កម្មករ​រាប់​លាន​នាក់​នៅ​ឥណ្ឌា​តវ៉ា​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ក្នុង​វិស័យ​ការងារ

  • Anjana Pasricha

លោក​ Ranil Wickremesinghe នាយក​រដ្ឋ​មន្រ្តី​ស្រីលង្កា​ (រូប​ឆ្វេង) និង​លោក Narendra Modi នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ថត​រូប​នៅ​ក្នុង​កិច្ចប្រជុំ​របស់​លោក​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។

កម្មករ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​កូដកម្ម​រយៈពេល​មួយ​ថ្ងៃ​ នៅ​ទូទាំង​ប្រទេស​ កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​ ដើម្បី​ប្រឆាំងផែនការ​រដ្ឋាភិបាល​ដើម្បី​ធ្វើការ​កែទម្រង់​ច្បាប់​ការងារ​ ដែល​អ្នក​តវ៉ា​និយាយ​ថា​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ការងារ​ និង​ធ្វើ​ឲ្យ​មនុស្ស​សាមញ្ញ​ទូទៅ​ទទួល​រង​ទុក្ខ។ ​ការ​តវ៉ា​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ឧបសគ្គ​ដែល​រដ្ឋាភិបាល​កំពុង​ជួប​ប្រទះ​ ទាក់​ទង​នឹង​ការ​អនុវត្ត​កំណែ​ទម្រង់​សេដ្ឋកិច្ច។

កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​ កម្មករ​ប្រហែល​១៥០​លាន​នាក់​បាន​ផ្អាក​ការងារ​តាម​រោងចក្រ​ឧស្សាហកម្ម​ កន្លែង​បូម​រ៉ែ និង​ធ្យូង​ និង​ធនាគារ​រដ្ឋ​មួយ​ចំនួន​ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដកផែនការ​អនុវត្ត​ច្បាប់​ការងារ​តឹងរ៉ឹង​ជាង​មុន​ និង​លុប​ចោល​កម្មវិធី​លក់​ភាគ​ហ៊ុន​ឧស្សាហកម្ម​មួយ​ចំនួន​ដែល​ជា​របស់​រដ្ឋ។

ដោយ​មាន​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ និង​ឆៃកែវ​ចូលរួម​ក្នុង​បាតុកម្ម​នោះ​ ការ​ដឹក​ជញ្ជូន​ក៏​ត្រូវ​ផ្អាក​នៅ​តាម​ទីក្រុង​ធំៗ​ដូចជា​ញូវដេលី (New Delhi) និង Mumbai។ សាលា​ និង​មហា​វិទ្យាល័យ​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ក៏​ត្រូវ​បិទ​ដែរ។

ការ​ប៉ះ​ទង្គិច​ខ្លះៗ​រវាង​ប៉ូលិស​ និង​សកម្មជន​បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង Kolkata។

ការ​តវ៉ា​នេះ​ដឹកនាំ​ដោយ​សហជីព​ពាណិជ្ជកម្ម​ធំៗ​ចំនួន​១០​ ដែល​និយាយ​ថា​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែប្រែ​ច្បាប់​ការងារ​ នឹង​ប៉ះពាល់​ដល់​សុខុមាលភាព​កម្មករ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ និង​សុវត្ថិភាព​ការងារ​ថយចុះ។

Sanjeeva Reddy ​ប្រធាន​សភា​សហជីព​ពាណិជ្ជកម្ម​របស់ឥណ្ឌា​ បាន​ប្រាប់​ VOA ថា​ពួកគេ​កំពុង​តវ៉ា​នឹង​អ្វី​ដែល​លោក​ហៅ​ថា​គោលនយោបាយ​គាំទ្រ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល។​

Sanjeeva Reddy បាន​បន្ត​ថា៖ «គ្មាន​ការ​ពិគ្រោះ​យោបល់​ ឬ​ពិភាក្សា​អ្វី​សោះ​ ពួកគេ​ចង់​តាក់តែង​ច្បាប់​ថ្មី​ប្រឆាំង​នឹង​ពលករ​ និង​ប្រឆាំង​នឹង​សហភាព​ពាណិជ្ជកម្ម​ ដែល​ជា​ការ​គាំទ្រ​ពួក​និយោជក​ និង​ពួក​មូលធន​តែ​ម្ខាង»។

