អ្នកស្រី Tiana Caldwell នៃក្រុងKansas City រដ្ឋMissouri ជាមនុស្សម្នាក់ក្នុងបណ្តាប្រជារាស្ត្រអាមេរិកាំងជិត៤០លាននាក់ដែលមានគ្រោះថ្នាក់ក្នុងការបណ្តេញចេញពីផ្ទះសំបែងនៅដំណាច់ឆ្នាំនេះដែលជាលទ្ធផលដោយផ្ទាល់នៃការចុះថយសេដ្ឋកិច្ចនិងការបាត់បង់ការងារច្រើនបណ្តាលមកពីការរាតត្បាតនៃវីរុសកូរ៉ូណា នេះបើតាមក្រុមមួយដែលជួយដោះស្រាយបញ្ហាផ្ទះសម្បែងជាតិ។
អ្នកស្រី Tiana Caldwell បានបាត់បង់ការងារហើយបានព្យបាលជំងឺមហារីកស្បូននៅពេលអ្នកស្រីនិងគ្រួសារបានត្រូវបណ្តេញចេញពីផ្ទះកាលពីឆ្នាំ២០១៩។
អ្នកស្រីបាននិយាយប្រាប់វីអូអេតាមប្រព័ន្ធ Zoom ថា«យើងមានស្ថានភាពល្អវិញហើយបន្ទាប់មកខ្ញុំមានជំងឺមហាររីកទៀត។ខ្ញុំបានទទួលការព្យបាលសកម្មនៅពេលយើងត្រូវបណ្តេញចេញពីផ្ទះ ហើយនេះជាការជួបប្រទះដ៏អាក្រក់មួយ»។
នៅពេលនេះដោយគ្មានការងារធ្វើហើយសឹងតែមិនអាចបង់ឈ្នួលផ្ទះបាន អ្នកស្រី Tiana Caldwell រៀបចំការតវ៉ាជាមួយ KC Tenants ដែលជាក្រុមមួយជំរុញឱ្យមានផ្ទះដែលអ្នកស្រុកអាចបង់ប្រាក់បាននៅក្នុងក្រុង Kansas City រដ្ឋ Missouri។
ប្រឈមនឹងការបណ្តេញចេញពីផ្ទះ
អង្គការក្រុមចម្រុះជាតិខាងការជួយឱ្យពួកជនមានប្រាក់ចំណូលទាប មានផ្ទះសម្បែងរស់នៅហៅ National Low Income Kousing Coalition ដែលកាលពីពេលដើមខែសីហាបានប្រកាសថាប្រជារាស្ត្រអាមេរិកាំង៣០-៤០ លាននាក់ប្រឈមនឹងការបណ្តេញចេញពីផ្ទះសំបែងក្នុងពេលប៉ុន្មានខែខាងមុខនេះ ជាក្រុមមួយដែលផ្តោតការយកចិត្តទុដាក់លើគោលនយោបាយឱ្យមានផ្ទះសម្រាប់ពួកជនមានប្រាក់ចំណូលទាបនិងនិន្នាការហើយធ្វើវិភាគទិន្នន័យដើម្បីធ្វើការទស្សន៍ទាយអំពីសេចក្តីត្រូវការឱ្យមានផ្ទះសម្រាប់ក្រុមមនុស្ស មានប្រាក់ចំណូលទាបនៅទូទាំងសហរដ្ឋអាមេរិក។
ដូចជាតំបន់ភាគច្រើនក្នុងប្រទេសអាមេរិកដែរ រដ្ឋ Missouri បានជួបប្រទះវិបត្តិគ្មានផ្ទះសំបែងដែលអ្នកស្រុកអាចមានប្រាក់ទិញឬជួលបាននៅពេលមានការរាតត្បាតជាសាកល
នៃជំងឺកូវីដ១៩។
អ្នកស្រី Tara Raghuvee នាយិកានៃអង្គការ KC Tenants បាននិយាយប្រាប់វីអូអេតាមZoom ថានៅពេលនេះ ពួកអ្នកជួលផ្ទះជិត៥០%នៅក្នុងរដ្ឋនេះកំពុងប្រឈមនឹងការបណ្តេញចេញពីផ្ទះពីព្រោះពួកគេមិនអាចបង់ឈ្នួលផ្ទះបាន។ អ្នកស្រី Tara Raghuvee បាននិយាយថា«មានក្រុមអ្នកជួលផ្ទះរាប់ម៉ឺននាក់នៅក្នុងរដ្ឋ Missouri ដែលបានបង់ប្រាក់ជាង៥០%នៃប្រាក់ចំណូលពួកគេសម្រាប់ឈ្នួលផ្ទះនៅមុនការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ហើយនៅពេលនេះ មនុស្សរាប់សែននាក់ទឿតគ្មានការងារធ្វើឬមិនមានការងារធ្វើក្នុងរយៈពេលខ្លះនៃការរាតត្បាតជំងឺនេះហើយបំណុលបានកើនច្រើនសម្រាប់គ្រួសារក្រីក្រនិងពួកមនុស្សមានប្រាក់ចំណូលទាបជាការមិនអាចចពុះពារបានទេ»។
ជំនួយសហព័ន្ធ
ប្រជារាស្ត្រអាមេរិកាំងច្រើននាក់បានទទួលជំនួយហិរញ្ញវត្ថុតាមរយៈកម្មវិធីផ្តល់ជំនួយគ្រាគ្មានការងារធ្វើរបស់រដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ។ក៏ប៉ុន្តែជំនួយបន្ថែមរបស់សហព័ន្ធ៦០០ដុល្លារក្នុងមួយអាទិត្យបានផុតកំណត់កាលពីចុងខែកក្កដាដែលជាការនាំឱ្យប្រជារាស្ត្ររាប់លាននាក់ឋិតក្នុងស្ថានភាពមានគ្រោះថ្នាក់ដោយមិនអាចបង់ឈ្នួលផ្ទះបាន។
អ្នកស្រី Raghuvee បានថ្លែងថា«ដូច្នេះប្រជារាស្ត្រមានវិបត្តិធ្ងន់ធ្ងរថែមទៀតដែលមិនធ្លាប់ឃើញពីមុន»។
ក្រុមអ្នកការពារសិទ្ធិខាងមានផ្ទះសម្បែងអំពាវនាវឱ្យមានការបន្ធូរបន្ថយឈ្នួលផ្ទះនិងការបន្តបម្រាមបណ្តោះអាសន្នមិនឱ្យបណ្តេញមនុស្សចេញពីផ្ទះជួលដែលជាបញ្ហាមួយបានត្រូវដោះស្រាយកាលពីពេលថ្មីៗនេះដោយលោកប្រធានាធិបតី Donald Trump។
លោកប្រធានាធិបតី DonaldTrump បានប្រកាសនៅក្នុងសន្និសិតកាសែតមួយពីក្លិបកីឡាgolf ឯកជនរបស់លោកក្នុងក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃ៨សីហាថា«ខ្ញុំចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយបញ្ជាឱ្យក្រសួងផ្ទះសំបែងនិងការអភិវឌ្ឍន៍ទីក្រុងសេវាសុខភាពនិងកិច្ចការមនុស្សហៅ HHSនិងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកខាងការគ្រប់គ្រងជំងឺហៅ CDC ធ្វើឱ្យប្រាកដប្រជាថាពួកអ្នកជួលផ្ទះនិងពួកម្ចាស់ផ្ទះអាចរស់នៅក្នុងផ្ទះតទៅទៀត»។
ក៏ប៉ុន្តែមេធាវី អ្នកស្រី Gina Chialaប្រធាននៃមជ្ឈមណ្ឌលការងារនិងសេរីភាពនៃតំបន់ Heartland ដែលផ្តល់ការណែនាំខាងច្បាប់អំពីបញ្ហាផ្ទះសំបែងដល់ក្រុមអ្នកធ្វើការមានប្រាក់បៀវត្សរ៍ទាបនៅក្នុងក្រុង Kansas City រដ្ឋ Missouru និយាយថាគ្មានបម្រាមបណ្តោះអាសន្នមិនឱ្យបណ្តេញមនុស្សចេញពីផ្ទះជូលទេនៅក្នុងបទបញ្ជានេះ។
អ្នកស្រី Gina Chiala នីងពួកអ្នកជំរុញឱ្យមានផ្ទះសម្រាប់ប្រជារាស្ត្រទិញនិងជួលបានអំពាវនាវដល់រដ្ឋាភិបាលសហព័ន្ធឱ្យអនុវត្តការផ្តើមគំនិតគោលនយោបាយរយៈពេលយូរដើម្បីដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍ទាបនិងការធ្វើឱ្យមានផ្ទះសម្រាប់ឱ្យប្រជារាស្ត្រទិញនិងជួលបាន។
នៅពេលជាមួយគ្នានេះពួកគេក៏បានលើកទឹកចិត្តពួកម្ចាស់ផ្ទះឱ្យធ្វើការជាមួយអ្នកជួលឈ្នះហើយធ្វើការចរចាគ្នានៅពេលណាអាចធ្វើបាន។
ក៏ប៉ុន្តែដោយ៤០%នៃផ្ទះអាផាតមិនជួលមានម្ចាស់ជាម្ចាស់ផ្ទះតូចតាចហើយជាច្រើននាក់មិនអាចទប់ទល់នឹងការខាតបង់ប្រាក់ឈ្នួលទេ៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