ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទនេះ បានលើកឡើងថា វិវាទការងាររវាងនិយោជកនិងកម្មករនិយោជិតនៅកម្ពុជាមានការថយចុះនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែប្រធានសហជីពយល់ថា ការធ្លាក់ចុះនៃចំនួនវិវាទការងារនេះមិនឆ្លុះបញ្ចាំងពីចំនួនជម្លោះជាក់ស្តែងនោះទេ។
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា អ្នកស្រីឈីវ ភិរម្យ ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានឲ្យដឹងថា តួលេខវិវាទការងាររវាងនិយោជក និងកម្មករនិយោជិតដែលក្រុមការងារអ្នកស្រីទទួលបាន មានការថយចុះ ក្រោយច្បាប់សហជីពចូលជាធរមាន។
អ្នកស្រីបន្តថា នាពេលចុងក្រោយនេះ ភាគីជម្លោះបានព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី និងស្របច្បាប់ មុនពេលពួកគេស្វែងរកដំណោះស្រាយដោយការធ្វើកូដកម្ម។
«យើងមានដំណើរការមួយដោះស្រាយវិវាទ ដែលមានលក្ខណៈតម្លាភាព ដោយហេតុថា ភាគីនានាមានសិទ្ធិជ្រើសរើសការយកសេចក្តីបង្គាប់របស់គាត់ជាប់កាតព្វកិច្ច ឬមិនជាប់កាតព្វកិច្ច។ ទាល់តែដំណោះស្រាយវិវាទសន្តិវិធីត្រូវបានបញ្ចប់ទាំងអស់ ទើបភាគីទាំងសងខាងគាត់មានសិទ្ធិជ្រើសរើសថា ខ្ញុំធ្វើកូដកម្ម អីចឹងមានការជូនដំណឹងត្រឹមត្រូវអីទៅ នោះកូដកម្មគាត់នឹងស្របច្បាប់»។
អ្នកស្រីឈីវ ភិរម្យឲ្យដឹងថា វិវាទការងារដែលក្រុមការងារអ្នកស្រីទទួលបានមានចំនួន៣៦៥សំណុំរឿងនៅឆ្នាំ២០១៥ ថយចុះមកនៅត្រឹម៣៣០សំណុំរឿងនាឆ្នាំ២១០៦។ ទំនាស់ផ្នែកច្បាប់ និងផលប្រយោជន៍រួមមានប្រាក់ឈ្នួល និងប្រាក់បន្ថែមផ្សេងៗគឺជា មូលហេតុ២សំខាន់នៃជម្លោះទាំងនោះ។
ដោយធ្វើការប្រៀបធៀបពីការស្វែងរកដំណោះស្រាយវិវាទការងារកាលពីមុន និងបច្ចុប្បន្ន អ្នកស្រីឈីវ ភិរម្យថ្លែងយ៉ាងដូច្នេះ៖
«កន្លងមក កាលពីជាង១០ឆ្នាំមុន អ្វីដែលយើងបានឃើញគឺថា មានការធ្វើកូដកម្មដោយមិនមានការជូនដំណឹងមុន ឧទាហរណ៍។ អីចឹង ពេលគាត់មិនពេញចិត្តអ្វីមួយ គាត់នាំគ្នាដុតកង់ឡាន។ ប៉ុន្តែក្រោយមក បរិបទបានផ្លាស់ប្តូរ ហើយពួកគាត់មានសកម្មភាពមួយផ្សេង ដែលភាគច្រើនជាសកម្មភាពស្របច្បាប់ បានន័យថា មុននឹងធ្វើកូដកម្មគឺគាត់តែងតែរកដំណោះស្រាយតាមផ្លូវច្បាប់អស់សិន»។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលរំពឹងថា ខ្លួននឹងអាចធ្វើស្វ័យតភាពហិរញ្ញវត្ថុ និងពង្រីកក្រុមការងាររបស់ខ្លួនទៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យក្រុមប្រឹក្សានេះអាចដោះស្រាយវិវាទការងារជូននិយោជក និងកម្មករនិយោជិតកាន់តែមានប្រសិទ្ធភាព និងបានឆាប់រហ័ស។
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃចន្ទ លោកម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការថយចុះនៃវិវាទការងារបានជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរឡើង។
«យើងមានស្ថាប័នមួយដែលដោះស្រាយវិវាទ។ អីចឹងធ្វើឲ្យភាគរយនៃវិវាទរួមតូច។ ហើយការដោះស្រាយហ្នឹងគឺទទួលបាននូវភាពសុក្រឹត្យ យុត្តិធម៌មួយ មានការជឿជាក់រវាងភាគីពាក់ព័ន្ធ បានន័យថា និយោជកនិងសហជីពទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ធ្វើឲ្យដំណើរការនៃវាយនភណ្ឌទាំងអស់មានការកើនឡើង។ កាលណាវិវាទថយចុះ ផលិតភាពកើនឡើង ធ្វើឲ្យសេដ្ឋកិច្ចកើនឡើង»។
លោកម៉ម វណ្ណៈបន្ថែមថា កង្វះការយល់ដឹងរបស់ភាគីនិយោជក និងកម្មករនិយោជិតអំពីច្បាប់ការងារ និងច្បាប់សហជីព នៅតែជាបញ្ហាប្រឈមនៅក្នុងការដោះស្រាយវិវាទការងារ។
យ៉ាងណាក៏ដោយ លោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា អះអាងថា ការថយចុះនៃករណីវិវាទការងារដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបាននោះ មិនឆ្លុះបញ្ចាំងពីចំនួនពិតនៃជម្លោះការងាររវាងនិយោជក និងកម្មករនិយោជិតនោះទេ។
លោកថា នេះក៏ដោយសារការបញ្ចូនវិវាទទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានរឹតត្បិតដោយច្បាប់សហជីព។
«ប៉ុន្តែមិនមែនមានន័យថា កាត់បន្ថយហ្នឹង អត់មានរឿងទេ គឺរឿងកាន់តែច្រើនជាងមុន។ តែដោយសារតែភាគីសហជីពហាក់បីដូចជាពិបាកនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ខណៈដែលយើងមើលឃើញថា ច្បាប់ស្តីពីសហជីពហាក់បីដូចជាបិទសិទ្ធិទាំងសហជីព និងកម្មករក្នុងការស្វែងរកតំណាងរបស់ខ្លួន»។
ច្បាប់ស្តីពីសហជីព ដែលមាន១៧ជំពូក និង១០០មាត្រានេះត្រូវបានរដ្ឋសភាជាតិអនុម័ត ដោយគ្មានការកែប្រែតាំងពីខែមេសាឆ្នាំ២០១៦កន្លងទៅ បើទោះជាមានការតវ៉ាពីសំណាក់កម្មករ និងសហជីពធំៗមួយចំនួនយ៉ាងណាក៏ដោយ។ ច្បាប់សហជីពនេះរងការរិះគន់ពីក្រុមសហជីព និងមន្ត្រីសង្គមស៊ីវិលថា មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព និងភាគីកម្មករ និយោជិត។
ប្រជាពលរដ្ឋជាង៧០ម៉ឺននាក់ទទួលបានការងារពីវិស័យវាយនភណ្ឌនៅកម្ពុជា ហើយវិស័យនេះបានផ្តល់ថវិកាស្មើនឹង៥%នៃផលិតផលជាតិសរុប៕