លោក​ Narendra Modi នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​បាន​បើក​យុទ្ធនាការ​ដ៏​ធំ​មួយ ដើម្បីកែ​ទម្រង់​ច្បាប់​អាជីវកម្ម​ ឲ្យ​ទាក់ទាញ​វិនិយោគ​បរទេស​ និង​ប្រែ​ក្លាយ​ប្រទេស​ឥណ្ឌា​ឲ្យ​ទៅ​ជា​មណ្ឌល​ផលិតកម្ម​មួយ។

​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ទាក់​ទង​នឹង​វិស័យ​ការងារ​ត្រូវ​បាន​តាក់តែង​ឡើង ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​ជូន​រដ្ឋ​សភា​ពិនិត្យ​នៅ​ឡើយ​ទេ។​

ការ​ពិភាក្សា​ជាមួយ​សហជីព​ពាណិជ្ជកម្ម​បាន​ពន្យារពេល​លើ​បញ្ហា​ដូចជា ​ការ​លុប​ចោល​ ការ​បិទ​រោងចក្រ​ ការ​បង្កើត​សហជីព​ និង​ការ​តម្លើង​ប្រាក់ខែ​ជា​អប្បបរមា២៥០​ដុល្លារ​ក្នុង​មួយ​ខែ។​ មាត្រា​ដែល​មាន​វិវាទ​បំផុត​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​កម្មករ​តិច​ជាង​៣០០​នាក់​អាច​បញ្ឈប់​កម្មករ​ទាំង​នោះ​បានដោយ​មិន​ចាំបាច់​មាន​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋាភិបាល។ ចំនួន​កម្រិត​បច្ចុប្បន្ន​គឺ​១០០​នាក់។​

​ការ​ប្រឆាំង​តវ៉ា​នេះ​ បង្ហាញ​ថា​ការ​នាំ​យកសហជីព​ពាណិជ្ជកម្ម​ និង​បក្ស​ប្រឆាំង​ឲ្យ​ចូលរួម​ផ្លាស់​ប្តូរ​ច្បាប់​ការងារ​នឹង​មាន​ការលំបាក​ខ្លាំងណាស់។​

ក្រុម​អ្នក​ប្រឆាំង​បាន​ពន្យារពេល​កំណែ​ទម្រង់​ពន្ធ​សំខាន់ៗ និង​កំណែ​ទម្រង់​ដីធ្លី​នៅ​សភា​ជាន់​ខ្ពស់​រួច​ទៅ​ហើយ។ នៅ​សភា​ជាន់​ខ្ពស់​ រដ្ឋាភិបាល​មិន​សូវ​មាន​សំឡេង​ច្រើន​នោះ​ទេ។

លោក Satish Misra ដែល​មប្រើការ​ឲ្យ​មូលនិធិ​ស្រាវជ្រាវ​អ្នក​សង្កេតការណ៍​និយាយ​ថា​ រដ្ឋាភិបាល​ប្រឈម​នឹង​ភារកិច្ច​ដ៏​លំបាក​មួយ។

លោក Satish Misra លើក​ឡើង​ថា ​«បញ្ហា​គឺ​ច្បាប់​កំណែ​ទម្រង់​ការងារ​ត្រូវ​ការ​ការ​យល់ព្រម​ច្រើន​ជាង​នេះ​ទៀត​ ហើយ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាពអ្នក​ដែល​និន្នាការ​ផ្សេង​ឲ្យ​ចូល​រួម​ជាមួយ​ពួកគេ​នោះ​ទេ»។

ធនាគារ​ពិភពលោក​និយាយ​ថា​ ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​មាន​ទីផ្សារ​ការងារ​ដ៏​តឹងតែង​បំផុត​មួយ។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ការ​ផលិត​ដែល​មាន​ចំណែក​១៦​ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​ទាំងអស់​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា