ពលរដ្ឋអាមេរិកាំងកំពុងប្រារព្ធបុណ្យឯករាជ្យ ដែលជាថ្ងៃឈប់សម្រាកសហព័ន្ធដែលកត់សម្គាល់ជាថ្ងៃឯករាជ្យរបស់សហរដ្ឋអាមេរិកចេញពីចក្រភពអង់គ្លេស។នៅពេលដែលពលរដ្ឋអាមេរិកាំងរាប់លាននាក់ប្រារព្ធថ្ងៃកំណើតលើកទី២៤១របស់ប្រទេសអាមេរិកដោយមានការបាញ់កាំជ្រួច ការដង្ហែក្បួន អាំងសាច់នៅខាងក្រៅ ហើយនិងសកម្មភាពផ្សេងទៀត ទីភ្នាក់ងារពង្រឹងច្បាប់កំពុងចាត់វិធាន ការតាមរបៀបថ្មីនិងប្រពៃណីដើម្បីធ្វើឲ្យពួកអ្នកចូលរួមពិធីបុណ្យនោះមានសុវត្ថិភាព។
នៅទីក្រុង Boston ភាគឦសាន្តនៃរដ្ឋ Massachusetts ដែលនៅទីនោះសង្គ្រាម បដិវត្តន៍អាមេរិកបានចាប់ផ្តើម ប៉ូលិសដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក Drone ជាលើកទីមួយដើម្បីពិនិត្យមនុស្ស៥សែននាក់ដែត្រូវគេរំពឹងថានឹងប្រមូលផ្តុំគ្នាដើម្បីមើលការបាញ់កាំជ្រួចនៅក្នុងទីក្រុងនោះ។
ប៉ូលិសក្នុងទីក្រុងញូវយ៉កដាក់រថយន្តធំៗដែលផ្ទុកទៅដោយដីខ្សាច់នៅជិតកន្លែងដែលមានមនុស្សច្រើនក្នុងអំឡុងនៃការបាញ់កាំជ្រួចហើយនិងពិធីផ្សេងទៀត។ ពួកមន្ត្រីនិយាយថា រថយន្តធំៗនោះបានត្រូវដាក់ពង្រាយនៅក្នុងការឆ្លើយតបទៅនឹងការសម្លាប់រង្គាលនៅបុណ្យBastilleកាលពីខែកក្កដាឆ្នាំទៅក្នុងប្រទេសបារាំងនៅពេលមនុស្ស៨៦នាក់បានត្រូវពួកភេរវជនសម្លាប់ដោយការបើករថយន្ត ត្រាក់ចូលក្នុងហ្វូងមនុស្សក្នុងអំឡុងនៃការបាញ់កាំជ្រួចនៅក្នុងទីក្រុង Nice ។
ក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ ពួកអាជ្ញាធរក៏កំពុងប្រុងប្រៀបរៀបចំការវាយប្រហារដែលទាក់ទិននឹងរថយន្តត្រាក់ក្នុងពិធីនៃការដើរក្បួននៅថ្ងៃបុណ្យឯករាជ្យជាតិ ហើយនិងការបាញ់កាំជ្រួចនៅទីលាន National Mall។ ក្រសួងឧទ្យានជាតិ បានដាក់របងនៅជុំវិញទីលាន National Mall ហើយនឹងបង្កើតចំណុចឆែកឆេរខាងសន្តិសុខសម្រាប់មនុស្សដែលចូលក្នុងតំបន់នោះ។
លោកប្រធានាធិបតីត្រាំ ប្រារព្ធថ្ងៃឈប់សម្រាកដោយការអាំងសាច់ជាមួយក្រុមគ្រួសារកងទ័ព បន្ទាប់មកមើលការបាញ់កាំជ្រួចជាមួយក្រុមគ្រួសារលោក និងបុគ្គលិកសេតវិមាន៕