ្រើសរើសមន្ត្រីអប់រំកាយ និងកីឡានេះ។
លោកបន្ថែមថា បើសិនជាបេក្ខជនប្រឡងធ្លាក់ក្នុងការចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋណាមួយនោះ ពួកគេមិនត្រូវអស់សង្ឃឹមនោះទេ ពោលគឺពួកគេត្រូវពង្រឹងសមត្ថភាពសម្រាប់ឱកាសផ្សេងៗទៀត៕